អានតួអត្ថបទ

អ្នក​ជំនាញ៖ ចិនមាន​ប្រជាជន​៨០%ឆ្លង​កូវីដ

នៅស្រុក​ចិន សន្ទុះ​នៃការ​ឆ្ល​ង​រាលដាល​ជំងឺ​កូវីដ សម្រាប់​ពីរបីខែ​ទៅមុខ ទំនង​ជា​មិន​សូវ​ខ្លាំង​ពេក​នោះទេ។ មិន​សូវ​ច្រើន​ខ្លាំង និងមិនគួរឲ្យ​បារម្ភខ្លាំង​ ក៏ព្រោះតែ​ ប្រជាជនចិន ចំនួន​ ជាង​ ៨០% បាន​ឆ្លងជំងឺ​កូវីដរួច​ស្រេច​ទៅហើយ។ នេះ​ជាការ​បញ្ជាក់​របស់​ អ្នក​ជំនាញ​ចិន Wu Zunyou នៃ​មជ្ឈមណ្ឌលជាតិ​ចិន ត្រួតពិនិត្យនិងបង្ការជំងឺឆ្លង។  

ទិដ្ឋភាព​ពលរដ្ឋ​ចិន​ត្រៀម​ធ្វើ​ដំណើរ​ទៅស្រុក​កំណើត សម្រាប់បុណ្យ​ចូលឆ្នាំថ្មីចិន។
ទិដ្ឋភាព​ពលរដ្ឋ​ចិន​ត្រៀម​ធ្វើ​ដំណើរ​ទៅស្រុក​កំណើត សម្រាប់បុណ្យ​ចូលឆ្នាំថ្មីចិន។ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នេះ គឺទំនង​ជា​ដើម្បីឆ្លើយ​តប​ទៅ​ អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ថ្លែង​ក្តីបារម្ភខ្លាំងថា រដូវ​ចូល​ឆ្នាំចិន​ គឺ​នឹងនាំ​ឲ្យ​មេរោគ​ផ្លូវ​ដង្ហើម ស្ទុះ​សន្ទុះ​​ឆ្លង​រីក​រាល​ខ្លាំង​ នៅស្រុក​ចិន។

ចូលឆ្នាំ​ចិន ឆ្នាំ​២០២៣ នេះ គឺ​មហាប្រជាជន​ចិន សប្បាយ​ចិត្ត​នឹង​ដើរ​ហើរ​ ហើយ​អ្នក​ធ្វើការ​នៅទីក្រុង​និង​តំបន់ឆ្ងាញ ក៏ញញឹម​​រីកមុខរីកមាត់​​រីក​ថ្លើមប្រមាត់ដែរ​ ព្រោះតែ​​បានឱកាស​​​ត្រឡប់​ទៅលេង​ស្រុក​កំណើត ​ស្រុក​ដូន​តា​របស់ខ្លួន​វិញ ដើម្បី​នឹង​អបអរ​បុណ្យ​ចូលឆ្នាំថ្មី។ បុណ្យ​ចូលឆ្នាំថ្មី​ ដែល​ ពលរដ្ឋ​ចិន​ទាំងមូល ខកខាន​មិន​បាន​ប្រារព្ធ​ធ្វើ​ អស់​ ៣ ឆ្នាំទៅហើយ។ ពីព្រោះថា តាំងពី​ឆ្នាំ​២០២០មក រដ្ឋ​ចិន​បាន​បិទប្រទេស បិទ​ខ្ទប់​ចរាចរណ៍​ និង​បាន​ពង្រឹង​វិធាន​ការ​តឹង​រឹង គឺ នយោបាយ​កូវីដសូន្យ។ វិធាន​ការ​នេះ គឺទើបតែ​ត្រូវ​ ពលរដ្ឋ​ធ្វើ​បាតុកម្ម​តវ៉ាប្រឆាំង​​ ហើយ​រដ្ឋអំណាច​ចិន​ក៏​សម្រេ​ចលុប​ចោលទៅវិញ នៅកៀក​ចុង​ឆ្នាំ២០២២​។

ទិន្នន័យ​ជា​ផ្លូការ​នៅ​ប្រទេស​ចិន គឺ ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ មានចំនួន​ប្រមាណ​តែ ៦០ ០០០ ប៉ុណ្ណោះ។ នេះ​បើតាម​ព័ត៌មាន​ផ្លូវការ​ ដែល​អាជ្ញាធ​រ​ចិន ស្រង់​នៅតាម​មន្ទីរពេទ្យ​ នា​ចន្លោះ​ថ្ងៃ ទី​៨ ធ្នូ ២០២២ ដល់​ថ្ងៃទី​១២ មករា ២០២៣។ រយៈ​ពេល​ជាង​១ខែ​នេះ គឺ​ស្លាប់មនុស្ស​៦ម៉ឺននាក់ គឺជា​ចំនួន​មួយ ដែល​អ្នក​ជំនាញ​ផ្សេងទៀត​ក្រៅពី​ចិន នៅ​មិនទាន់​ជឿ​​ទុកចិត្ត ហើយ​និងគិត​ថា ចំនួន​មនុស្ស​​ស្លាប់នៅចិន​​ព្រោះតែ​ជំងឺ​កូវីដ ​ច្បាស់​ជា​ច្រើន​ជាងទិន្នន័យ​នេះ​ឆ្ងាយ​ណាស់។ ម្យ៉ាងទៀត ក៏ព្រោះតែ រដ្ឋអំណាច​ចិន ​​មិន​បាន​ស្រង់​ទិន្នន័យ​អ្នក​ស្លាប់​នៅ​តាម​ផ្ទះ​ផងទេ។​

នៅ​ទីក្រុង​វូហាន ជាទី​ដែល​គេ​ជឿថា​​ផ្ទុះ​ជំងឺ​កូវីដ​១៩​ដំបូង​គេ បាន​បើក​ចរាចរណ៍ និងលក់ដូរ​ឡើងវិញ។ អ្ន​កលក់​ផ្កា​ស្រស់​ម្នាក់ ឈ្មោះអ្នកស្រី​ Zhu ប្រាប់​អ្នក​កាសែតនៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ថា ការ​បើក​ប្រទេស​វិញឲ្យ​ធ្វើ​ដំណើរ និងឲ្យទៅ​ចូល​ឆ្នាំនៅស្រុក​កំណើត គឺ​ល្អណាស់។ គាត់​ក៏អាច​លក់ផ្កា​​​ដាច់​ច្រើន​ដែរ។ អ្នកស្រី​លក់ផ្កា​រូបនេះ បន្តទៀតថា នៅពេល​ដែល​មនុស្ស​ឆ្លង​កូវីដ​ស្ទើរ​គ្រប់គ្នាទៅហើយ គេ​ច្បាស់ជា​នឹង​អាចធ្វើ​​បុណ្យចូលឆ្នាំថ្មី​ដោយ​សប្បាយ​ ហើយ លែងខ្លាច​​ឆ្លងជំងឺ​​ទៀត​។ ឆ្នាំនេះ អ្នក​ស្រី ហ្ស៊ូ លក់ផ្កា​ដាច់ៗអស់ ព្រោះអ្នក​ទិញ​ផ្កា ទិញ​ច្រើន​ ដើម្បី​​យក​ទៅ​តែងលំអ​​ទទួល​ឆ្នាំថ្មីផង និង​យក​ទៅ​បុណ្យ​ខ្មោច​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ