អានតួអត្ថបទ

កូរ៉េខាងត្បូង រងការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា​លើគេហទំព័រជាច្រើន​របស់​ស្ថាប័នជាតិ

យ៉ាងហោច គេហទំព័រស្ថាប័នជាតិកូរ៉េខាងត្បូង ចំនួនជាង១០ ត្រូវ ពួកចោរព័ត៌មានវិទ្យា​​ វាយប្រហារ នៅក្នុងអំលុងពេលបុណ្យចូលឆ្នាំចិន ថ្មីៗនេះ។ នេះបើតាមការអះអាងរបស់រដ្ឋបាលទីក្រុងសេអ៊ូល នៅថ្ងៃទី​២៥មករា ​ម្សិលមិញ​​។  កូរ៉េខាងត្បូង បញ្ជាក់បន្ថែមថា ស្ថាប័នជាតិដែលរងការវាយប្រហារនោះ ភាគច្រើន ក្នុង​វិស័យអប់រំ ហើយនិងបន្តថា ​ការវាយប្រហារបច្ចេកវិទ្យាពីសំណាក់​​ប្រទេសជិតខាង គឺពុំមែនជាលើកទីមួយឡើយ។ 

អ្នក​ជំនាញ​ម្នាក់ ធ្វើការនៅ​ក្រុម​បច្ចេកវិទ្យា​ ក្នុង​ក្រុង​សេអ៊ូល។
អ្នក​ជំនាញ​ម្នាក់ ធ្វើការនៅ​ក្រុម​បច្ចេកវិទ្យា​ ក្នុង​ក្រុង​សេអ៊ូល។ ASSOCIATED PRESS - Lee Jin-man
ផ្សាយពាណិជ្ជកម្ម

នគរបាលកូរ៉េខាងត្បូង បើកការស៊ើបអង្កេត នៅថ្ងៃពុធ បន្ទាប់ពីការវាយប្រហារបច្ចេកវិទ្យាជាច្រើនករណី នៅអំលុងពេលចុងសប្តាហ៍កន្លងទៅ ជាន់ចំឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដែលពលរដ្ឋកូរ៉េខាងត្បូង ក៏អបអរបុណ្យចូលឆ្នាំនេះដែរ។ អាជ្ញាធរកូរ៉េខាងត្បូង បញ្ជាក់ថា ស្ថាប័នអប់រំជាតិ ជាង១០ ត្រូវរងការវាយប្រហារពីក្រុមចោរមួយ​ក្រុម​ឈ្មោះថា ចៅជីយីង ដែលគេដាក់​មន្ទិស​សង្ស័យ​ថាជា របស់ចិន។

ក្រុមចោរបច្ចេកវិទ្យាមាន​ឈ្មោះ​ចិននេះ មានគម្រោងគោលដៅស៊ីបវាយប្រហារ​ទៅលើគេហទំព័រចំនួន ២ ០០០ របស់អាជ្ញាធរកូរ៉េខាងត្បូង។  តាមប្រព័ន្ធផ្សព្វផ្សាយតេលេក្រាម ពួកគេអះអាងថាបានវាយប្រហារគេហទំព័រ ជិត ៨០ ហើយនិង​ឆ្លៀតបានរារាំងការផ្សាយព័ត៌មាននិង​ការ​ប្រើប្រាស់​លក្ខណៈ​ឯកជន​របស់អ្នកធ្វើការពាក់ព័ន្ធនឹងស្ថាប័នទាំងនោះផង។ មិនតែប៉ុណ្ណោះ ក្រុមចោរបច្ចេកវិទ្យានេះ បញ្ជាក់ថានឹងមិនឈប់ត្រឹមហ្នឹង​ទេ ពោលគឺនឹងនៅតែបន្តឈ្លានពានប្រព័ន្ធអ៊ីនធ័រនែតកូរ៉េខាងត្បូងបន្ថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ Nicolas Rocca អ្នកកាសែតបារាំង ឈរជើងនៅរដ្ឋធានីសេអ៊ូល។

ក្រុមចោរ ចៅជីយីង គឺបានបង្ហាញចេតនាដាច់ខាត ប្រឆាំងនឹងរដ្ឋអំណាចកូរ៉េខាងត្បូង។  ក៏ប៉ុន្តែ​ ពួកគេ បាន​បដិសេធ​​ថា ខ្លួន​​ពុំមែនឋិតក្រោមបង្គាប់បញ្ជាផ្ទាល់ពីរដ្ឋបាលក្រុងប៉េកាំង ទេ​។​ ទោះម្តេចក្តី ការពាក់ព័ន្ធរវាងក្រុមចោរអ៊ីនធ័រនែតនិងរដ្ឋអំណាចចិន គឺហាក់​មានភាពស្រពិចស្រពិលនៅឡើយ។ បើផ្អែកលើកទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលហាក់កំពុងរើប​ងើប​ឡើង​នៃសញ្ញាណ​អរិភាព​ផង គឺ​កាន់តែ​នាំ​ឲ្យ​គេ​សង្ស័យ​។

សង្ស័យ ព្រោះថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលចិន បានផ្អាកផ្តល់ទិដ្ឋាការរយៈពេលខ្លី​ ចំពោះពលរដ្ឋកូរ៉េខាងត្បូង។ ការផ្អាកឈប់ផ្តល់ប័ណ្ណអនុញ្ញាតឲ្យចូលស្រុកចិននេះ គឺកំហិតរហូត​ដល់ដាច់ខែមករា។ ចំណាត់ការរបស់អាជ្ញាធរចិន គឺជាចម្លើយតបសងសឹក​ចំពោះរដ្ឋបាលក្រុងសេអ៊ូល ដែលសម្រេចចិត្ត​មិនចេញទិដ្ឋាការឲ្យពលរដ្ឋចិន ព្រោះតែបារម្ភពីការរីករាលដាលជំងឺកូវីដ១៩​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ