អានតួអត្ថបទ
អូតង់-អាស៊ី

ប្រមុខអង្គការអូតង់ផ្តើមបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងនៅជប៉ុន

ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន។ លោក​ស្តុលទែនប៊ែរ​បាន​ទៅ​ដល់​កូរ៉េខាងត្បូង​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា និង​បន្ត​ដំណើរ​ទៅ​ជប៉ុន​ក្នុង​ថ្ងៃ​ចន្ទ ទី៣០ មករា​នេះ។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ស្តុលទែនប៊ែរ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​អង្គការ​អូតង់​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន។ ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​កំពុង​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ និង​ការ​គំរាមកំហែង​ដោយ​នុយក្លេអ៊ែរ រួម​ទាំង​មីស៊ីល​របស់​កូរ៉េខាងជើង។ កូរ៉េខាងជើង​ដែល​បាន​ច្រានចោល​លើ​ការ​ចោទ​របស់​អាមេរិក​ដែល​ថា ខ្លួន​បាន​ផ្តល់​អាវុធ​ឲ្យ​រុស្ស៊ី។

ប្រមុខ​អង្គការ​អូតង់​លោក​ស្តុលទែនប៊ែរ (រូបឆ្វេង) និង​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​លោក​ប៉ាក់ ជីន ក្នុង​ក្រុង​សេអ៊ូលថ្ងៃទី២៩ មករា ២០២៣។
ប្រមុខ​អង្គការ​អូតង់​លោក​ស្តុលទែនប៊ែរ (រូបឆ្វេង) និង​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​លោក​ប៉ាក់ ជីន ក្នុង​ក្រុង​សេអ៊ូលថ្ងៃទី២៩ មករា ២០២៣។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ការ​ច្រានចោល​របស់​កូរ៉េខាងជើង​លើ​ការ​ចោទ​របស់​អាមេរិក​បាន​ធ្វើ​ឡើង​ដោយ​លោក​វ៉ុន ជុងហ្គុន នាយក​ដេប៉ាតឺម៉ង់​ទទួល​បន្ទុក​កិច្ចការ​អាមេរិក។ តាម​លោក​វ៉ុន អ្វី​ដែល​អាមេរិក​បាន​លើក​ឡើង​ជា​រឿង​ប្រឌិត​សុទ្ធសាធ និង​បាន​ព្រមាន​អាមេរិក​ពី​ការ​ទទួល​ផលវិបាក បើ​អាមេរិក​នៅ​បន្ត​ផ្សព្វផ្សាយ​រឿង​មិន​ពិត​មួយ​នេះ។ អ្នកតំណាងជាន់ខ្ពស់​កូរ៉េខាងជើង​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ការ​ព្យាយាម​ធ្វើ​ឲ្យ​ខូច​រូបភាព​កូរ៉េខាងជើង​ដោយ​ប្រឌិត​រឿង​មិន​ពិត​ជា​ការ​បង្ក​រឿង​ធ្ងន់ធ្ងរ​ដែល​កូរ៉េខាងជើង​មិន​អាច​ឈរ​ឱប​ដៃ​នៅ​ស្ងៀម​បាន​ទេ។ នៅ​មុន​លោក​វ៉ុន ប្រតិកម្ម​ស្រដៀង​គ្នា​នេះ​ក៏​មាន​ពី​នាង​គីម​ យូជុង​ដែល​ជា​ប្អូនស្រី​បង្កើត​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។

នាង​គីម​ យូជុង​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សុក្រ ទី២៧ មករា​ថា ការ​ចោទ​របស់​អាមេរិក​ជា​ការ​បោះ​ជំហាន​កាន់​តែ​ឆ្ងាយ​ពី​ខ្សែ​បន្ទាត់​ក្រហម។ គួរ​បញ្ជាក់​ថា​ក្នុង​សប្តាហ៍​កន្លង​ទៅ អាមេរិក​បាន​ចោទ​កូរ៉េខាងជើង​ពី​បទ​បាន​បញ្ជូន​គ្រាប់​រ៉ូកែត និង​គ្រាប់​មីស៊ីល​ទៅ​ឲ្យ​រុស្ស៊ី​ដើម្បី​ធ្វើ​សង្រ្គាម​នៅ​អ៊ុយក្រែន ពិសេស​ផ្តល់​ឲ្យ​កម្លាំង​ប្រដាប់អាវុធ Wagner ដែល​ជា​ទ័ព​ស៊ីឈ្នួល​របស់​រុស្ស៊ី។ ការ​ជាប់​ពាក់ព័ន្ធ​របស់​កូរ៉េខាងជើង​នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន​ក៏​ត្រូវ​បាន​ប្រមុខ​អង្គការ​អូតង់​លោក​ស្តុលទែនប៊ែរ​លើក​យក​ទៅ​និយាយ​ជាមួយ​ប្រមុខ​ការទូត​កូរ៉េខាងត្បូង​លោក​ប៉ាក់ ជីន​ដែរ។ តែ​អ្វី​ដែល​លោក​ស្តុលទែនប៊ែរ​បាន​សម្តែង​ក្តីបារម្ភ​ខ្លាំង​ជាង​គេ គឺ​គ្រោះថ្នាក់​ដោយ​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។

ក្តីបារម្ភ​បន្ទាប់​មក គឺ​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី និង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ « អ្វី​ដែល​កំពុង​កើត​មាន​នៅ​អាស៊ី និង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ជា​រឿង​សំខាន់​សម្រាប់​អឺរ៉ុប និង​អូតង់។ យើង​ត្រូវ​ប្រឈម​ទប់​នឹង​គ្រប់​ការ​គំរាមកំហែង រួម​ទាំង​បញ្ហា​ប្រឈម​សកល​ផ្សេងៗ ក្នុង​នោះ​មាន​ចិន​មួយ​ដែរ » នេះ​ជា​សម្តី​របស់​លោក​ស្តុលទែនប៊ែរ​នៅ​ក្នុង​បទសម្ភាសន៍​ឲ្យ​កាសែត​កូរ៉េខាងត្បូង​មួយ​ឈ្មោះ Yonhap ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៩ មករា។ លោក​ស្តុលទែនប៊ែរ​យល់​ថា មាន​តែ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិ​ជាមួយ​ប្រទេស​ដៃគូ​នៅ​ក្នុង​តំបន់​ទេ​ទើប​គេ​អាច​ប្រឈម​ទប់​នឹង​គ្រប់​ការ​គំរាមកំហែង និង​បញ្ហា​ប្រឈម​សកល​ផ្សេងៗ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ