អានតួអត្ថបទ

អូតង់ និងជប៉ុនប្រកាស​រឹតចំណងសម្ព័ន្ធភាព នៅចំពោះមុខការគំរាមកំហែង​របស់​​ចិន និង​រុស្ស៊ី

ប្រមុខរដ្ឋាភិបាល​ជប៉ុន និង​អគ្គលេខាធិការអង្គការ​អូតង់ ​ប្រកាស​ជំហរ​ម៉ឺងមាត់ និង​រួបរួមគ្នា នៅ​ចំពោះមុខ​ការគំរាមកំហែង​សន្តិសុខ​ពីសំណាក់​ចិន និងរុស្ស៊ី។ នៅក្នុងជំនួប​ស្តីពី​សន្តិសុខ កាលពីថ្ងៃ​អង្គារ ទី ៣១​មករា នៅទីក្រុង​តូក្យូ លោកនាយករដ្ឋមន្រ្តីជប៉ុន និង​អគ្គលេខាធិការ​អង្គការ​អូតង់ បាន​ប្រកាស​រឹតបន្តឹង​ចំណង​សម្ព័ន្ធភាព ជប៉ុន និង​អូតង់ នៅ​ចំពោះមុខ សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន និង​ការពង្រីក​ដែនឥទ្ធិពលយោធា​របស់​ចិន នៅក្នុង​តំបន់។

នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា និង​អគ្គលេខាធិការ​អង្គការ​អូតង់ យេន ស្តុលទែនប៊ែរ នៅក្នុងជំនួបទ្វេភាគី​នៅទីក្រុង​តូក្យូ ថ្ងៃអង្គារ​ទី ៣១​មករា ២០២៣
នាយករដ្ឋមន្រ្តីជប៉ុន លោក​ហ្វូមីអូ គីស៊ីដា និង​អគ្គលេខាធិការ​អង្គការ​អូតង់ យេន ស្តុលទែនប៊ែរ នៅក្នុងជំនួបទ្វេភាគី​នៅទីក្រុង​តូក្យូ ថ្ងៃអង្គារ​ទី ៣១​មករា ២០២៣ AP - Takashi Aoyama
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ធ្វើដំណើរ​ទៅ​សេអ៊ូល ដើម្បី សុំ​ជំនួយ​យោធា សម្រាប់​អ៊ុយក្រែន ប្រមុខ​អង្គការ​អូតង់ លោក​យេន ស្តុលទែនប៊ែរ បន្ត​ដំណើរ​ទៅ​ប្រទេស​ជប៉ុន នៅក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច​ពង្រឹង​ភាពជាដៃគូ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អាស៊ី។

នៅក្នុង ជំនួបទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា អគ្គលេខាធិការ​អង្គការ​អូតង់​បាន​និយាយ​សរសើរ​ជប៉ុន​ដែល​ប្រកាន់​ជំហរ​ច្បាស់លាស់ ​ផ្តល់ជំនួយ​សម្រាប់​អ៊ុយក្រែន។ ផ្ទុយពី​កូរ៉េខាងត្បូង ដែល​មាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ផ្តល់អាវុធ ទៅប្រទេស​ណា​ដែលកំពុងធ្វើសង្រ្គាម ជប៉ុន​បាន​ចូលរួម​ដាក់ទណ្ឌកម្ម​លើរុស្ស៊ី ក្នុងក្របខ័ណ្ឌ​ប្រទេស​ហ្សេ ៧ និង​បញ្ជូន​សព្វាវុធ​សម្រាប់​ការពារខ្លួន ទៅ​ឲ្យអ៊ុយក្រែន។

តាម​កាសែត​ក្នុងស្រុកជប៉ុន លោក​នាយករដ្ឋមន្រ្តី គីស៊ីដា​គ្រោង​ធ្វើទស្សនកិច្ច​នៅទីក្រុង​កៀវ នៅ​ខែ​កុម្ភៈ ដើម្បី​បង្ហាញ​ជំហរគាំទ្រ​របស់ជប៉ុន សម្រាប់​អ៊ុយក្រែន។

ថ្លែងនៅក្នុង​សន្និសីទកាសែត​ជាមួយ​នាយករដ្ឋមន្រ្តី ជប៉ុន កាលពីថ្ងៃ​អង្គារ អគ្គលេខាធិការអង្គការ​អូតង់​បាន​ព្រមាន​ផលវិបាក​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​ប្រមុខអង្គការ​អូតង់ លោក​យេន ស្តុលទែនប៊ែរ សង្រ្គាមអ៊ុយក្រែន មិនមែន ជា​វិបត្តិ​របស់​អឺរ៉ុប ប៉ុន្តែ ជា​ការប្រឈមសម្រាប់​សណ្តាប់ធ្នាប់​ពិភពលោក​ទាំងមូល។ “អ្វីដែលកំពុងកើតឡើង​នៅអឺរ៉ុប សព្វថ្ងៃនេះ អាច​ហៀរចូល​មកដល់​អាស៊ី​ខាងកើត នៅថ្ងៃ​ស្អែក។ ដូច្នេះ ជប៉ុន និងអូតង់​ត្រូវរួមគ្នា ដើម្បី ការពារ​សេរីភាព និង​ប្រជាធិបតេយ្យ។”

តាម​លោក​យេន ស្តុលទែនប៊ែរ ចិនមិនមែនជា​សត្រូវ​របស់​អូតង់ ប៉ុន្តែ ចិន ដែល​បាន​ពង្រីក​ដែនឥទ្ធិពលយោធា​នៅអាស៊ីប៉ាស៊ីហ្វិក គំរាមកំហែង ប្រទេស​ជិតខាង និង​តៃវ៉ាន់ កំពុងតាមដាន​យ៉ាងយកចិត្ត​ទុកដាក់ ការវិវឌ្ឍ​នៃ​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ សម្រាប់​ប្រមុខដឹកនាំ​អូតង់ ចិនអាច​រៀនមេរៀន​ជាច្រើន​ពីសង្រ្គាមអ៊ុយក្រែន សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួននៅថ្ងៃអនាគត។

ចិន មិនទាន់​ប្រតិកម្ម​នឹង​ការលើកឡើង​របស់​ប្រមុខអង្គការ​អូតង់ នៅជប៉ុន ប៉ុន្តែ នៅថ្ងៃ​ចន្ទ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​ធ្លាប់​បាន​ប្រតិកម្ម​ហើយថា ចិនជា​ដៃគូ ប៉ុន្តែ មិនមែនជាគូប្រជែង ហើយក៏មិនមែនជា​អ្នកគំរាមកំហែង​ប្រយោជន៍ ឬសន្តិសុខ​របស់​ប្រទេស​ណាដែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ជាមួយ ប្រមុខដឹកនាំ​អង្គការ​អូតង់ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​គីស៊ីដា ​សំដែងក្តីបារម្ភរ ពី​ការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង និង​​កំណើន​សមយុទ្ធ​យោធា រវាង​ចិន និង​រុស្ស៊ី នៅក្បែរប្រទេស​ជប៉ុន។

មានប្រទេស​សមាជិក ចំនួន​៣០ ដែល​ស្ថិតនៅ​អឺរ៉ុប និងនៅ​អាមេរិកខាងជើង អូតង់​អញ្ជើញ​ជាលើកទី១ មេដឹកនាំ​ជប៉ុន និងកូរ៉េខាងត្បូង​ឲ្យចូលរួម​ក្នុងជំនួបកំពូល​កាលពីខែ​មិថុនាឆ្នាំ២០២២។ ក្រៅពី​ជំរុញ​សហប្រតិបត្តិការ​ជាមួយអូតង់​ក្នុងវិស័យ​សន្តិសុខជើងទឹក និងការគ្រប់គ្រង​ការដឹកជញ្ជូនអាវុធ ជប៉ុន​គ្រោង​នឹង​បង្កើត​ការិយាល័យ​តំណាង​របស់ខ្លួន​នៅអូតង់។

ចិន​ធ្លាប់​បាន​បរិហាររិះគន់​អូតង់​ថា កំពុងប្រឹងប្រែង​ពង្រីកដែនឥទ្ធិពល​យោធា ទៅក្នុងតំបន់អាស៊ី ចំណែក​រុស្ស៊ី ដែល​បានចាត់ទុក សង្រ្គាមឈ្លានពានរបស់ខ្លួន នៅ​អ៊ុយក្រែន ថា ជា​បេសកកម្ម​ពិសេស ចោទថា ការពង្រីក​ដែន​យោធា​របស់​អូតង់នៅអឺរ៉ុប​គំរាមកំហែង​សន្តិសុខរុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ