អានតួអត្ថបទ
អូស្ត្រាលី

អូស្រាលី​អះអាងថា​ខ្លួន បាន​រងនូវ​សកម្មភាព​​ចារកិច្ច​ស៊ើបការណ៍​សម្ងាត់​ពីបរទេស ញឹក​ញាប់​​បំផុត

ទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី គឺជាជង្រុកលាក់ខ្លួន សំបូរទៅដោយ​ក្រុមចារកិច្ចបរទេស​។ នេះបើ​ផ្អែកតាម​ការ​លើកឡើង របស់​លោក Mike Burgess ប្រធានផ្នែក​ស៊ើបការណ៍សម្ងាត់ របស់អូស្ត្រាលី​។ លោក​ម្នាក់នេះអះអាងថា ចារកិច្ចស៊ើបការណ៍សម្ងាត់បរទេស​ គឺជាការគំរាម​មួយ​ដ៏​គ្រោះថ្នាក់ មក​លើ​សន្តិសុខជាតិអូស្ត្រាលី​។​

វិមានរដ្ឋសភាអូស្ត្រាលី នៅក្រុងកង់បេរ៉ា ថ្ងៃទី ១៦ តុលា ២០១៧
វិមានរដ្ឋសភាអូស្ត្រាលី នៅក្រុងកង់បេរ៉ា ថ្ងៃទី ១៦ តុលា ២០១៧ REUTERS - DAVID GRAY
ផ្សាយពាណិជ្ជកម្ម

ជាមួយអ្នករាយការណ៍ព័ត៌មាន RFI ប្រចាំទីក្រុងស៊ីដនី លោក Grégory Plesse

អំណេះតទៅ មិនមែន​អំពើភេរវកម្មទេ ដែលជាការគំរាម តែគឺសកម្មភាព​ចារកិច្ចស៊ើបការណ៍សម្ងាត់ ដែលជាការគំរាមដ៏ធំ និងគ្រោះថ្នាក់ មកលើសន្តិសុខជាតិអូស្ត្រាលី​។ នេះគឺជាការលើកឡើង របស់​លោក Mike Burgess ប្រធាន​ការរិយាល័យស៊ើបការណ៍សម្ងាត់របស់អូស្ត្រាលី ដែល​បានបង្ហាញ​ការវាយតម្លៃប្រចាំឆ្នាំ​។ លោក​បានបញ្ជាក់ថា អូស្ត្រាលី មិនដែលធ្លាប់បានរងនូវ​ការការស៊ើបការណ៍សម្ងាត់ពីបរទេស ធ្ងន់ធ្ងរដូចពេលនេះទេ។​ វាគឺជាសកម្មភាពស៊ើបការណ៍ ហើយ​លូកដៃបន្លំ រំខាន ពីសំណាក់ចារកិច្ចបរទេស។

កម្រិតខ្លាំងឡើងនៃការគំរាមប្រភេទនេះ គឺ​ដោយសារតែទម្ងន់​កាន់តែធ្ងន់ នៃតួនាទីរបស់អូស្ត្រាលីនៅក្នុង​កិច្ច​ភូមិសាស្ត្រនយោបាយ​ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយ​ដែលអូស្ត្រាលី គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សកម្មភាពចារកិច្ច​ទាំងនោះ គឺអូស្រ្តាលីបានរងគ្រោះយ៉ាងញឹកញាប់បំផុត នាពេលកន្លងមកនេះ ដែលមានដូចជា​ការ​ប៉ុនប៉ងចូលបន្លំជ្រៀតជ្រែក ឬទិញទឹកចិត្តអូសទាញមនុស្ស​ដែលមានតួនាទីធំ ក្នុង​រដ្ឋាភិបាល ដើម្បី​បានទទួល​នូវ​ព័ត៌មានសម្ងាត់​។

ដោយមិនចង្អុរឲ្យចំ ថាប្រទេសណាមួយ ដែលជាអ្នកធ្វើសកម្មភាពចារកិច្ចស៊ើបការណ៍សម្ងាត់មកលើអូស្ត្រាលី លោកប្រធានចារកិច្ចអូស្ត្រាលី បាន​លើកឡើងអំពីប្រទេសមួយចំនួន​ដែលជាមិត្តអូស្ត្រាលី និ​ងប្រទេសដែលមានរបបដឹកនាំ​ផ្តាច់ការ ហើយដែលធ្លាប់​បាន​ប៉ុនប៉ង ដាក់​ឧបករណ៍​ឈ្លបយកការណ៍ នៅក្នុ​ងម៉ាស៊ីនកុំព្យូទ័ររបស់អ្នកកាសែត នៅពេលពួកគេធ្វើដំណើរទៅយកព័ត៌មាន​នៅ​ក្រៅប្រទេស​។​ ប្រតិបត្តិការរបៀបនេះ ត្រូវ​បានអាជ្ញាធរអូស្ត្រាលី ទប់ស្កាត់​បានជារឿយៗ ព្រមទាំងបានទាញសញ្ញាអាសន្ន ឲ្យប្រជាជនប្រទេសខ្លះ មាន​​ការប្រុងប្រយ័ត្ន។

លោក Mike Burgess បានអះអាងថា ក្រុមចារកិច្ច​បរទេស បានប្រើគ្រប់មធ្យោបាយ ដើម្បីអូសទាញ ទិញទឹកចិត្ត ជនជាតិអូស្ត្រាលីខ្លះ ដែល​មានលទ្ធភាព អាចទទួលបាន​ដំណឹង ឬទិន្នន័យ​សម្ងាត់ផ្ទាល់ខ្លួន ដើម្បីឈានទៅដាក់សំពាធ ឬវាយប្រហារបំបិទមាត់អ្នក​ប្រឆាំងនឹងរបបដឹកនាំខ្លួន​។ យ៉ាងណាមិញ កាលពីសប្តាហ៍​កន្លងទៅនេះ ក្រសួង​មហាផ្ទៃអូស្ត្រាលី បាន​ឲ្យដឹងថា គេបានបំបែកស្ទាក់បានទាន់ពេលវេលា នូវប្រតិបត្តិការ​ចារកិច្ចមួយ ធ្វើឡើងដោយ​របបផ្តាច់ការអ៊ីរ៉ង់ ដែល​ប៉ុនប៉ងគំរាមសំឡុត សកម្មជននយោបាយ​ប្រឆាំងអ៊ីរ៉ង់ ដែលស្ថិតនៅ​លើទឹកដីអូស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ