អានតួអត្ថបទ

ប៉េកាំង​ខឹងច្រឡោត​ដែលអាមេរិកចាប់ខ្លួន​ជនជាតិចិនក្នុងរឿងនាំចូលសារធាតុគីមី​ដើម្បីផលិត​ថ្នាំញៀនf​entanyl

ពេលវេលាតានតឹងនឹងគ្នារវាង​អាមេរិក និងចិន មានច្រើន​ជាង​ភាពធូរស្រាល។ បន្ទាប់ពី​លោកចូ បៃដិន​និយាយ​ចាត់បញ្ចូល​ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​ទៅ​ក្នុង​បញ្ជី​មេដឹកនាំ​ផ្តាច់ការ និង​សភាអាមេរិក​បោះឆ្នោត​ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយតៃវ៉ាន់ វ៉ាស៊ីនតោន​បាន​ធ្វើ​ឲ្យ​ប៉េកាំងខឹង ក្តៅស្លឹកត្រចៀកម្តងទៀត ជាមួយការសម្រេចចិត្ត​ចាប់ខ្លួន​ជនជាតិចិន ក្នុង​បទចោទប្រកាន់​នាំចូលសារធាតុគីមី សម្រាប់​ផលិត​គ្រឿងសំយោគ​ដ៏​គ្រោះថ្នាក់ Fentanyl​ក្នុងទឹកដីអាមេរិក។

កញ្ចប់ថ្នាំគ្រឿងញៀនFentanylដែលគយអាមេរិកចាប់បាន​នៅព្រលានយន្តហោះក្នុងក្រុង​ឈីកាហ្គោ
កញ្ចប់ថ្នាំគ្រឿងញៀនFentanylដែលគយអាមេរិកចាប់បាន​នៅព្រលានយន្តហោះក្នុងក្រុង​ឈីកាហ្គោ REUTERS - JOSHUA LOTT
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​សៅរ៍ ក្រសួងការបរទេស​ចិន​ថ្កោលទោស និង​ចាត់ទុក​ការសម្រេច​របស់​ក្រសួងយុត្តិធម៌​អាមេរិក ថា ធ្វើឡើង​ដោយ​ខុសច្បាប់ និង​ឯកតោភាគី។ នៅថ្ងៃ​សុក្រ ក្រសួងយុត្តិធម៌អាមេរិក​បាន​សម្រេច ​ជាលើកទី១ មិនធ្លាប់ ចោទប្រកាន់​ក្រុមហ៊ុន​ចិន​ចំនួន ៤ និង​បុគ្គលិក​របស់​ពួកគេចំនួន ៨នាក់ ពីបទ​នាំចូល​ទៅអាមេរិក នូវ​សារធាតុគីមី សម្រាប់​ផលិត​ថ្នាំញៀន​សំយោគ មរណៈ ឈ្មោះ Fentanil។

តាម​ក្រសួងយុត្តិធម៌​អាមេរិក បុគ្គលិក​២រូប ក្នុង​ចំណោម​បុគ្គលិក​៨រូប របស់​ក្រុមហ៊ុន​ចិន ទាំង​៤ ដែល​រងការចោទប្រកាន់ ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន នៅ​កោះហាវ៉ៃ កាលពីថ្ងៃទី ៨មិថុនា មុន​នឹង​ត្រូវ​បញ្ជូន​ទៅកាន់តុលាការ​នៅទីក្រុង​ញូវយ៉ក។ តាម​ក្រសួងយុត្តិធម៌អាមេរិក ភ្នាក់ងារ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​បាន​បន្លំខ្លួន​ជាអតិថិជន ចរចា​ចង់​ទិញ​សារធាតុគីមី ពី​បុគ្គលិកចិន ទាំងពីររូប​ខាងលើ ដែល​មានទំនាក់ទំនង​ជាមួយ​ឃ្លាំងស្តុក​មួយនៅទីក្រុង​Los Angeles កាលពីខែ​ឧសភាកន្លងទៅ។

ក្រុមហ៊ុន​ចិន​ទាំង៤​ដែលជាប់​ក្នុងសំណាញ់ច្បាប់​អាមេរិក​មាន​ក្រុមហ៊ុន Amarvel Biotech Anhui Rencheng Technology Anhui Moker New Marterial Technology និង​Hefei GSK Trade។

បើតាម​ក្រសួងយុត្តិធម៌​អាមេរិក ក្រុមហ៊ុន​ Amarvel Biotechរងការចោទប្រកាន់ថា​បាន​នាំចូល​សារធាតុគីមី​ជាង ២០០គីឡូក្រាម​ដើម្បី​ផលិត​ថ្នាំញៀន​Fentanil ប្រមាណ ៥០គីឡូក្រាម ដែលគ្រប់គ្រាន់​ដើម្បី​សម្លាប់ប្រជាជនអាមេរិក​ជាង ២៥​លាន​នាក់។

សម្រាប់​ក្រសួងការបរទេស​ចិន ការចាប់ឃុំ​ខ្លួនជនជាតិ​ចិន ពីសំណាក់​អាជ្ញាធរ​អាមេរិក​ធ្វើឡើង​ដោយខុសច្បាប់ និងរំលោភសិទ្ធិជាមូលដ្ឋាន​របស់​ពលរដ្ឋ និងក្រុមហ៊ុនចិន។ “ចិនថ្កោលទោស និងទាមទារ​ឲ្យ​អាមេរិកត្រូវ​តែ​ដោះលែងជនជាតិជាបន្ទាន់” នេះបើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន ដែល​បញ្ជាក់ដែរថា ការចោទប្រកាន់​របស់អាជ្ញាធរ​អាមេរិក​នឹងអាចទៅបំផ្លាញ សហប្រតិបត្តិការអាមេរិក ចិន ក្នុងការប្រយុទ្ធប្រឆាំង​នឹងការជួញដូរគ្រឿងញៀន។

ថ្នាំញៀន fentanylដែលផលិតដោយ​ងាយស្រួលបំផុត និង​មាន​តម្លៃដ៏ថោក ត្រូវ​អាមេរិក​ចាត់ទុក​ជា​ដើមហេតុ​បង្ក​សោកនាដកម្ម​ខ្លាំង​បំផុត នៅ​អាមេរិក។ Fentanyl​ជា​ថ្នាំញៀន​សំយោគ​មរណៈ ដែលត្រូវ​ពួកឈ្មួញជួញដូរ​គ្រឿងញៀន​នៅប្រទេស​ម៉ិកស៊ិក​លាយផ្សំ​ជាមួយ​ថ្នាំញៀនផ្សេងទៀត និង​សារធាតុកគីមី នាំចូលមកពីចិន ដើម្បី បង្កើនឥទ្ធិពល ធ្វើ​ឲ្យអ្នកប្រើប្រាស់កាន់ញៀនខ្លាំង ជាងថ្នាំញៀនហេរ៉ូអ៊ីន​ដល់​ទៅ​៣០ ដង។ ជាទូទៅ សារធាតុគីមី របស់​ចិន ត្រូវ​នាំចូល​ទៅ​ម៉ិកស៊ិក ដើម្បី ផលិត​ថ្នាំញៀនសំយោគ Fentanyl​មុននឹងត្រូវ​ពួកជួញដូរគ្រឿងញៀន​ម៉ិកស៊ិក នាំចូលទៅលក់​ចែកចាយ​នៅអាមេរិក។ ប៉ុន្តែ នៅមួយរយៈចុងក្រោយនេះ អាជ្ញាធរ អាមេរិក​សង្កេត​ឃើញ វត្តមាន​សារធាតុគីមី​គីមី របស់ចិន ចរាចរ ក្នុង​ទឹកដី​អាមេរិក ដោយ​លែងឆ្លងកាត់​ម៉ិកស៊ិកដូចមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ