អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ប្រារព្ធខួបរងគ្រាប់​បរមាណូ​នៅហ៊ីរ៉ូស្ហ៊ីម៉ាដោយបរិហារ​ការគំរាមកំហែង​នុយក្លេអ៊ែរ​រុស្ស៊ី

ថ្ងៃអាទិត្យ​ទី​៦​សីហា​​នេះ​ជា​គម្រប់​ខួប​៧៨​ឆ្នាំ​គត់​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​អាមេរិក​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា។ នា​ឱកាសនេះ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា បាន​បរិហា​រការ​គំរាមកំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នៅក្នុង​សង្គ្រាម​លើ​ទឹក​ដី​អ៊ុយក្រែន។

Fumio Kishida le 6 08 2023
Fumio Kishida le 6 08 2023 via REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី មិន​ត្រូវ​​កើតមាន​ឡើង​ជា​ថ្មី​ទេ។ ជប៉ុន​ជាតិសាសន៍​រងគ្រោះ​បរមាណូ​តែ​មួយ​គត់​ក្នុង​សម័យ​សង្គ្រាម​លោក បន្ត​ខិត​ខំជួយ​​ពិភពលោក​​រំសាយ​នុយក្លេអ៊ែរ។ ប៉ុន្តែ​ដំណើរផ្លូវឆ្ពោះ​ទៅ​សម្រេច​កម្មវត្ថុ​នេះ​កាន់​តែ​លំបាក​ឡើងៗ ដោយហេតុ​តែ​សហគមន៍​អន្តរជាតិ​ខ្វែង​គំនិត​គ្នា​ផង​និ​ងការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ផង។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ពិធី​ប្រារព្វ​ខួប​៧៨​ឆ្នាំ​នៃ​ការ​ទម្លាប់​គ្រាប់​បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា ដែល​មាន​​ភ្ញៀវជា​ជន​សាមញ្ញ ជា​ជន​រងគ្រោះ ជា​ឥស្សរជនបរទេស​មកពី​​១១១ប្រទេស ​ តែដូច​ឆ្នាំ​មុន​ដែរគ្មានទេ​​រុស្ស៊ី​និង​បេឡារុស។

សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ នៅ​ចំពោះ​មុខ​ស្ថានភាព​គំរាមកំហែង​នុយក្លេអ៊ែររុស្ស៊ី​​បែប​នេះ គេកាន់​តែ​​ចាំបាច់​ត្រូវផ្តល់​សន្ទុះ​អន្តរជាតិ​ក្នុង​ការ​សម្រេច​សាង​ពិភពលោក​គ្មាន​បរមាណូ។ សហគមន៍អន្តរជាតិ​ត្រូវ​តែ​បញ្ចេញ​សំឡេង​រួម​តែ​មួយប្រឆាំង​នឹង​ការ​ប្រើអាវុធ​នុយក្លេអ៊ែរ​។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ អង់តូនីញ៉ូ ហ្គូទែរក៍​ ក្នុង​ថ្ងៃខួប​នៃ​ការ​ទម្លាប់​គ្រាប់​បែក​បរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ​ដែរ ដោយ​បញ្ជាក់​អំពី​​ការ​សោក​ស្តាយ​ដែល​ប្រទេស​ខ្លះ​យក​អាវុធ​នុយក្លេអ៊ែរ​មក​គ្រវី​និង​​គំរាម​​ប្រល័យលោក។

សូម​រំលឹក​ថា ការទម្លាក់​គ្រាប់​បែកបរមាណូ​លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា​ថ្ងៃទី ៦​សីហា​ឆ្នាំ​១៩៤៥ បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១៤ម៉ឺន​នាក់ និង​៧៤០០០នាក់​ ​នៅ​ណាហ្កាសាគី បី​ថ្ងៃក្រោយដោយ​គ្រាប់​នុយក្លេអ៊ែរ​អាមេរិក​ទីពីរ ដែល​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​លោក​លើក​ទីពីរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ