អានតួអត្ថបទ

វៀតណាម​៖ ក្រុមហ៊ុនផលិត​រថយន្ត​​ VinFast ខាត​ ២ ពាន់​លានដុល្លារ

នៅ​វៀតណាម​ ក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនីVinFast បាន​​ខាតបង់ ប្រមាណ​ ២ ពាន់​លានដុល្លារ​ កាលពីឆ្នាំទៅមិញនេះ។ នេះបើយោង​តាម​សេចក្តីថ្លែងការណ៍​របស់ក្រុមហ៊ុន ដែល​​ចេញ​ផ្សាយ​​នៅ​ក្នុង​សប្តាហ៍ ដោយ​បញ្ជាក់ថា​ ការ​ខាត​បង់​នេះ​ ក៏​ព្រោះតែ​ពុំ​បាន​សម្រេច​កម្មវត្ថុ​លក់ ​ដូច​ការ​គ្រោង​ទុក​​​។​​ ​ ​

Workers assemble electric cars at a Vinfast factory in Hai Phong, Vietnam, on Sept. 29, 2023. Amid an ongoing push to make transportation less damaging to the climate, electrification continued to acc
កម្មករ​កំពុង​ដំឡើង​រថយន្ត​នៅរោងចក្រ Vinfast នៅខេត្ត Hai Phong។ AP - Hau Dinh
ផ្សាយពាណិជ្ជកម្ម

​​VinFast ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Vingroup ហើយជា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ឈានមុខគេទី១ នៅ​វៀតណាម។ ពីទីក្រុងហាណូយ ក្រុមហ៊ុន​ VinFast បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ក្នុង​សប្តាហ៍​​នេះ ដោយ​​​បញ្ជាក់ថា ខ្លួន​ខាតបង់​ប្រាក់​ប្រមាណ ២,៣៩ ពាន់​លា​ន​​ដុល្លារ ក្នុងឆ្នាំ​២០២៣​។ មូលហេតុ ព្រោះ​តែ​មិន​អាច​​លក់​រថយន្ត​ បានសម្រេចដូច​ផែន​ការ​គ្រោង​​ទុក។ ផែនការគ្រោងទុក VinFast ចង់​លក់រថយន្ត​ ​ឲ្យ​បានចំនួន​ ៥០ ០០០គ្រឿងក្នុង​១ឆ្នាំ​ ក៏ប៉ុន្តែ ទីបំផុត​ ​​លក់​​បាន​ត្រឹមតែ ៣៥ ០០០ គ្រឿងប៉ុណ្ណោះ ដែល​វាស្មើ​នឹង​ទឹកប្រាក់​ប្រហែល ១,០៩ ពាន់​លាន​ដុល្លារ​។​

បើទោះបី​ជាលក់​មិន​បាន​សម្រេច​តាម​ផែនការ តែផ្ទុយទៅវិញ ​ទុនវិយោគ​របស់​ក្រុម​ហ៊ុន VinFast ​ចេះតែកើន​ឡើង​ជាលំដាប់។​ សេចក្តីថ្លែងការណ៍របស់​ក្រុមហ៊ុន​​ ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២កុម្ភៈ បានឲ្យដឹងថា ទុនវិនិយោគ​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំទៅមិញ បាន​កើនឡើង​ប្រមាណ ១,១៩ ពាន់​លាន​ដុល្លារ ពោល​គឺកើតឡើងប្រមាណ​​ជា៩១% ធៀប​នឹង​ឆ្នាំចាស់។

អាស្រ័យ​ហេតុដូច្នេះហើយ ទើបលោក អាញ ង្វៀន ​​ប្រធាន​គ្រប់គ្រង​ហិរញ្ញវត្ថុក្រុមហ៊ុន VinFast បាន​ថ្លែង​​​អំណរ​​អំពី​លទ្ធផល​គួរ​ជា​ទីទុកចិត្ត​ក្នុង​ដំណើរការ​ពាណិជ្ជកម្ម​​។ លទ្ធ​ផល​​​​ល្អ​ស្តីពីទុនវិនិយោគ ក្នុង​ឆមាស​ទី​៤ នៃឆ្នាំ២០២៣ ​​អាច​​ជំរុញ​បង្កើន​ប្រាក់​ចំណូល និង​កែសម្រួលដើម្បីទាញ​ផលចំណេញ។​ ក្នុងន័យនេះ លោក អាញ ង្វៀន ថា​ក្រុមហ៊ុនបន្ត​​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​វិនិយោគទុន​បន្ថែម, ​ពង្រឹង​រក្សា​លទ្ធផល​ឲ្យ​នៅថេរល្អ, ​ហើយពង្រឹង​គុណភាព​និង​តម្លៃ​។​

​បង្កើតឡើងឆ្នាំ២០១៧, ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​វៀតណាម VinFast មាន​គោលដៅប្រកួត​ប្រជែកជាមួយ​ក្រុម​ហ៊ុនអាមេរិក Tesla ​ និង​ក្រុមហ៊ុន​ចិន BYD។​ ជាបន្ត​បន្ទាប់  ក្រុម​ហ៊ុន VinFast បាន​បើកសាខា​​ហាងលក់ ​ នៅ​ប្រទេស​អាល្លឺម៉ង់ ​​បារាំង  ​ហូឡង់ សហរដ្ឋអាមេរិក កាណាដា ជាដើម។​

ចំពោះ​ឆ្នាំ២០២៤ ក្រុម​ហ៊ុន VinFast ​បាន​ដាក់​ផែនការលក់​រថយន្ត​ ចំនួន​១០ម៉ឺន​គ្រឿង ហើយ​បើក​ទូលាយ​ទី​ផ្សារ​​​អន្តរជាតិ ថែមទៀត​។ ដើមឆ្នាំនេះ VinFast បាន​បើករោងចក្រ​ផលិត​នៅប្រទេស​ឥណ្ឌា ដែល​មាន​សមត្ថភាពផលិត​រថយន្ត​អគ្គិសនី​ ចំ​នួន ១៥០ ០០០ គ្រឿង​ក្នុង១ឆ្នាំៗ។​ ក្រុមហ៊ុន​រថយន្ត​វៀតណាម​នេះ គ្រោង​នឹង​វិនិយោគទុន​ ដើម្បី​បង្កើត​រោងចក្រ​ផលិត​អាគុយអគ្គិសនី នៅ​ឥណ្ឌូណេ​ស៊ី​។ លើសពីនេះ ក្រុមហ៊ុន​វៀតណាម VinFast ក៏គ្រោង​នឹង​វិនិយោគ​ថែមទៀត នៅ​ហ្វីលីពីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ