អានតួអត្ថបទ
ភូមា-ជម្លោះប្រដាប់អាវុធ

ក្រុម​ឧទ្ទាម​នៅ​ភូមា​​ប្រកាស​ដណ្តើមយក​មូលដ្ឋាន​ទ័ព​ ​និង​ចាប់​ទាហាន​រដ្ឋាភិបាល ​បាន​រាប់​រយ​នាក់

ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​អារ៉ាកាននៅ​ភូមា បាន​ប្រកាស​នា​​ថ្ងៃ​ចន្ទទី ៦​ឧសភា ដណ្តើម​កាន់​កាប់​បាន​​ទីបញ្ជាការ​កងទ័ពរបស់​រដ្ឋាភិបាល​មួយ​កន្លែង និង​ចាប់​ខ្លួន​សមាជិក​របប​សឹក​បាន​ជាច្រើន​រយ​នាក់ នៅរដ្ឋ​រ៉ាឃីន ដែល​ស្ថិត​នៅភាគ​ខាង​លិច​ប្រទេស​។ នេះ​អាច​ចាត់​ទុក​ជា​បរាជ័យ​យ៉ាង​ដំណំ​ថ្មី​មួយ​ទៀត សម្រាប់​រដ្ឋាភិបាល​សឹក​ភូមា ដឹកនាំ​ដោយ​លោក មីន អ៊ុងឡាំង។

ក្រុម​ឧទ្ទាម​នៅ​ភូមា​ចាប់​សមាជិក​​រដ្ឋាភិបាល ​បាន​រាប់​រយ​នាក់
ក្រុម​ឧទ្ទាម​នៅ​ភូមា​ចាប់​សមាជិក​​រដ្ឋាភិបាល ​បាន​រាប់​រយ​នាក់ © RFI khmer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​​រូបភាព​វីដេអូ​បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៦​ឧសភានេះ ​​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​អារ៉ាកាន​​ប្រកាសដណ្តើម​កាន់​កាប់​​ទី​បញ្ជាការ​​យោធា​របស់​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ​ពី​ក្រុង​ស៊ីតវេ ព្រមទាំង​ចាប់​ខ្លួនសមាជិក​រដ្ឋាភិបាល​​បាន​ប្រមាណ​ពីរ​រយ​នាក់។ ពុំ​មាន​ការ​បញ្ជាក់​អំពី​ថ្ងៃ​ខែ​ដណ្តើម​យក​មូលដ្ឋាន​ទ័ព​រដ្ឋាភិបាល​នេះ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ក្រុម​ប្រដាប់​អាវុធ​អារ៉ាកាន បាន​​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​ទីតាំង​និង​កម្លាំង​រដ្ឋាភិបាល​យ៉ាង​សន្ធាប់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ​។ ក្រោយ​ពី​ឡោម​ព័ទ្ធ​ ក្រុម​ឧទ្ទាម​បាន​សម្រុក​វាយ​ផ្តាច់​ព្រ័ត្រ​ ជា​ហេតុធ្វើ​ឱ្យ​កងទ័ព​​រដ្ឋាភិបាលត្រូវ​​បរាជ័យ​និងព្រម​ចុះ​ចូល។

វីដេអូ​​បង្ហោះ​ផ្សាយ​ដោយទ័ព​អារ៉ាកានដដែល បាន​បង្ហាញ​ឱ្យ​ឃើញ​ហ្វូងមនុស្ស​មួយ​ខ្សែ ខ្លះ​ពាក់​ឯកសណ្ឋាន​យោធា​ជាតិ ខ្លះ​ពាក់​អាវ​យឺត ខ្លះ​អត់​ស្បែក​ជើង​ផង ខ្លះ​មាន​គេ​សែង ព្រម​ទាំង​ស្ត្រី​និង​កុមារ​ ដើរ​បន្ត​កន្ទុយ​គ្នា​តាម​បណ្តោយ​ស្រែ។ បន្ទាប់​មក​ មនុស្ស​ទាំង​​ប្រមាណ​២០០នាក់​ ដែល​ឃ្លាំមើល​ដោយ​ទាហាន​ក្នុង​ឯកសណ្ឋាន​ទ័ព​អារ៉ាកាន បាន​មក​អង្គុយ​តំរៀប​គ្នា​ជា​ជួរ​ក្នុង​ទីធ្លាមួយ។ ណេះ​បើ​តាម​រូបភាព​វីដេអូ​ដដែល។

ភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​ទាក់ទង​សុំ​ប្រតិកម្ម​ពី​របប​សឹក​ភូមាដែរ​ តែ​គ្មាន​លទ្ធផល។ សូម​បញ្ជាក់​ថា​​ តាំងពី​ខែ​វិច្ឆិកា​២០២៣​មក លែងមាន​ហើយ​ការ​គោរព​បទ​ឈប់​បាញ់។ ក្រោយ​ការ​វាយប្រហារ​របស់​ក្រុមប្រដាប់​អាវុធជនជាតិ​ភាគ​តិច និង​​ក្រុមប្រដាប់​អាវុធផ្សេង​ទៀត ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ភូមា នៅ​តាម​តំបន់​ព្រំដែន​មក ការ​​ប្រយុទ្ធ​គ្នារវាង​ក្រុមប្រដាប់​អាវុធ​អារ៉ាកាន​​ជាមួយ​កង​ទ័ព​រដ្ឋាភិបាលក៏​បាន​កម្រើក​ឡើង​យ៉ាង​ខ្លាំង​នៅ​តាមទី​តាំង​ខេត្ត​ចំនួន​១៥ នៃ​១៧​ខេត្ត​របស់​រដ្ឋ​រ៉ាឃីន។ ​ក្រុមឧទ្ទាម​នេះ ដែល​ខ្លះចាប់​កាន់​​អាវុធ​តស៊ូ​តាំងពីប្រទេស​បាន​ឯករាជ្យ​នៅ​​ឆ្នាំ​១៩៤៨ ដើម្បីពង្រីក​វិសាលភាពនៃ​​​ស្វ័យភាព​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​មក បាន​ផ្ចាញ់​របប​សឹកភូមា​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភា​ព​ចាញ់​ប្រៀប​ជា​ខ្លាំង​ មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលមក។ ​

គិតមក​ទល់​ថ្ងៃ​នេះ កងទ័ព​រដ្ឋាភិបាល​នៅ​កាន់​កាប់ក្រុង​ស៊ីវេ​ទីក្រុង​​ធំ​របស់​រដ្ឋ​រ៉ាឃីនដែល​ស្ថិត​នៅភាគ​ខាង​លិច​នៃ​ប្រទេសទេ ប៉ុន្តែ​ក្រុមប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​អារ៉ាកាន បន្ត​ដណ្តើម​គ្រប់​គ្រង​ស្រុក​ជុំ​វិញ​ក្រុង​ជា​បន្តបន្ទាប់  និង​ជា​ពិសេស​មូលដ្ឋាន​នៅ​តា​បណ្តោយ​ព្រំដែន​ជាមួយ​ឥណ្ឌា​និង​បង់ក្លាដែស។ ប៉ុន្តែ​សន្ធឹក​នៃ​ការ​ប្រយុទ្ធ​គ្នា បានបង្ក​ឱ្យ​មាន​របួស​និង​ស្លាប់​មនុស្សអស់​​ជា​ច្រើ​ន​រយ​នាក់ និង​ជាង​បី​សែន​នាក់ ត្រូវ​ធ្វើ​បំលាស់​ទី។ នេះ​បើតាម​តួលេខ​ផ្តល់​ដោយ​អ្នក​ទទួលខុស​ត្រូវ​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ខែ​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ