រុស្ស៊ី ធ្វើលំហាត់សឹកនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅបស្ចិមលោកដែលចង់បញ្ជូនទ័ពទៅអ៊ុយក្រែន
ថ្ងៃចន្ទទី ៦ ឧសភា វិមានក្រេមឡាំង បានទម្លាយឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យ ទ័ពរុស្ស៊ី ចាត់ចែងធ្វើលំហាត់សឹកអាវុធនុយក្លេអ៊ែ ដើម្បីជាការឆ្លើយតបនឹងគម្រោង របស់មេដឹកនាំប្រទេសខាងលិចមួយចំនួន ដូចមានប្រទេសបារាំងជាដើម ដែលចង់បញ្ជូនទ័ពរបស់ អូតង់ ទៅប្រចាំការនៅអ៊ុយក្រែន ដើម្បីតទល់នឹងរុស្ស៊ី។ គួរបញ្ជាក់ដែរថា ចាប់តាំងពីសង្គ្រាម ចាប់ឆាបឆេះនៅអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ មក លោក ពូទីន រមែងកំញើញថា រុស្ស៊ីអាចនឹងប្រើ អាវុធនុយក្លេអ៊ែរ ក្នុងកាលៈទេសៈចាំបាច់ ណាមួយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៦
គួរំឭកឡើងវិញថា ថ្មីៗនេះប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានពោលអំពី លទ្ធភាពនៃសហភាពអឺរ៉ុប ក្នុងការបញ្ជូនទ័ពទៅឈរជើង នៅលើទឹកដីអ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី។ ដោយមិនរង់ចាំយូរ អ្នកនាំពាក្យ វិមានក្រេមឡាំង បានទិតៀនខ្លាំងៗ សំដីរបស់លោក ម៉ាក្រុង ព្រមទាំង ថ្នាក់ដឹកនាំ អង់គ្លេស និងអាមេរិក ដែលលោកចាត់ទុកថា ប្រកបដោយគ្រោះថ្នាក់ ចំពោះស្ថេរភាពនយោបាយអន្តរជាតិ។
លំហាត់សឹកថ្មីរបស់រុស្ស៊ី ដែលជាការឆ្លើយតបផ្ទាល់ទល់នឹង សំដីគំរាមកំហែងខាងលើ នឹងផ្តល់លទ្ធភាពឲ្យទ័ពរុស្ស៊ី អាចហ្វឹកហាត់ ត្រៀមប្រើអាវុធនុយក្លេអ៊ែរ នៅលើសមរភូមិប្រយុទ្ធ ដោយបាញ់ចេញតាមរយៈ ជើងបញ្ឈរមីស៊ីល។ នេះបើផ្អែកតាមការប្រកាសឲ្យដឹង ដោយក្រសួងការពារជាតិរុស្ស៊ី។
ក្រោមបញ្ជារបស់លោក ពូទីន លំហាត់សឹកនេះ នឹងរួមបញ្ចូលកងទ័ពផ្លូវអាកាស ផ្លូវទឹក និងកងកម្លាំង ភូមិភាគខាងត្បូង ដែលឈរជើងនៅជាប់ព្រំដែនអ៊ុយក្រែន និង មានភារកិច្ច ប្រយុទ្ធដណ្តើមយក តំបន់នានានៅក្បែរនោះ ដែលរុស្ស៊ីទាមទារ បើតាមក្រសួងការពារជាតិរុស្ស៊ី ដដែល។
តែយ៉ាងណា រុស្ស៊ី ពុំទាន់បានលំអិតអំពី ថ្ងៃខែ ទីកន្លែង ចំនួនទាហាន និង សម្ភារយោធាចល័ត ដែលនឹងត្រូវចូលរួមក្នុងលំហាត់នេះ នៅឡើយទេ។ គួរបញ្ជាក់ដែរថា ផ្អែកតាមយុទ្ធសាស្ត្រនុយក្លេអ៊ែររុស្ស៊ី ការប្រើអាវុធបរមាណូ អាចធ្វើឡើង ក្នុងគោលដៅការពារខ្លួន តែម៉្យាងគត់ ពោលគឺក្នុងកាលៈទេសៈណា ដែលរុស្ស៊ី រងការវាយប្រហារ ដោយអាវុធសម្លាប់រង្គាលទ្រង់ទ្រាយធំ មានអាវុធនុយក្លែអ៊ែរជាឧទាហរណ៍ ឬ ដោយអាវុធមានចែងក្នុងអនុសញ្ញា តែដែលគំរាមកំហែង សុវត្ថិភាពរបស់ប្រទេសរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ