២៤ម៉ោង ចិនបានបញ្ជូនយន្តហោះចម្បាំង២៣គ្រឿង និងនាវាចម្បាំង៥គ្រឿង ទៅក្រវែលតៃវ៉ាន់
យ៉ាងហោចណាស់ មានយន្តហោះចម្បាំងរបស់ចិនចំនួន២៣គ្រឿង ព្រមទាំងនាវាចម្បាំង៥គ្រឿងផង ដែលបានមកក្រវែលក្បែរកោះតៃវ៉ាន់ រវាងពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ទី៩ឧសភា។ នេះបើផ្អែកតាមការអះអាង របស់ក្រសួងការពារជាតិតៃវ៉ាន់។ វត្តមានចូលកៀកតៃវ៉ាន់កាន់តែញឹក និងកាន់តែមានចំនួនច្រើននៃនាវានិងយន្តហោះចម្បាំងរបស់ចិននេះ បានបង្ហាញពីការគំរាមសម្លុតខ្លាំងទៅៗ ពីសំណាក់ចិនទៅលើកោះតៃវ៉ាន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៨
ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា រវាងពីម៉ោង៦ព្រឹកថ្ងៃពុធ ដល់ម៉ោងម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី៩ឧសភា ពោលគឺ២៤ម៉ោង គឺបានចាប់រលកសញ្ញា ឃើញថាមានយន្តហោះចម្បាំងចិនចំនួន២៣គ្រឿង និងនាវាចម្បាំងចិនចំនួនយ៉ាងហោច៥គ្រឿង បានចូលមកក្រវែលក្បែរតៃវ៉ាន់។ ប្រភពដដែលអះអាងថា យ៉ាងហោចណាស់ មានយន្តហោះចម្បាំង៨គ្រឿង ក្នុងចំណោមទាំង២៣គ្រឿង បានហោះឆ្លងខ្សែបន្ទាត់ ដែលពុះចែកលំហពីលើច្រកសមុទ្រតៃវ៉ាន់ ហើយបានហោះឆ្លងចូលមកខាងតៃវ៉ាន់។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ និងចិនដីគោក ត្រូវពុះចែកពីគ្នាដោយច្រកសមុទ្រតៃវ៉ាន់ ដែលមានទទឹងចម្ងាយ១៨០ម៉ែត្រ។ ចិនដែលចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ខ្លួន មិនទទួលស្គាល់បន្ទាត់ពុះចែក ចំកណ្តាលច្រកសមុទ្រតៃវ៉ាន់ឡើយ។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍ ទី៩ឧសភា កងឆ្មាំសមុទ្រតៃវ៉ាន់ បានអះអាងថា យ៉ាងហោចណាស់មាននាវា១២គ្រឿងរបស់ចិន បានចូលមកក្បែរកោះKinmen របស់តៃវ៉ាន់។ ក្នុងចំណោមនេះ មាន៧គ្រឿង ជានាវារបស់នាយកដ្ឋានសមុទ្រនិងនេសាទចិន ដែលបានធ្វើដំណើរឆ្លងចូលមកក្នុងដែនទឹកតៃវ៉ាន់ នៅវេលាម៉ោងប្រមាណជា៣សៀល។
គួរកត់សំគាល់ថា វត្តមានរបស់នាវាចម្បាំង និងយន្តហោះចម្បាំងចិន ក្នុងចំនួនដ៏ច្រើនរវាងតែ២៤ម៉ោង ដែលក្រវែលជុំវិញតៃវ៉ាន់នេះ គឺស្របពេលដែលកាលពីថ្ងៃពុធ នាវាចម្បាំងមួយគ្រឿងរបស់អាមេរិក ឈ្មោះ USS Halsey បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងលិខិតប្រកាសរបស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានលើកឡើងថា នាវានេះបានបើកកាត់តាមច្រកផ្លូវទឹក ដែលច្បាប់អន្តរជាតិបានការពារ សិទ្ធិសេរីភាពក្នុងធ្វើដំណើរឆ្លងកាត់។ លិខិតនេះបន្តថា ការបើកឆ្លងកាត់នេះ គឺបញ្ជាក់អំពីការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងការការពារគោលការណ៍សិទ្ធិសេរីភាពចរាចរណ៍ផ្លូវទឹក សម្រាប់គ្រប់ប្រទេសទាំងអស់។ គ្មានប្រទេសណាមួយ នៅក្នុងសហគមន៍អន្តរជាតិ ដែលត្រូវបានគេរារាំង បំភ័យ ឬសំឡុតឲ្យបោះបង់សិទ្ធិនេះចោលបានឡើយ។
ពីខាងភាគីចិន អគ្គបញ្ជាការកងទ័ពចិនភូមិភាគខាងកើត បានឲ្យដឹងកាលពីថ្ងៃពុធថា គេបានបញ្ជាកងកម្លាំងជើងទឹក ព្រមទាំងយន្តហោះល្បាតផង ឲ្យតាមឃ្លាំមើលដំណើរឆ្លងកាត់របស់នាវាចម្បាំងអាមេរិក។ លោក Li Xi អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ពចិននេះ បានលើកឡើងថា កងកម្លាំងភូមិភាគខាងកើត ត្រៀមខ្លួនប្រុងប្រៀបជានិច្ច ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន។
សូមបញ្ជាក់ថា សំណុំរឿងកោះតៃវ៉ាន់ នៅតែជាការព្រួយបារម្ភដ៏ធំ សម្រាប់ស្ថិរភាពនិងសន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈចិនប្រកាសជំហរកាន់តែច្បាស់ ថាខ្លួនមិនញញើតក្នុងការប្រើកម្លាំងដើម្បីយកតៃវ៉ាន់មកគ្រប់គ្រង។ កាលពីចុងខែមេសា សហរដ្ឋអាមេរិកបានសម្រេចកញ្ចប់ថវិកាជំនួយយោធា ចំនួន៨ពាន់លានដុល្លារ ដើម្បីជួយតៃវ៉ាន់។ តាមការគ្រោងទុក នៅថ្ងៃទី២០ឧសភា លោក Lai Ching-Te ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ នឹងចូលកាន់អំណាចជាផ្លូវការ។ មិនខុសពីលោកស្រីសៃ អ៊ីងវេន លោកម្នាក់នេះ មានទំនោរចង់ធ្វើឲ្យតៃវ៉ាន់មានអធិបតេយ្យភាពពេញបរិបូរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ