អានតួអត្ថបទ
រុស្ស៊ី-អាមេនី

រុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត

ថ្ងៃព្រហស្បតិ៍​ ទី ៩ ឧសភា ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសយល់ព្រមដកទ័ពរុស្ស៊ី ចេញពី តំបន់មួយចំនួន ក្នុងទឹកដីប្រទេសអាមេនី បន្ទាប់ពីការស្នើសុំរបស់នាយករដ្ឋមន្ត្រីអាមេនី  នេះបើតាមសេចក្តីរាយការណ៍ ដោយវិមានក្រេមឡាំង និង ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax។ គួរបញ្ជាក់ថា ការប្រកាសដកខ្លួនចេញពីទឹកដីអាមេនីនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពេលដែល ក្រុមកងទ័ពមួកខៀវរបស់រុស្ស៊ី ប្រមាណ ២.០០០ នាក់ បានចាកចេញពីតំបន់អបគម ការ៉ាបាក់ ដែលប្រទេស អាស៊ែបៃហ្សង់ បានដណ្តើមយកបាន កាលពីខែកញ្ញា ឆ្នាំ ២០២៣។ ដំណើរចាកចេញពី តំបន់ជម្លោះរ៉ាំរ៉ៃ រវាង អាមេនី និងអាស៊ែរបែហ្សង់ នេះ គឺជាការខណ្ឌបញ្ចប់ វត្តមានកងទ័ពរុស្ស៊ី ដែលបានអនុញ្ញាតឲ្យរដ្ឋអំណាចរុស្ស៊ី​ ពង្រាយកម្លាំងយោធារបស់ខ្លួនអស់រយៈពេលច្រើនឆ្នាំ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយនេះ ដោយដើរតួជាអាជ្ញាកណ្តាល ដែលរក្សាសន្តិសុខ ស្ថេរភាព និងបញ្ចៀសសង្គ្រាមបង្ហូរឈាម។

រុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត
រុស្ស៊ី ដកទ័ពចេញពីអាមេនី ខណៈពេលភាពតានតឹងរវាងអាមេនី និង អាស៊ែបៃហ្សង់ នៅតែបន្ត AP - Evgenia Novozhenina
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមសំដី របស់អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ នៅថ្ងៃព្រហស្បតិ៍ ទី ៩ ឧសភា បានឲ្យដឹងថា លោក វ៉្លាឌីមៀរ ពូទីន និង លោក នាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan បានជួបគ្នានៅម៉ូស្គូ ថ្ងៃពុធ ទី ៨ ឧសភា ដើម្បីចរចាលើកិច្ចព្រមព្រៀង ស្តីពីការដកទ័ពរុស្ស៊ី ចេញពីប្រទេសអាមេនី។ គួររំឭកឡើងវិញថា ក្នុងឆមាសទី២ ឆ្នាំ ២០២០ អាមេនី បានសំណូមពររុស្ស៊ីឲ្យដាក់ពង្រាយ ទ័ពរបស់ខ្លួន នៅតាមតំបន់មួយចំនួនក្នុងទឹកដីអាមេនី ដើម្បីជួយរក្សាសន្តិសុខ សុវត្ថិភាព របស់អាមេនី ដែលកំពុងផ្ទុះសង្គ្រាមជាមួយ អាស៊ែបៃហ្សង់ ជិតខាង ក្នុងគ្រានោះ។   

តែ លោក នាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan បានពោលថា ដោយមកពីស្ថានការណ៍បច្ចុប្បន្ន វិវត្តប្រែប្រួល ដូច្នេះ វត្តមានរបស់រុស្ស៊ីក្នុងទឹកដីអាមេនី លែងជាការចាំបាច់ទៀតហើយ។ ប្រព័ន្ធផ្សព្វផ្សាយ Spoutnik Armenia ដោយយោងតាមសំដីមន្ត្រីទទួលខុសត្រូវម្នាក់នៃ បក្សកាន់អំណាចអាមេនី បានឲ្យដឹងថា រុស្ស៊ីនឹងដកទ័ពរបស់ខ្លួនចេញពី តំបន់ចំនួន ៥ ក្នុងប្រទេសអាមេនី។ ប៉ុន្តែ បណ្តាញព័ត៌មាន Interfax បានបន្ថែមទៀតថា រុស្ស៊ី នឹងបន្តដាក់ពង្រាយទ័ពរបស់ខ្លួន នៅតាមព្រំដែនអាមេនី ជាប់និង ប្រទេសតួកគី និង អ៊ីរ៉ង់ ដែលជាការស្នើសុំ របស់អាមេនី ខ្លួនឯងផ្ទាល់។

ក្នុងជំនួបកំពូលទ្វេភាគីនៅថ្ងៃពុធ​ ទី ៨ ឧសភា ដដែលនេះ លោក ពូទីន បានលើកឡើងពី សារៈសំខាន់នៃការរក្សាទំនាក់ទំនងល្អ ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច រវាងរុស្ស៊ី និងអាមេនី ដោយពុំរំឭកអំពីភាពតានតឹងផ្លូវនយោបាយ រវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា រុស្ស៊ី បានចោទ អាមេនី ថាចង់ផ្តាច់ ទំនាក់ទំនងជាដៃគូ រវាងរដ្ឋទាំងពីរ ដែលមានរាប់សិបឆ្នាំ មកហើយ។ យ៉ាងណាមិញ កាលពីចុងឆ្នាំ ២០២៣ អាមេនី បានធ្វើពហិការ មិនចូលរួមជំនួបកំពូលមួយ ដែលរៀបចំដោយ សម្ព័ន្ធសន្តិសុខក្នុងតំបន់ ក្រោមការដឹកនាំរបស់រុស្ស៊ី ដ្បិត លោក Pashinyan ចាត់ទុកថា សម្ព័ន្ធនេះ បានបរាជ័យទាំងស្រុង ក្នុងតួនាទីរក្សា សន្តិសុខ ដល់ប្រទេស ដែលពាក់ព័ន្ធ។ ចំពោះ អាមេនី រុស្ស៊ី បានត្រឹមឈរឱបដៃមើល ប្រទេសអាស៊ែបៃហ្សង់ ចូលលុកលុយកាន់កាប់ តំបន់អបគម ការ៉ាបាក់ កាលពីខែកញ្ញា ឆ្នាំ ២០២៣ និងបង្ខំឲ្យ ជនជាតិអាមេនី ជាង១សែននាក់ ដែលរស់នៅក្នុងតំបន់នេះ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ