អានតួអត្ថបទ
បទយកការណ៍

ប្រជាជន​ខ្មែរ នៅស្រុកបារាំងនាំគ្នា​ដេរ​ម៉ាស ដើម្បីទប់ស្កាត់​​ការឆ្លងជំងឺ​កូវីដ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ាស​ក្រណាត់ ម៉ាស​ក្រម៉ា​បានលេច​មុខ​កាន់តែច្រើន នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅប្រទេស​បារាំង ប្រជាជន​ខ្មែរ​បាននាំគ្នា ចូលរួម​ដេរម៉ាស ដើម្បីទុកពាក់ ការពារ​កុំ​ឲ្យ​ឆ្លងមេរោគកូវីដ​១៩។ អ្នកខ្លះ បាន​ឆ្លៀត​យក​ក្រមា ផលិតផល​ខ្មែរ ទៅ​ដេរ​ជា​ម៉ាស មិនថា សម្រាប់​ចែកចាយ ដល់​មិត្តភក្តិ ក្រុមគ្រួសារ ឬ​ការលក់ដូរនោះទេ។ ម៉ាសក្រណាត់ ម៉ាស​ក្រមា​ចាប់ផ្តើម​ពេញនិយម បន្ទាប់ពី​រដ្ឋាភិបាល​បារាំង បានសម្រេច តម្រូវ​ឲ្យគេ​ពាក់ម៉ាស នៅបន្ទាប់​ពីការដកវិធានការ​បិទខ្ទប់​មនុស្ស​ក្នុង​ផ្ទះ ដែល​គ្រោង​ធ្វើ នៅថ្ងៃចន្ទ​ទី​១១​ឧសភានេះ។

រដ្ឋាផលិតម៉ាសក្រមានៅផ្ទះ ក្នុង​ពេលConfinement ។ រដ្ឋា​បាន​ប្រកាស​លក់​ម៉ាស​របស់ខ្លួន នៅលើទំព័រហ្វេសប៊ុក KramaMask
រដ្ឋាផលិតម៉ាសក្រមានៅផ្ទះ ក្នុង​ពេលConfinement ។ រដ្ឋា​បាន​ប្រកាស​លក់​ម៉ាស​របស់ខ្លួន នៅលើទំព័រហ្វេសប៊ុក KramaMask © Mok Ratha
ផ្សាយពាណិជ្ជកម្ម

Se protéger contre le covid 19 tout en restant branché នៅតែ​លេងម៉ូដ បើទោះបីជា​ពាក់ម៉ាស​ការពារ​កុំ​ឲ្យ​ឆ្លងជំងឺ​កូវីដ។ នេះជា​សារ​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​របស់​ម៉ឹង រដ្ឋា ដែលមានឈ្មោះថា ម៉ាសក្រម៉ា kramamask។ ប៉ុន្មាន​សប្តាហ៍មកហើយ រដ្ឋា រស់នៅជាយក្រុង​ប៉ារីស បាន​រើ បញ្ចេញម៉ាស៊ីនដេរ​របស់ខ្លួន សម្រាប់​ដេរម៉ាស ដែល​ដំបូងឡើយ សម្រាប់​ការប្រើប្រាស់​ក្នុង​គ្រួសារ និង​ចែកចាយ​សម្រាប់មិត្តភក្តិ នៅក្នុង​បរិបទ​កូវីដ ១៩។

ដំបូងឡើយ រដ្ឋា​ដេរម៉ាស ដើម្បី​កុំ​ឲ្យចំណាយពេល​អត់ប្រយោជន៍ ពេល​នៅជាប់​ក្នុង​ផ្ទះ។ ប៉ុន្តែ នៅពេល​តម្រូវការ​ម៉ាស មានកាន់តែ​ច្រើន បន្ទាប់ពី​រដ្ឋាភិបាល តម្រូវ​ឲ្យ​ពាក់ម៉ាស​ជាចាំបាច់ នៅក្រោយ​ដកវិធានការ បិទខ្ទប់​មនុស្ស​ក្នុង​ផ្ទះ រដ្ឋា​នឹកឃើញ​ដល់​ការដេរ ផលិតម៉ាស​ក្រណាត់ ដើម្បី​លក់ សម្រាប់​អតិថិជនទូទៅ។

ដោយ​យកគំរូតាម ម៉ាសក្រណាត់ ស្តង់ដារ​របស់​អាជ្ញាធរ បារាំង Afnor រដ្ឋា​ផលិតម៉ាសក្រណាត់ ក្នុង​ទម្រង់ ​ពីរ គឺ​ប្រភេទ​ម៉ាស ដែល​គ្រូពេទ្យ ពាក់​នៅពេល​វះកាត់ និង​ម៉ាស​ចំពុះទា។

ដូចរដ្ឋាដែល​ចាប់ម៉ាស៊ីនដេរ ដើម្បីផលិតម៉ាស​ក្រណាត់ បងយ៉ាស៊ី រស់នៅ​ខេត្ត​លីម៉ូស ដែល​មាន​ជំនាញ ខាង​ដេរខោអាវ​ស្រាប់ បាន​ឆ្លៀត​ប្រមូល ក្រណាត់ កៅស៊ូ ដើម្បី​ដេរម៉ាស សម្រាប់ការប្រើប្រាស់​ក្នុង​គ្រួសារ និង​ចែករំលែក​ទៅ មិត្តភក្តិខ្មែរ រួមទាំង​ព្រះសង្ឃ​ពីរអង្គ​នៅ​វត្តលីម៉ូស។ គំនិតរបស់បង​យ៉ាស៊ី គឺ ប្រើម៉ាស​ក្រណាត់​ដើម្បីអាច​សន្សំសំចៃ​លុយ ព្រោះថា បើសិន​ទិញម៉ាស​ពេទ្យ​ដែល​គេអាច​ប្រើ​បានតែ ៤ម៉ោងម្តង ដែល​មាន​តម្លៃ ជិត​៩៥​សេន នោះ​គេ​នឹង​អាច​ចំណាយ​លុយ​ដល់ទៅ ១០​អឺរ៉ូ ក្នុង​មួយសប្តាហ៍ សម្រាប់​តែចាយ​លើ​ការពាក់ម៉ាស។ នេះគេនៅមិនទាន់​និយាយ​ពី​Gel អាល់កុល​លាងដៃ ដើម្បី​កុំ​ឲ្យ​ឆ្លងមេរោគកូវីដ។

Om Deborah គ្រូពេទ្យ ផ្នែកមហារីក នៅមន្ទីរពេទ្យ Européene George Pompidou ស្ថិតក្នុង​ចំណោម​មនុស្ស​មុនគេ​ដែល​បាន​ទទួល​ម៉ាស​ក្រមា​របស់​រដ្ឋា។ សម្រាប់​Deborah ​ការផលិត​ម៉ាសក្រណាត់​ ដើម្បីទប់ស្កាត់​ការចម្លង​មេរោគកូរ៉ូណា គឺ​ជា​គំនិត​ដ៏ល្អមួយ។

នៅពេល​ម៉ាស​ក្រណាត់ ត្រូវ​បាន​គេ​នាំគ្នា​ដេរប្រើប្រាស់​យ៉ាងផុសផុល អ្នកគ្រូពេទ្យ​Om Deborah នៅតែ​យល់ថា ម៉ាស​ពេទ្យ ដែល​គេ​អាច​ពាក់ និង​ដោះបោះចោល នៅរាល់ ៤ម៉ោង​ម្តង ងាយស្រួល​ប្រើប្រាស់ ជាង​ម៉ាស​ក្រណាត់។

នៅប្រទេស​បារាំង ចាប់តាំង​ពីថ្ងៃចន្ទ ទី ១១​ឧសភា ថ្ងៃ​ដែល​រដ្ឋាភិបាល​បើក​សាលារៀន និង​លែង​បិទខ្ទប់​ឲ្យប្រជាជន​នៅក្នុងផ្ទះ​តទៅទៀត រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គេពាក់ម៉ាស ជាចាំបាច់ នៅពេល​ប្រើមធ្យោបាយ​ធ្វើដំណើរ​សាធារណៈ។ នេះជា​ជំហរ​ថ្មី​របស់​រដ្ឋាភិបាល បន្ទាប់​ពី​ធ្លាប់ប្រកាស​ថា ពាក់ម៉ាស ក្នុងចំណោម​ប្រជាជន​គឺ​គ្មានប្រយោជន៍ នោះទេ។

សម្រាប់ក្រុមគ្រូពេទ្យ ពាក់ម៉ាស​ប្រាកដណាស់ ថា មិនអាច​ការពារ​ពីការឆ្លង ប៉ុន្តែ វា​អាច​ជួយ​កាត់បន្ថយ​ការឆ្លងរាលដាល ជាពិសេស នៅពេល​អ្នកផ្ទុកមេរោគ ក្អក និងទប់​មេរោគ នៅក្នុង​ម៉ាស​របស់ខ្លួន

ក្នុងនាមជាគ្រូពេទ្យ ដែល​ធ្លាប់ចូលរួម​ជួយ​ព្យាបាលអ្នកជំងឺកូវីដ Om Deborah មិនលាក់​ទេ ពីការបារម្ភ​ភ័យខ្លាច​ពីរលកទី២​នៃ ជំងឺកូវីដ នៅបន្ទាប់ពី​មនុស្ស​ត្រូវ​បើក​ឲ្យ​ដើរហើរ សេរី ដូចមុន។ ការពាក់ម៉ាស​តែមួយមុខ និង​ការរក្សា​គម្លាត​សង្គម មិនគ្រប់គ្រាន់ ជួយ​ទប់ស្កាត់​ការឆ្លងកូវីដ​នោះទេ។ សម្រាប់​Om Deborah រដ្ឋាភិបាល​ត្រូវ​បង្កើនការធ្វើតេស្ត ដើម្បី អាច​ទប់ស្កាត់កុំឲ្យ​ជំងឺកូវីដ​រីករាលដាលលឿន និង​ទៅ​ដាក់សម្ពាធ​សាជាថ្មី នៅមន្ទីរពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ