អានតួអត្ថបទ

អ្នក​វិទ្យាសាស្រ្ត​អូស្រ្តាលី វ័យ​១០៤​ឆ្នាំ ធ្វើអត្តឃាត​ដោយមាន​ជំនួយ​ពីគ្រូពេទ្យ នៅស្វីស

អ្នកវិទ្យាសាស្ត្រ​​អូស្ត្រាលី​​វ័យ​១០៤​ឆ្នាំ​ម្នាក់ លោក David Goodall បានធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​ស្វីស ដើម្បី​​ធ្វើអត្តឃាត​​ខ្លួនឯង​​ដោយមាន​​ជំនួយ​ពី​អ្នកជំនាញ​​ផ្នែកវិជ្ជសាស្រ្ត។ បុរសរូបនេះ​ សង្ឃឹមថា ប្រទេសអូស្រ្តាលី​​ដែលជាប្រទេស​​កំណើត​​របស់លោក និងប្រទេសផ្សេងៗ​ទៀត នឹងធ្វើការ​ពិចារណា​​ឡើងវិញ​​នូវការបង្កើត​​ច្បាប់អនុញ្ញាត​​អោយមាន​ការធ្វើអត្តឃាត​ដោយមាន​ជំនួយពីអ្នកជំនាញខាងវិជ្ជសាស្រ្ត។

លោក David Goodall ផ្តល់កិច្ចសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន នៅប្រទេសស្វីស
លោក David Goodall ផ្តល់កិច្ចសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន នៅប្រទេសស្វីស REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ព្រហស្បត្តិ៍ លោក David Goodall ដែលជាអ្នកវិទ្យាសាស្រ្ត​ផ្នែកជីវវិទ្យា​មួយរូប បានបញ្ចប់ជីវិត​របស់ខ្លួន​ដោយមាន​ជំនួយពី​អ្នកជំនាញផ្នែកវិជ្ជសាស្រ្ត នៅក្នុងប្រទេសស្វីស។ លោកធ្លាប់​បានព្យាយាមធ្វើ​អត្តឃាតខ្លួនឯង​ម្តងរួចមក​ហើយកាល​ពីដើមឆ្នាំ២០១៨​នេះ តែពុំទទួល​បានជោគជ័យ ហើយត្រូវបាន​ហាមឃាត់ពីការស្វែងរក​ជំនួយ​ក្នុងការបញ្ចប់ជីវិតរបស់លោកក្នុង​ប្រទេសអូស្រ្តីលី។ ហេតុដូច្នេះ ទើបលោកសម្រេចចិត្ត​ធ្វើដំណើរទៅ ប្រទេសស្វីស ដែលមានច្បាប់អនុញ្ញាត​ការធ្វើអត្តឃាត​ប្រភេទនេះ។

លោក Goodall បានទៅដល់ប្រទេសស្វីស​តាមរយៈជំនួយ​ពីអង្គការ Exit International ដែលជាអង្គការផ្តល់ការប្រឹក្សា​យោបល់​ចំពោះ​បញ្ហា​បញ្ចប់ជីវិត និងការធ្វើអត្តឃាត​ដោយមានជំនួយ​ពីអ្នកជំនាញ។

មួយថ្ងៃមុន​ការធ្វើអត្តឃាត​របស់លោក លោក Goodall បានប្រាប់​ទៅកាន់អ្នកសារព័ត៌មាន​ថា លោកពុំមានមានជំងឺ​អ្វីធ្ងន់ធ្ងរ​នោះទេ។ មូលហេតុចំបង​ដែលលោកចង់បញ្ចប់ជីវិតរបស់ខ្លួន គឺដោយសារគុណភាព​នៃជីវិត​របស់លោកបាន​ធ្លាក់ចុះយ៉ាងខ្លាំង​ ដោយសារ​វ័យជរារបស់លោក។​

លោក Goodall បានអោយ​ដឹងទៀតថា លោកចង់បញ្ចប់​ជីវិត​របស់ខ្លួន​នៅក្នុងប្រទេសកំណើត ហើយ​លោកមានការសោកស្តាយ​យ៉ាងខ្លាំង​ដែលប្រទេសអូស្រ្តាលី​ពុំមានច្បាប់​អនុញ្ញាត​អោយមានជំនួយ​អត្តឃាត ដូចនៅប្រទេសស្វីស។ លោកសង្ឃឹមថា ប្រទេសអូស្រ្តាលី​និងប្រទេស​ផ្សេងៗទៀត នឹងធ្វើការពិចារណា​ឡើងវិញ​នូវការបង្កើត​អោយមានច្បាប់​ប្រភេទនេះ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសអូស្ត្រាលី​ មានតែរដ្ឋ Victoria មួយប៉ុណ្ណោះដែលមានច្បាប់អនុញ្ញាតអោយមានជំនួយអត្តឃាតនេះ តែច្បាប់នេះនឹងចូលជាធរមាននៅក្នុងខែមិថុនាឆ្នាំ២០១៩ ហើយច្បាប់នេះប្រើបានតែចំពោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងមិនអាចរស់បានលើសពី៦ខែ។

នាពេលបច្ចុប្បន្ន ច្បាប់នៅក្នុងប្រទេសស្វីសអនុញ្ញាតអោយបុគ្គលរូបណាដែលមានស្មារតីគ្រប់គ្រាន់ និងមានការតាំងចិត្តយ៉ាងម៉ុតមាំក្នុងការធ្វើអត្តឃាតខ្លួនឯងរយៈពេលយូរមកហើយ មានសិទ្ធិស្នើសុំការស្លាប់ដោយស្ម័គ្រចិត្តតាយរយៈជំនួយរបស់អ្នកជំនាញវិជ្ជសាស្រ្តនេះ។ តែបុគ្គលនោះត្រូវមានកាយសម្បទាគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពចុងក្រោយដោយខ្លួនឯង ឧទាហរណ៍ដូចជា ក្នុងករណីរបស់លោក Goodall លោកត្រូវបើកបង្ហូរថ្នាំសំលាប់ខ្លួនចូលទៅក្នុងសរសៃឈាមរបស់លោកដោយខ្លួនឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ