ព្រឹត្តិការណ៍ «សង្ក្រាន្ត» រីករាលដាលពេញផ្ទៃប្រទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
នៅឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍សង្ក្រាន្ត ដែលប្រសូត្រនៅខេត្តសៀមរាបតាំងពីឆ្នាំ២០១៣ កំពុងតែត្រូវបានរៀបចំធ្វើនៅបណ្ដាខេត្តផ្សេងៗ មិនមែនមានតែនៅក្នុងខេត្តសៀមរាបដូចមុនទៀតឡើយ។ អ្នកជំនាញមើលឃើញថា ការរីករាលដាលនៃព្រឹត្តិការណ៍នេះទៅកាន់ខេត្តនានាទូទាំងប្រទេស កំពុងក្លាយជាឱកាសដ៏ប្រសើរមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។
តាំងពីឆ្នាំ២០១៣ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តសៀមរាបក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយក្នុងចំណោមមហាគ្រួសារខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ប្រារព្ធធ្វើរយៈពេល៣ថ្ងៃ អង្គរសង្ក្រាន្តបានផ្ដល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ ស្វែងយល់ពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរដ៏ចំណាស់និងសម្បូរបែប ដើម្បីឲ្យពួកគេចូលរួមការពារនិងអភិរក្សកេរ្តិ៍ដំណែលនេះទៅថ្ងៃអនាគត។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រឹមតែបានបង្កើតបរិយាសសប្បាយរីករាយក្នុងចំណោមភ្ញៀវជាតិនិងអន្ដរជាតិទេ ព្រឹត្តិការណ៍នេះថែមទាំងបានបំបែកឯតគ្គកម្មពិភពលោកលើនំអន្សមយក្សធំជាងគេលើពិភពលោក ការបំបែកឯតគ្គកម្មរាំម៉ាឌីហ្សុនដែលមានមនុស្សចូលរួមច្រើនជាងគេ ការធ្វើមួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស ការទាញព្រ័ត្រយក្ស ការប្រកួតអុកចត្រង្គយក្ស និងការតាំងបង្ហាញចាប៉ីដងវែងយក្សជាដើម។
កម្មវិធីប្លែកៗទាំងអស់នេះ បានទាក់ទាញឲ្យភ្ញៀវទេសចរជាតិនិងអន្ដរជាតិធ្វើដំណើរទៅកាន់ទឹកដីអង្គរយ៉ាងភ្លូកទឹកភ្លូកដីជារៀងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានកើនឡើងពីប្រមាណ១៧ម៉ឺននាក់នៅឆ្នាំ២០១៣ រហូតដល់ទៅប្រមាណ១លាន៣សែននាក់ក្នុងឆ្នាំ២០១៦ ដែលនាំចំណូលរហូតដល់ទៅ៨០លានដុល្លារអាមេរិកដល់ចរន្តសេដ្ឋកិច្ចខេត្តសៀមរាប។
នៅឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍សង្ក្រាន្ត រីករាលដាលពេញផ្ទៃប្រទេសកម្ពុជា រាប់ចាប់តាំងពី សង្ក្រាន្តនៅខេត្តសៀមរាបជាព្រឹត្តិការណ៍ធំជាងគេ សង្ក្រាន្តវត្តភ្នំនៅភ្នំពេញ សង្ក្រាន្តវិហារសួគ៌នៅខេត្តកណ្ដាល សង្ក្រាន្តស្វាយរៀង សង្ក្រាន្តព្រៃវែង សង្ក្រាន្តបន្ទាយមានជ័យ សង្ក្រាន្តកំពង់ស្ពឺ សង្ក្រាន្តអូររាំងឪនៅខេត្តត្បូងឃ្មុំ និងនៅតាមបណ្ដាខេត្តនានាផ្សេងទៀត។
អ្នកជំនាញផ្នែកទេសចរណ៍មើលឃើញថា ការរីករាលដាលនៃព្រឹត្តិការណ៍នេះទៅកាន់ខេត្តនានាទូទាំងប្រទេស កំពុងក្លាយជាឱកាសដ៏ប្រសើរមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ ជាឱកាស ព្រោះដូចបានលើកឡើងហើយថា ព្រឹត្តិការណ៍សង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តបានច្រើនជាងមុន និងយូរជាងមុន ដែលនេះស្មើនឹងចំណូលច្រើនជាងមុន។
ប៉ុន្តែទន្ទឹមនឹងឱកាសនេះ អ្នកជំនាញដដែលសង្ឃឹមថា ក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ទាំងសហភាពសហព័ន្ធយុវជនកម្ពុជាក្ដី ទាំងអាជ្ញាធរមូលដ្ឋានក្ដី នឹងខិតខំប្រឹងប្រែងកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះរឹងរឹតតែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ បញ្ហាបរិស្ថាន អនាម័យ គួរតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ ខណៈមួយឆ្នាំៗ ព្រឹត្តិការណ៍សង្ក្រាន្តដ៏សប្បាយរីករាយ ត្រូវប្រារព្ធធ្វើឡើងក្រោមបរិស្ថានដ៏អួរអាប់ សម្រាមចោលពាសវាលពាសកាល។
ធំជាងបញ្ហាបរិស្ថាននេះ គឺការឡើងថ្លៃនៃសេវាកម្មនិងផលិតផលគ្រប់ប្រភេទនៅក្នុងអំឡុងព្រឹត្តិការណ៍សង្ក្រាន្ត។ ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តម្លៃសេវាកម្មធ្វើដំណើរ ស្នាក់នៅ និងម្ហូបអាហារ បានហក់ឡើងខ្ពស់ហួសពីតម្លៃធម្មតា។ ជាការពិត បើនិយាយពីទ្រឹស្ដីពាណិជ្ជកម្មក្នុងសង្គមទីផ្សារសេរី វាគឺជារឿងធម្មតាដែលតម្លៃផលិតផលឬសេវាកម្មត្រូវឡើងថ្លៃ នៅពេលមានតម្រូវការកាន់តែច្រើន។ ប៉ុន្តែនៅពេលតម្លៃហក់ឡើងខ្ពស់ហួសពីតម្លៃធម្មតាខ្លាំងពេក វានឹងធ្វើឲ្យទាំងអស់គ្នាខាតបង់៖ អ្នកទិញខាតព្រោះបង់ថ្លៃទំនិញខ្ពស់ហួសពីការពិត ចំណែកអ្នកលក់ខាតបង់ព្រោះបាត់បង់អតិថិជន។
ព្រឹត្តិការណ៍សង្ក្រាន្ត ត្រូវបានរៀបចំធ្វើឡើងដើម្បីបង្កភាពសប្បាយរីករាយ និងជាឱកាសទាក់ទាញទេសចរ។ ការខាតបង់នៅក្នុងឱកាសនេះ បើទោះបីជាសម្រាប់នរណាក៏ដោយ មិនគួរកើតមានទេ។ ដូច្នេះ ក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ពិសេសអាជ្ញាធរ ចាំបាច់ត្រូវធ្វើយ៉ាងណាកាត់បន្ថយភាពអសកម្មនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បញ្ហាអនាម័យក៏ដោយ ការឆ្លៀតឱកាសតម្លើងតម្លៃតម្លៃ គឺជាទម្លាប់ដុះស្លែដែលកើតមានឡើងតាំងពីយូរណាស់មកហើយ។ ការបណ្ដែតបណ្ដោយ ឬមិនចាត់វិធានការម៉ឺងម៉ាត់ដើម្បីដោះស្រាយបញ្ហានេះ កំពុងតែបានបង្ហាញពីភាពខ្សោយរបស់អាជ្ញាធរក្នុងការគ្រប់គ្រង ទៅកាន់អ្នកចូលរួមព្រឹត្តិការណ៍នេះទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ