អានតួអត្ថបទ
កម្ពុជា

២០១២ ឆ្នាំ​វដ្ត​នៃ​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម

ក្រុម​គ្រូពេទ្យ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុនឈាម​ដោយសារ​ឆ្នាំ​២០១២ គឺ​ជា​វដ្ត​នៃ​ការ​ផ្ទុះ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ។ ១៤​សប្តាហ៍​ដើមឆ្នាំ​នេះ មាន​ករណី​គ្រុនឈាម​ជាង១៣០០ករណី​ហើយ។ ក្នុង​ចំណោម​នោះ​មាន​ករណី​ស្លាប់​៨​នាក់។ យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បញ្ជូន​សារ​ប្រុងប្រយ័ត្ន​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ។

យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​១៩ មេសានេះ ដើម្បី​បញ្ជូន​​សារ​ប្រុងប្រយ័ត្ន​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ
យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​១៩ មេសានេះ ដើម្បី​បញ្ជូន​​សារ​ប្រុងប្រយ័ត្ន​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ​បង្ហាញថា ក្នុង​រយៈពេល​១៤​សប្តាហ៍​ដើម​ឆ្នាំ​២០១២​នេះ មាន​កើតករណីគ្រុនឈាម​១៣៩៣​ករណី ដែល​ក្នុងចំណោម​នោះ​មាន​​ស្លាប់៨ករណី។ ស្ថានភាព​នេះ​ក៏​បាន​បង្ហាញ​អោយ​ឃើញ​កំណើន​នៃ​អ្នក​ឈឺបើធៀបជាមួយ​ឆ្នាំ​២០១១​ដែល​មាន​តែ​៣៣៩​នាក់ និង​ស្លាប់​តែ​៤​នាក់​នោះ។

អ្វីដែល​ធ្វើអោយ​ក្រុមគ្រូពេទ្យ​កម្ពុជា​ព្រួយបារម្ភ​ខ្លាំង​នោះ​គឺ ឆ្នាំ២០១២នេះ គឺ​វដ្ត​នៃ​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម ហើយ​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំនេះ​ក៏​កំពុង​ដើរ​តាម​គន្លង​នៃ​ឆ្នាំ​២០០៧​ផងដែរ។ វដ្ត​នៃ​ការផ្ទុះ​ជំងឺគ្រុនឈាម​មាន​រយៈពេល​៥​ឆ្នាំ។ ឆ្នាំ​២០០៧ កាលណោះ ក្នុង​រយៈពេល​១៤​សប្តាហ៍​ដើមឆ្នាំ​ដូចគ្នា មាន​ករណី​គ្រុនឈាម​រហូត​ដល់​១៩០៤ករណី ក្នុងនោះ​មាន​ស្លាប់​១៦​នាក់។

សេចក្តី​ព្រួយបារម្ភ​នេះ ត្រូវ​បាន​ផ្សាយ​អោយដឹង​នៅក្នុង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​នៅ​ព្រឹក​ថ្ងៃទី១៩មេសា​នេះ ក្រោម​ប្រធាន​បទៈ “បង្កា​ជំងឺគ្រុនឈាម ជា​កាតព្វកិច្ច​របស់​យើង​គ្រប់គ្នា”។
នៅក្នុង​យុទ្ធនា​ការ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​ដែលមាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តំណាង​ក្រសួង​អប់រំ និង​ស្ថាប័ន​អន្តរជាតិ​នានា​ដែល​ធ្វើ​ការងារ​ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ បាន​បង្ហាញ​អំពី​វិធានការ​ទប់ស្កាត់​និង​បង្ការ​ជំងឺ​គ្រុនឈាម តាមរយៈ​ការ​ដាក់​ថ្នាំ​អាបែត សំអាត​ទីធ្លា សំអាត​របស់របរ​ដែ​លអាច​ដក់​ទឹក​បាន​ជាដើម។ ក្រសួង​សុខាភិបាល​បាន​ត្រៀម​ចែកចាយ​ថ្នាំ​អាបែត​ចំនួន​២៧០​តោន​ដល់​ពលរដ្ឋ​ដែល​ក្នុង​សហគមន៍​ដែល​ទទួល​រង​ការ​គំរាមកំហែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ