អានតួអត្ថបទ
កម្ពុជា

សមាជិក​សភា​គណបក្ស​សមរង្ស៊ី​៥នាក់​ស្ម័គ្រចិត្ត​លាចេញ​ពី​តំណែង

គណបក្ស​សមរង្ស៊ី​មិន​ទទួល​យក​ការ​បកស្រាយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឡើយ​ ហើយ​កំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ធ្វើឲ្យ​មាន​វិបត្តិ​រដ្ឋសភា។ ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ​ ចំនួន​៥​ រូប​នឹង​ត្រូវ​លាលែង​ពី​រដ្ឋសភា​ ក្នុង​នោះ​ក៏មាន​លោកស្រី​ កែ​ សុវណ្ណរ័ត្ន ​អគ្គលេខាធិការ​គណបក្ស​នេះ​ផង​ដែរ។ គណបក្ស​សម រង្ស៊ី​នៅតែ​បកស្រាយ​ថា ​តំណាងរាស្ត្រ​មិន​គ្រប់​១២០​នាក់​នឹង​នាំ​ឲ្យ​រដ្ឋសភា​មិនអាច​ដំណើរការ​បាន​ឡើយ។

សមាជិករដ្ឋសភាកម្ពុជា ក្នុងពេលទទួលគ្រឿង​ឥស្សរិយយស​​ពីព្រះមហាក្សត្រខ្មែរ នរោត្តម​ សីហមុនី
សមាជិករដ្ឋសភាកម្ពុជា ក្នុងពេលទទួលគ្រឿង​ឥស្សរិយយស​​ពីព្រះមហាក្សត្រខ្មែរ នរោត្តម​ សីហមុនី © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ទីបំផុត​ទៅ ​គណបក្ស​សម រង្ស៊ី​បាន​រក​ឃើញ ​«វីរជន» ​របស់​ខ្លួន​ហើយ​ នោះ​គឺ ​តំណាងរាស្ត្រ​ ៥​នាក់​បាន​ស្ម័គ្រចិត្ត​លាលែង​ចេញ​ពី​តំណែង​ ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​រដ្ឋសភា​គាំង​ដំណើរការ ​ដែល​ប្រកាស​ដោយ​លោក​សម រង្ស៊ី។​ លោកស្រី​ កែ សុវណ្ណរ័ត្ន ​អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ​លោកស្រី​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​សមាជិក​សភា​ដែល​ត្រូវ​លាលែង​ចេញ​ពី​តំណែង​ដែរ។

លោក​សម​រង្ស៊ីបាន​ប្រកាស ​កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ​ឆ្នាំ​២០១១ ​ដោយ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​វិបត្តិ​រដ្ឋធម្មនុញ្ញ ​តាម​រយៈការ​ធ្វើ​ឲ្យ​រដ្ឋសភា​ខ្វះ​លក្ខណៈ​ច្បាប់ ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ មាត្រា​ ៧៦។ ​មាត្រា ​៧៦ ​​ចែង​ថា ​រដ្ឋសភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​ ១២០​​រូប។ ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​បែប​នេះ​របស់​លោក​សមរង្ស៊ី​ បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រដ្ឋសភា​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នា ពេល​ខាង​មុខ​នេះ​ ដើម្បី​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២​ ដែល​ជា​ច្បាប់​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។

ប៉ុន្តែ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​ដែល​ជា​ស្ថាប័ន​បកស្រាយ​ច្បាប់ ​បាន​ផ្សព្វផ្សាយ​ការ​បកស្រាយ​របស់​ខ្លួន ​កាលពី​ឆ្នាំ​២០០៣​ ដែល​បញ្ជាក់​ថា ​ការ​តម្រូវ​ឲ្យ​រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច​១២០​នាក់​ គឺ​សម្រាប់​តែ​ការ​បើក​សម័យ​ប្រជុំ​ដំបូង​ក្រោយ​ការ​បោះឆ្នោត​ សម្រាប់​អនុម័ត​បង្កើត​រដ្ឋសភា​តែប៉ុ​ណ្ណោះ។​ ចំនួន​នេះ​មិន​ចាំបាច់​សម្រាប់​ដំណើរការ​ធម្មតា​របស់​រដ្ឋសភា​ឡើយ។ ​ក្នុង​ន័យ​នេះ ​ការ​លាលែង​ពីតំណែង​របស់​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទេ។

ប៉ុន្តែ ​អគ្គលេខា​ធិការ​គណបក្ស​សម រង្ស៊ី ​អះអាង​ថា ​គណបក្ស​ប្រឆាំង​មិន​ទទួល​យក​ការ​បកស្រាយ​នេះ​ទេ​ដោយ​​ចោទ​ប្រកាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា​លម្អៀង​ទៅ​រក​បក្ស​កាន់អំណាច។​លោកស្រី​ កែ សុវណ្ណរ័ត្ន​ បាន​អះអាង​ថា​ តំណាងរាស្ត្រ​មិន​គ្រប់​១២០​នាក់​ គឺ​ជា​វិបត្តិ​រដ្ឋសភា​យ៉ាង​ពិត​ប្រាកដ ​ហើយ​គណបក្ស​សម រង្ស៊ី​នៅតែ​បន្តយុទ្ធសាស្ត្រ​របស់​ខ្លួន​ដដែល។

សមាជិក​សភា​ទាំង​ ៥​រូប ​ដែល​ត្រូវ​លាលែង​នោះ​មាន​លោកស្រី​កែ សុវណ្ណរ័ត្ន ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ​លោក​ ម៉ែន ​សុថាវរិន្ទ្រ ​មណ្ឌល​កំពង់ធំ​ លោក ​ហូរ វ៉ាន់ ​មណ្ឌល​ភ្នំពេញ​ លោក ​នុត រំដួល​ មណ្ឌល​កំពង់ស្ពឺ ​និង​លោកស្រី ​ថាក់ ឡានី​ ​មណ្ឌល​កំពង់ចាម។​

យ៉ាងណា​ក៏ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា ​មានតែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​តែ​មួយ​គត់​ ដែល​ជា​ស្ថាប័ន​បកស្រាយ​ច្បាប់។ ​រីឯ​ការ​បកស្រាយ​របស់បក្ស​ប្រឆាំង​នឹង​គ្មាន​តម្លៃ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ