អានតួអត្ថបទ
ចិន-តុលាការ

ចិន​កាត់​ទោស​និស្សិត​អ៊ុយហ្គួរ​របស់​បញ្ញវ័ន្ត​អ៊ីលហាម តូទី ​ដោយ​សម្ងាត់​បំផុត​

និស្សិត​សកល​វិទ្យាល័យ អ៊ុយហ្គួរ​៧​រូប​ ​ត្រូវ​​បាន​តុលាការ​ចិន​-​កាត់ទោសដោយ​សម្ងាត់​បំផុត​ ពី​បទប៉ុនប៉ង​​​ទាមទារ​ផ្តាច់​ទឹកដី។ការ​​ចោទ​ប្រកាន់​នេះគឺ ​ដូច​​គ្នា​ទៅ​​នឹង ការ ចោទ ប្រកាន់​ លោក​អ៊ីលហាម តូទី​ដែលត្រូវ​ជា​គ្រូ​បង្រៀន​របស់​ពួក​គេ​នៅ​សកល​វិទ្យាល័យ​និង ដែល​កំពុង​ជាប់​ពន្ធនាគារ។ សវនាការ​កាត់​ទោស​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ម្សិលមិញ​គឺ​៤​ថ្ងៃ​ក្រោយពី​តុលាការ​ចិន បាន​ចេញ​សាលក្រម​ដាក់​ទោស​សាស្ត្រាចារ្យ​​អ៊ីលហាម តូទី​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម
ប៉ូលិស​ចិន​ចាប់​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ ដោយ​សង្ស័យ​ខ្លាច​បង្ក​ភេរវកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

និស្សិត​អ៊ុយហ្គួរ​ទាំង​៧​នាក់​របស់​លោក​សាស្ត្រាចារ អ៊ីលហាម តូទី បាន​ចូល​ខ្លួន​នៅ​មុខ​តុលាការ អ៊ុយរុំជី​នៅ​តំបន់​ស៊ីនជាំង តំបន់​ដែល​មាន​​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់​នៅ។ ក្នុង​ចំណោម​និស្សិត​ទាំង​អស់​នោះ ៦​នាក់​ជា​ជនជាតិ​អ៊ុយហ្គួរ​និង​ម្នាក់​ទៀត​ជា​ជនជាតិ​ភាគ​តិច​​ក្នុង​សហគមន៍​យី។

យោង​តាម​ទិន្នានុប្បវត្តិ​ចិន​ឈ្មោះ Global Times ​និស្សិត​ទាំង​៧​រូប​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​គ្មាន​កំហុស​អ្វី​​ក្រៅតែ​ពី​ការ​ជួយ​លោក​គ្រូ​គេ​ក្នុង​ការ​រៀបចំ​ដាក់​គេហទំព័រ​ឲ្យ​មាន​ពីរ​ភាសា​ប៉ុណ្ណោះ គឺ​​ភាសា​ចិន​និង​ភាសា​អ៊ុយហ្គួរ។ហើយ ការ​រៀបចំ​ឲ្យ​មាន​ពីរ​ភាសា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័នែត ក៏​ដើម្បី​​លើក​ស្ទួយ​ដល់​ទំនាក់ទំនង​រវាង​សហគមន៍​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​និង​សហគមន៍​​ហាន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស។

ក៏ប៉ុន្តែ អាជ្ញាធរ​ចិន​នៅ​តែ​ចោទ​ពួក​គេ​ ថា​គ្រូ​និង​សិស្ស​សុទ្ធតែ​មាន​គំនិត​មិន​ល្អ​ដោយ​រៀបចំ​គេហទំព័រ​នេះ គឹ​ដើម្បី​ចង់​បំផុសបំផុល​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​សហគមន៍​ហាន​និង​ជំរុញ​ឲ្យ​មាន​ការ​ទាមទារ​ឯករាជ្យ​នៅ​តំបន់​សីនជាំង​ដែរ។ ការ​វិនិច្ឆ័យទោស​របស់​ក្រុម​និសិត្ស​ទាំង​៧​រូប​នេះ ​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយទេ។

គួររំលឹកថា លោក​ស្តា្រចារ្យ​ អ៊ីលហាម តូទី ដែល​ជា​សេដ្ឋកិច្ចវិទូ​បង្រៀន​នៅ​សកល​វិទ្យាល័យ​សំរាប់​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ប៉េកាំង មាន​អាយុ​៤៤​ឆ្នាំ​និង​ត្រូវ​បាន​គេ​គោរព​ស្រឡាញ់​ខ្លាំង។​ម្យ៉ាងទៀត ជាយូយារមកហើយ គាត់តែងតែ​បរិហារ​អំពី​ការ​គៀប​សង្កត់​របស់​​អាជ្ញាធរ​​ចិន​​ទៅ​លើ​សហគមន៍​អ៊ុយហ្គួរ​នៅ​តំបន់​ស៊ីនជាំង តែ​គាត់​ក៏​ពុំ​ដែល​បាន​ទាមទារ​ឯករាជ្យ​នៅ​តំបន់​ស៊ីនជាំង​នោះឡើយ។​ នៅ​ក្នុង​ពេល​សវនាការ​កាត់​ទោស​គាត់​នៅ Urumqi​ កន្លង​មក ក្រោម​​កិច្ច​ការពារ​សន្តិសុខ​ដ៏​មត្យ័ត​បំផុត លោក​អ៊ីលហាម តូទី​-បាន​​​បដិសេធ​យ៉ាង​ដាច់​អហង្កា​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ចិន​មក​លើ​រូប​គាត់​ពី​បទ​ប៉ុនប៉ង​ទាមទារ​ផ្តាច់​ទឹកដី​ ដោយ​លោក​បាន​គូស​បញ្ជាក់ ថា​លោក​ជា​គ្រូ​មាន​តួ​នាទី​ត្រឹមតែ​បង្ហាត់​សិស្ស​និង​បញ្ចេញ​យោបល់​របស់​គាត់​តែ​ប៉ុណ្ណោះ។​

រីឯ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក រួម​ទាំង​អង្គការ​ការពារ​សិទ្ធមនុស្ស​នានា បាន​ទិះតៀន​យ៉ាង​ខ្លាំងក្លា​សនវការ​កាត់ទោស​សាស្ត្រាចារ្យ​អ៊ុយហ្គួរ​នេះ ដោយ​ទាមទារ​សុំ​ឲ្យ​ដោះលែង​រូប​គាត់​តែ​ជា​អសារឥតការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ