អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជាជន​ប្រារព្ធ​ថ្ងៃ​៧​មករា ក្រោម​បរិយាកាស​ទំនាស់​នយោបាយ​

គណបក្ស​ប្រជាជនកម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល ហើយ​ដែល​ជំទាស់​ដោយ​គណបក្ស​សង្គ្រោះជាតិ​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​ជ័យ​ជម្នះ​៧​មករា​លើក​ទី​៣៥នៅ​មជ្ឈមណ្ឌល​សន្និសីទ​កោះពេជ្រ​នៅ​ថ្ងៃ​ស្អែក​នេះ។ ថ្នាក់​ដឹកនាំ​កំពូល​ទាំង​៣​រូប​នឹង​មាន​វត្តមាននៅ​ក្នុង​ពិធី ដែល​មាន​អ្នកចូលរួម​២​ម៉ឺន​នាក់។ ការ​ប្រារព្ធ​ខួប​ឆ្នាំ​ទី​៣៥​នៃ​ថ្ងៃ​៧​មករា​របស់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវ​ប្រព្រឹត្តិ​ទៅ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​បំបែក​ក្រុម​បាតុករ​របស់​គណបក្ស​ប្រឆាំង និង​បាតុករទាមទារ​ប្រាក់ខែ​កម្មករ។

ប្រមុខដឹកនាំគណបក្សប្រជាជន​កម្ពុជា នៅ​ក្នុង​ខួបគម្រប់លើកទី៣៤ ថ្ងៃ៧មករា ២០១៣។
ប្រមុខដឹកនាំគណបក្សប្រជាជន​កម្ពុជា នៅ​ក្នុង​ខួបគម្រប់លើកទី៣៤ ថ្ងៃ៧មករា ២០១៣។ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ទិវា​ជ័យជម្នៈ​៧​មករា​លើក​ទី​៣៥នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ នៅ​ថ្ងៃ​អង្គារ​នេះ ជាមួយ​អ្នកចូលរួម​២ម៉ឺន​នាក់ ក្រោម​វត្តមាន​របស់​ប្រធាន​គណបក្ស​ ​លោក ជា ស៊ីម អនុប្រធាន​គណបក្ស​គឺ​លោក ហ៊ុន សែន និង​ប្រធាន​កិត្តិយស​គឺ​លោក​​ហេង សំរិន។ ថ្នាក់ដឹកនាំកំពូល​ទាំងបី​របស់​គណបក្ស​ប្រជាជនកម្ពុជា​ក៏កំពុងដឹកនាំ​ស្ថាប័នជាតិ​កំពូល​​ក្នុងនីតិកាល​ទី​៥​នេះ ដែល​គណបក្ស​ប្រឆាំង កំពុង​ជំទាស់​។

 
ទិវា៧មករា​​នៅ​ថ្ងៃអង្គារនេះ ត្រូវ​ប្រារព្ធ​ឡើង​តែ​ប៉ុន្មានថ្ងៃ ​ក្រោយ​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បំបែក​ការ​តវ៉ា​របស់គណបក្ស​សង្គ្រោះជាតិ និង​ក្រុមបាតុករ​ដែល​ទាមទារដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ។ ការ​បំបែក​ដែល​បាន​បង្កអោយ​មានអ្នកស្លាប់៥​នាក់ និង​របួស​ទាំងបាតុករ និង​កំលាំង​សមត្ថកិច្ច​រាប់សិបនាក់។

លោកផៃ ស៊ីផាន​ដែល​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បដិសេធ​ចោល ការ​អត្ថាធិប្បាយ​ណា​ដែល​និយាយ​ថា ការ​ប្រារព្ធ​ទិវា​ជ័យជម្នៈ​៧មករា​២០១៤នេះ ប្រព្រឹត្តិទៅ​ក្រោម​​ទិដ្ឋភាព​នយោបាយ​​តានតឹង។ ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជនកម្ពុជា​រូប​នេះ អ្វី​ៗមាន​សភាព​ធម្មតានៅពេលនេះ។

លោកបញ្ជាក់ថា ផ្លូវ​ថ្នល់​បានក្លាយជា​ប្រយោជន៍​របស់​សាធារណៈ រោងចក្រ​បាន​ក្លាយជា​របស់​ថៅកែ​វិញ និងភូមិករ​ដែលស្ថិត​នៅ​ក្បែរ​តំបន់ឧស្សាហកម្មកាត់ដេរ​ ក៏​បាន​ក្លាយជា​របស់​ពលរដ្ឋ​​ជា​ធម្មតា​វិញដែរ។ មន្ត្រី​រដ្ឋាភិបាល​ដដែល​ទំនងជា​​កំពុង​តែ​និយាយអំពី ប្រតិបត្តិការ​​បោសសម្អាត​ការ​តវ៉ារបស់​គណបក្ស​សង្គ្រោះជាតិ ​កាល​ពី​ចុងសប្តាហ៍​កន្លងទៅ។

ក៏ដូច​រៀងរាល់ឆ្នាំ​ដែរ គណបក្ស​ប្រជាជនកម្ពុជា​ប្រារព្ធនឹង​រៀបចំ​ទិវា​រម្លឹក​ខួប​៧មករា​នៅ​តាម​ខេត្ត​រាជធានី​រៀងៗខ្លួន។ លោក ញ៉ែម ថ្ថាវី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​មណ្ឌល​កំពង់ធំ ដែល​នឹង​ចូលរួម​ទិវា​៧មករា​នៅ​ក្នុង​ខេត្ត​កំពង់ធំនោះ មិន​បាន​ភ្លេច​ខ្លឹម​សារ​នៃព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​៧​មករាឡើយ។

ចំពោះ​លោកញ៉ែម ថ្ថាវី ៧មករា​១៩៧៩ គឺ​ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​កា​របង្រួបបង្រួម​ជាតិ អោយរស់ឡើងវិញ មុន​នឹង​មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ក្រោយ​ៗទៀត ដូចជា​ការ​ជួប​គ្នា​រវាងសម្តេចនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ និង​លោក​ហ៊ុន សែន​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ