អានតួអត្ថបទ
ចិន

ក្រុមអ្នកជួយសង្រ្គោះ​កំពុង​ខ្នះខ្នែង​ជួយ​សង្រ្គោះ​កម្មករ​អណ្តូងរ៉ែមាស ៨៣នាក់​ដែល​ត្រូវ​ដី​បាក់​សង្កត់

នៅ​ដែនដី​ទីបេ​ក្នុង​ប្រទេស​ចិន ក្រុមអ្នកជួយសង្រ្គោះ​កំពុង​បន្ត​ខ្នះខ្នែង​ជួយ​ស្រោចស្រង់​ជីវិត​កម្មករ​អណ្តូងរ៉ែ​មាស​ចំនួន ៨៣នាក់​ដែល​កំពុង​ជាប់​ក្នុង​អណ្តូងរ៉ែ​ក្បែរ​ទីក្រុង​ឡាសសា។ កម្មករ​អណ្តូងរ៉ែ​ចិន​ទំាង ៨៣នាក់​នោះ​ត្រូវ​ដី​រាប់សិបតោន​បាក់​សង្កត់​លើ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី២៩ មីនា​ម្សិលមិញ។ ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ សេចក្តីសង្ឃឹម​ស្វែង​រក​អ្នក​នៅ​មាន​ជីវិត​កាន់​តែ​ស្តួចស្តើង​ទៅៗ។

ក្រុមអ្នកជួយសង្រ្គោះ​កំពុង​ខ្នះខ្នែង​ជួយ​សង្រ្គោះ​កម្មករ​អណ្តូងរ៉ែមាស ៨៣នាក់​ដែល​ត្រូវ​ដី​បាក់​សង្កត់
ក្រុមអ្នកជួយសង្រ្គោះ​កំពុង​ខ្នះខ្នែង​ជួយ​សង្រ្គោះ​កម្មករ​អណ្តូងរ៉ែមាស ៨៣នាក់​ដែល​ត្រូវ​ដី​បាក់​សង្កត់ REUTERS/CCTV via Reuters TV
ផ្សាយពាណិជ្ជកម្ម

ជា​សរុប មាន​ក្រុមអ្នកជួយ​សង្រ្គោះ​ជាង ២ ០០០នាក់​ដែល​ត្រូវ​បាន​រដ្ឋអំណាច​បញ្ជូន​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​ដែល​ស្ថិត​នៅ​តំបន់​ព្រៃភ្នំ​ទីបេ​មាន​កំពស់ ៤ ៦០០ម៉ែត្រ​ពី​ដី។ គឺ​ជា​ព្រឹត្តិការណ៍​បន្ទាន់​មួយ​ដែល​លោក​ប្រធានាធិបតី​ថ្មី​ចិន ស៊ី ជីនពីង​បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​តែ​ម្តង។ លោក​ស៊ី ជីនពីង​បាន​បញ្ជា​ឲ្យ​អ្នកជួយសង្រ្គោះ​គ្រប់​រូប​កុំ​សន្សំសំចៃ​កម្លំាង​របស់​ខ្លួន​ឲ្យ​សោះ ដោយ​ធ្វើ​យ៉ាង​ណា ប្រឹងប្រែង​ជីកគោះ កកាយ​ដី និង​គ្រោះថ្ម​ដែល​កំពុង​បាក់​សង្កត់​លើ​កម្មករ​អណ្តូងរ៉ែមាស​ទំាង ៨៣នាក់​នោះ។

គួរ​ជម្រាប​ជូន​ថា ការ​បាក់ដី និង​ផ្ទំាង​ថ្ម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​មាន​លក្ខណៈ​ធំធេង និង​ធ្ងន់ធ្ងរ​យ៉ាង​ខ្លំាង រហូត​ដល់​បណ្តាល​ឲ្យ​ឥទ្ធិពល​របស់​កម្លំាង​ដី និង​ផ្ទំាង​ថ្ម​ទៅ​កាត់​ផ្តាច់​គ្រឿងចក្រ​ជា​ពីរ​ចំណែក​ទៀត​ផង។ ក្រុម​កម្មករ​អណ្តូងរ៉ែ​ដែល​កំពុង​បាត់ខ្លួន គឺ​ជា​កម្មករ​ដែល​រស់នៅ​កន្លែង​ធ្វើការ និង​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ផលិតមាស​ដ៏​ធំ​មួយ​របស់​ចិន។ ម្យ៉ាងទៀត កម្មករ​ទំាង​នោះ ភាគ​ច្រើន​មិន​មែន​ជា​អ្នកស្រុក អ្នកភូមិ​នៅ​ទី​នោះ​ទេ តែ​ជា​កម្មករ​មក​ពី​ខេត្ត​ជិតខាង​ដូច​យ៉ាង​ខេត្ត Yunnan Guizhou និង​ខេត្ត Sichuan ។

ទីបេ គឺ​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ប្រភព​ធនធាន​រ៉ែ​គ្រប់​ប្រភេទ ពិសេស​គឺ​រ៉ែមាស រ៉ែទង់ដែង រ៉ែសំណ និង​រ៉ែស័ង្កសី។ ទំាង​នេះ​បាន​ធ្វើ​ឲ្យ​ទីបេ​ក្លាយ​ជា​តំបន់​យុទ្ធសាស្រ្ត​មួយ​យ៉ាង​សំខាន់​របស់​ទីក្រុង​ប៉េកំាង។ ទីក្រុង​ប៉េកំាង​ដែល​មិន​ញញើត​នឹង​ធ្វើ​អាជីវកម្ម​លើ​ប្រភព​រ៉ែ​ទំាង​នោះ​ក្រោម​ទ្រង់ទ្រាយ​ធំ​ឡើយ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បាក់ដី និង​ផ្ទំាង​ដូច​ពេល​នេះ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ