អានតួអត្ថបទ
ឥណ្ឌូណេស៊ី

មេភេរវជន​ដ៏ល្បីល្បាញ​របស់​ឥណ្ឌូណេស៊ី ទទួល​ទោស​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ

១៥​ឆ្នាំ​ក្នុង​ពន្ធនាគារ នេះ ជាសាលក្រម​ ដែល​តុលាការ​​​ក្រុង​ហ្សាការតា សម្រេច​​ផ្តន្ទា​ទោស​លើ​​រូប Abu Bakar Bachir មេភេរវជន​អ៊ីស្លាម​ជ្រុល​និយម​​ នៅ​ឥណ្ឌូណេស៊ី ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦​មិថុនា​នេះ ពី​បទ​បាន​ជួយ​ឧបត្ថម្ភហិរញ្ញវត្ថុ​ដល់​ពួក​អាល់-កៃដា​ នៅ​ខេត្ត​Aceh។ តើ​ Abu Bakar Bachir ជា​អ្នក​ណា បាន​ជា​ក្នុង​ថ្ងៃ​ប្រកាស​សាលក្រម​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ប្រើ​មធ្យោបាយ​​ការពារ​​​សន្តិសុខ​ និង​សុវត្ថិភាព​យ៉ាង​សន្ធឹកសន្ធាប់​ ដោយ​មាន​ពង្រាយ​កម្លាំង​ប៉ូលិស​និង​ទាហាន​ដល់​ទៅ​ប្រមាណ​ជិត បីពាន់​នាក់ ?!

Abu Bakar Bashir ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន​ថ្ងៃ​ទី​ ២៤ កុម្ភៈ ២០១១
Abu Bakar Bashir ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន​ថ្ងៃ​ទី​ ២៤ កុម្ភៈ ២០១១ REUTERS/Supri
ផ្សាយពាណិជ្ជកម្ម

អាយុ ៧២ឆ្នាំ Abu Bakar Bashir ត្រូវ​បាន​ពួក​អ៊ីស្លាម​ជ្រុល​និយម​ចាត់​ទុក​ថា​ជា​ប្រមុខ​ដឹកនាំ​សាសនា​​កំពូល​ម្នាក់​របស់​ចលនា​ភេរវនិយម Jemaah Islamiah។ ក្រុម​ភេរវនិយមដ៏​សកម្ម​​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ដែល​បាន​បង្ក​អំពើ​ភេរវកម្ម​ជា​បន្ត​បន្ទាប់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ឆ្នាំ​២០០២ និង​២០០៥។

Abu Bakar Bashir ធ្លាប់​បាន​ជាប់​ចោទ​ និង​បាន​ឡើង​តុលាការ​ម្តង​ជា​ពីរ​ដង ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម បទ​ជួញ​ដូរ​អាវុធ​ ជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ និង​​ផ្តល់​​ការ​ហ្វឹកហ្វឺន​យោធា​ពួក​ឧទ្ទាម​ព្រៃ​ប្រដាប់​អាវុធ​នៅ​ខេត្ត​Aceh ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ភេរវកម្ម​ប្រឆាំង​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Susilo Bambang Yudhoyono ប៉ុន្តែ​រាល់​លើក Abu Bakar Bashir​តែង​បាន​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​​ទាំងនោះ។

នៅ​ឆ្នាំ​២០០៨ ​ Abu Bakar Bachirបាន​បង្កើត​ចលនា​ជាតិ​និយម​ថ្មី​​មួយ​ឈ្មោះ​ថា Jema'ah Ansharut Tauhid (JAT) ដោយ​ឈរ​លើ​គោលការណ៍​​ដើម្បី​ឥណ្ឌូណេស៊ី​ជា​រដ្ឋ​អ៊ីស្លាម។ ក្រុម​អ៊ីស្លាម​ជាតិ​និយម​នេះ បាន​ផ្គត់ផ្គង់​ និង​ផ្តល់​ជម្រក​ដល់​សមាជិក​របស់​ចលនា​Jemaah Islamiah។

ក្នុង​ការ​​កាត់​ក្តីជា​លើក​ទី​បី ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្មនេះ Abu Bakar Bashir បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​ឡាយនោះ​ ដោយ​ចាត់​ទុក​ថា​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​ល្បិច​កល​អាមេរិក និង​ប្រកាស​ធ្វើ​ឧទ្ធរណ៍។ នៅ​មុខ​តុលាការ​សកម្មជនជា​ច្រើន​រយ​នាក់​បាន​មក​ស្រែក​​គាំទ្រ​ Abu Bakar Bashir មុន​នឹង​​បំបែកគ្នា​​ដោយ​ស្ងប់​ស្ងាត់វិញ។

ប៉ុន្តែ​​សកម្មជន​ក្រុម​នេះអាច​នឹង​ធ្វើ​ការ​សង​សឹក ! នេះ​បើ​តាម​អ្នក​វិភាគ​។ ហើយ​ជាក់​ស្តែង ក្នុង​ពេល​ដំណើរ​ការ​កាត់​ក្តី និង​ចេញ​សាលក្រម​នេះ ប៉ូលិស​ ទាហាន​ប្រមាណ​ជិត​បីពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ពង្រឹង​សុវត្ថិភាព​ ព្រោះ​មាន​សារ​អេឡិចត្រូនិច​គំរាម​ពី​ការ​ប៉ុន​ប៉ង​ដាក់​គ្រាប់​បែក​បំផ្ទុះ​៣៦​គ្រាប់​នៅ​ថ្ងៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ