អានតួអត្ថបទ
កម្ពុជា-ជប៉ុន

ជប៉ុន​ផ្តល់​ជំនួយ​បន្ថែម​ជាង ​៨សែន​ដុល្លារ​សម្រាប់​បោស​សម្អាត​មីន​នៅ​បាត់ដំបង​

រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​ទឹកប្រាក់​ជាង ៨ សែន​ដុល្លារ​អាមេរិក ដល់​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន ហៅ​កាត់​ថា ជេ​ម៉ាស ( JMAS ) ​ដើម្បី​អនុវត្ត​គម្រោង​បង្កើន​ប្រសិទ្ធភាព​បោស​សម្អាត​មីន នៅ​ខេត្ត​បាត់ដំបង​។ ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង ​សម្រាប់​គម្រោង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជប៉ុន​នេះ ​នឹងត្រូវ​ជេ​ម៉ាស ធ្វើ​សកម្មភាព​បោស​សម្អាត​មីន ក្នុង​៤ ភូមិ​នៅ​ស្រុក​រតនៈមណ្ឌល​ ដែល​ត្រូវបាន​ចាត់ទុកជា​តំបន់ ​មាន​មីន​ច្រើនជាងគេ​ ក្នុង​ខេត្ត​បាត់ដំបង​។​ គម្រោង​ដោះមីន​ នៅ​អតីត​សមរភូមិ​ប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​ខ្មែរក្រហម​នេះ នឹង​ធ្វើឲ្យ​ប្រជាជន​ប្រមាណ ៥.០០០ នាក់​រំដោះ​ចេញពី​ការគំរាម​កំហែង​ និង​ការភ័យខ្លាច​ពី​គ្រាប់មីន​។ ​គ្រាប់​មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១១ បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​​ផ្តល់​​ជំនួយ​​៨សែន​​ដុល្លារ​​របស់​​រដ្ឋាភិបាល​​ជ​ប៉ុន​​សម្រាប់​​ដោះមីន​​នៅ​​ខេត្ត​​បាត់ដំបង​​
ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​​ផ្តល់​​ជំនួយ​​៨សែន​​ដុល្លារ​​របស់​​រដ្ឋាភិបាល​​ជ​ប៉ុន​​សម្រាប់​​ដោះមីន​​នៅ​​ខេត្ត​​បាត់ដំបង​​ © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​បន្ថែម​ជាង ៨ សែន​ដុល្លារ​របស់​រដ្ឋាភិបាល​ជ​ប៉ុន សម្រាប់​ដោះមីន នៅ​ខេត្ត​បាត់ដំបង​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ​កញ្ញា ឆ្នាំ​២០១២ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ជំនួយ ៨៣៩.៣៦៣ ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ដល់​អង្គការ JMAS នៅថ្ងៃនេះ នឹងត្រូវ​ប្រើប្រាស់ ក្នុង​សកម្មភាព​បោសសម្អាត​មីន ក្នុង​ភូមិ​ជា​មន្ត្រី ភូមិ​ស្វាយ​ស ភូមិ​ប្រជៀវ និង​ភូមិ​ជី​សាង ស្រុក​រតនៈមណ្ឌល ដែល​ត្រូវបាន​ចាត់ទុកជា​តំបន់ មាន​មីន​ច្រើនជាងគេ ក្នុង​ខេត្ត​បាត់ដំបង​។ តាមរយៈ​គម្រោង​បោសសំអាត​មីន ដែល​មាន​ផ្ទៃដី​ប្រមាណ ២៥០​ហិកតា ក្នុង​ឆ្នាំ​២០១២​នេះ នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណប្រាំ​ពាន់នាក់ ក្នុងភូមិ​៤ នឹង​ត្រូវ​បាន​រំដោះ​ចេញពី​ការគំរាមកំហែង និង​ការភ័យខ្លាច​ពី​គ្រាប់មីន​។

ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្ដល់​ជំនួយ​បន្ថែម លោក ម៉ាសា​ហ្វ៊ួមី គូ​រ៉ូ​គី ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា បើ​ទោះ​ជា​ចំនួន​ជនរងគ្រោះ បាន​បន្ត​ថយចុះ ក៏​នៅតែ​មាន​ប្រជាជន​កម្ពុជា ជាង ១០០​នាក់ រងគ្រោះ​ដោយ​គ្រាប់មីន ក្នុង​ឆ្នាំ​២០១១ ជាពិសេស​នៅ​ខេត្ត​បាត់ដំបង​។ ដូច្នេះ​នៅ​តែ​មាន​តម្រូវការ​ខ្ពស់ សម្រាប់​សកម្មភាព​បោសសម្អាត​មីន ក្នុង​ខេត្ត​បាត់ដំបង ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​។

អង្គការ​ដោះ​មីន​ជប៉ុន JMAS ក្រោម​កិច្ចសហការ​ជាមួយ​ស៊ីម៉ាក់ បានធ្វើការ​បោសសម្អាត​មីន​នៅ​ខេត្ត​បាត់ដំបង អស់​រយៈពេល ៦​ឆ្នាំ មកហើយ គិត​ចាប់ពី​ឆ្នាំ​២០០៥​។ ដី​រំដោះ​មីន​ទាំងនោះ ត្រូវបាន​ដាំ​ដុះ​ក្លាយជា​វាលស្រែ ចម្ការ​ដំឡូង ពោត​។ ក្រុមហ៊ុន​ជប៉ុន​ចំនួន​បី ក៏​បាន​ដាក់ទុន​វិនិយោគ នៅក្នុង​តំបន់​ទើប​ដោះមីន ក្នុង​ខេត្ត​បាត់ដំបង ដែល​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ២០០​នាក់​។

រដ្ឋាភិបាល​ជប៉ុន បាន​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​។ រហូតមកដល់​ពេលនេះ ជប៉ុន​ផ្តល់​ជំនួយ​ដោះមីន​នៅ​កម្ពុជា សរុប ១២ កោដិ​យ៉េន ស្មើ​ប្រហែល ១៤៥ លាន​ដុល្លារ​អាមេរិក​។ ជប៉ុន ក៏បាន​ផ្តល់​ជំនួយ​ជា​ឧបករណ៍​បោសសម្អាត​មីន និង​សហប្រតិបត្តិការ​បច្ចេក​ទេស ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា CMAC ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ