អានតួអត្ថបទ
កម្ពុជា-អាមេរិក

ឯកអគ្គរដ្ឋទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​​បង្កើន​​ទំនាក់​​ទំនង​​ជាមួយ​​ខ្មែរ​អ៊ីស្លាម​​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​លោក វីលៀម ថូដ (William E. Todd) បាន​សម្តែង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នក​កាន់សាសនា​ អ៊ីស្លាម ​នៅ​កម្ពុជា។ លោក​បាន​អះអាងថា ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​មានសំណាង​ដោយបាន​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​កាន់សាសនា​ អ៊ីស្លាម ក្នុងប្រទេស​នេះ។ ​ចំណាប់អារម្មណ៍​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ស្ថានទូត​អាមេរិក​បានរៀបចំ​ពិធី​ស្រាយ​បួស​ជាមួយ​ អ៊ីស្លាម សាសនិក​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី២ខែសីហា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​លោក វីលៀម ថូដ (William E. Todd)
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ​លោក វីលៀម ថូដ (William E. Todd) © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​អេឡិចត្រូនិក​ ឬ​នៅលើ​ទំព័រ​កាសែត​ក្នុងស្រុក​ដែល​លោក​តែង​បញ្ចេញ​ទស្សនៈ លោក William E. Toddឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ងាក​មក​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅលើ​សហគមន៍​ អ៊ីស្លាម ​នៅ​កម្ពុជា។ នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​អ្នកកា​ទូត​អាមេរិក​រូបនេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ស្ថានទូត​អាមេរិក​ជាមួយ​សហគមន៍​ អ៊ីស្លាម ​នៅ​កម្ពុជា ប៉ុន្តែ វា​គឺជា​រដូវ ​រ៉ាម៉ាដាន ​(Ramadan) របស់​អ្នក​កាន់សាសនា​អ៊ីស្លាម។

លោក William E. Todd បាន​អះអាងថាស្ថានទូត​អាមេរិក​មានសំណាង​ដោយបាន​បង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​អ្នក​កាន់សាសនា​ អ៊ីស្លាម ​នៅ​កម្ពុជា និង​បាន​ជួយ​ពួកគេ​តាម​ដែល​អាចធ្វើ​ទៅបាន។ ​បើ​យោងតាម​លោក​ឯកអគ្គរដ្ឋទូត អ្នក​កាន់សាសនា​ អ៊ីស្លាម ​នៅ​កម្ពុជា​បាន​រស់​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ឃោរឃៅ​ក្នុង​របប​ខ្មែរក្រហម តែ​សព្វថ្ងៃនេះ​ពួកគេ​កំពុង​ប្រតិបត្តិ​សាសនា​អ៊ិ​ស្លាម​ដោយ​ចំហ និង​ដោយ​គ្មាន​ការភ័យខ្លាច។ សហគមន៍​ អ៊ីស្លាម ​កំពុងតែ​រីក​ធំធាត់ ​ហើយ​កំពុងតែ​រួមចំណែក​ក្នុងការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរឡើង។​ សាសនា​អ៊ីស្លាម​ក៏​ទទួលបាន​ការអត់ឱន​ដែល​នេះ​បង្ហាញ​ពី​ការអភិវឌ្ឍន៍​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា។
 
កាលពី​ថ្ងៃទី២ខែសីហា ស្ថាន​ន​ទូត​អាមេរិក​នៅ​ភ្នំពេញ​បានរៀបចំ​ពិធី​ស្រាយ​បួស​ជាមួយ​សហគមន៍​ អ៊ីស្លាម ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​បន្ទាប់ពី​រដូវ​រ៉ា​ម៉ា​ដាន​បាន​បិទ​បញ្ចប់។ លោក​ឯកអគ្គរដ្ឋទូត​បាន​កត់សម្គាល់ថា វា​ជាការ​ប្រសើរ​ណាស់​ដែល​បានឃើញ​ដោយផ្ទាល់​នូវ​ការ​ឧទ្ទិស និង​ចិត្តសប្បុរស​នៅ​រដូវ​បុណ្យ​រ៉ា​ម៉ា​ដាន​នេះ។ លោក​អះអាងថា នៅ​សហរដ្ឋអាមេរិក​ក៏មាន​ជនជាតិ​អាមេរិកាំង​រាប់លាន​នាក់​កាន់សាសនា​ អ៊ីស្លាម ​ដែរ។
 
គួរ​កត់​សម្គាល់ថា ​ការបង្កើន​ទំនាក់​ទំនង​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​សហគមន៍​ អ៊ីស្លាម ​មិនមែនជា​រឿង​ចៃដន្យ​ទេ ​ប៉ុន្តែ សកម្មភាព​នេះ​ត្រូវគេ​មើលឃើញថា​មាន​គោលដៅ​លុបបំបាត់​រូប​ភាពជា​សត្រូវ​របស់​សហរដ្ឋអាមេរិក​ជាមួយ​សាសនា​ អ៊ីស្លាម។ ​មហាអំណាច​អាមេរិក​ត្រូវបាន​ក្រុម​ អ៊ីស្លាម ​ជ្រុលនិយម​ប្រកាសថា ​ជាស​ត្រូវ​របស់​សាសនា​ អ៊ីស្លាម ​បន្ទាប់ពី​ប្រទេស​នេះ​បាន​បើក​យុទ្ធនា​ការប្រឆាំង​ក្រុម​ភេរវជន ​អាលកៃដា នៅ​ទូទាំង​ពិភពលោក​ដែល​កាន់សាសនា​ អ៊ីស្លាម ​ជ្រុលនិយម។
នៅ​កម្ពុជា ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ចូលរួម​អបអរ​បុណ្យ រ៉ាម៉ាដាន​ តាំងពី​ឆ្នាំ ២០០៣ មក ហើយ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ចុង​ក្រោយនេះ ស្ថានទូត​អាមេរិក​ថែមទាំង​បានរៀបចំ​ពិធី​អបអរ​បុណ្យ​រ៉ាម៉ាដាន​ដោយផ្ទាល់​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ