អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រាម​ថៃ​ដណ្តើម​ទឹកដី បទពិសោធន៍​​ថ្មី​សម្រាប់​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​ព្រំដែន​រវាង​កម្ពុជា​ និង​​ថៃ​ដែល​បាន​ផ្តើម​ឡើង​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២២​មេសា​ហាក់​បាន​ស្ងប់​ ស្ងាត់​បន្តិច​ បន្ទាប់​ពី​មាន​ជំនួប​ចរចា​រវាង​មេទ័ព​នៃ​ភាគី​ទាំងពីរ។ ​ក៏ប៉ុន្តែ ​មិនមែន​មាន​ន័យ​ថា​ ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​បាន​ចប់​នោះ​ទេ។ ​ថៃ​នៅ​តែ​បើក​ការ​វាយ​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា​ដោយ​បំពាន​លើ​កិច្ច​ ព្រមព្រៀង​ឈប់បាញ់​ជា​បន្តបន្ទាប់។ ​រយៈពេល​ជាង​មួយ​សប្តាហ៍​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ជាយ​ដែន​បាន​ បន្សល់​ទុក​សោកនាដកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ប្រទេស​ ថៃ។ ​តាមរយៈ​សង្គ្រាម​ឈ្លានពាន​ទឹកដី​នេះ​ គេ​អាច​ដក​ស្រង់​មេរៀន​មួយ​ចំនួន​សម្រាប់​ប្រទេស​កម្ពុជា។

រថក្រោះ​ និង​ទាហាន​ថៃ​ នៅខេត្ត​សុរិន្ទ
រថក្រោះ​ និង​ទាហាន​ថៃ​ នៅខេត្ត​សុរិន្ទ © Reuters
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​៧​ថ្ងៃ ​ស្លាប់​៧​នាក់ ​និង​របួស​១៧​នាក់ ​នេះ​ជា​តុល្យការ​ផ្នែក​យោធា​ដែល​ក្រសួង​ការពារ​ជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​បន្ទាប់​ពី​សូរ​អាវុធ​បាន​ស្ងប់​ស្ងាត់​បន្តិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ចំពោះ​តុល្យការ​ផ្នែក​ជនស៊ីវិល​វិញ​ ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​១​ម៉ឺន​គ្រួសារ​ឬ​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​សឹក​ទាំង​ព្រលឹង​ចុង​សក់។ ​នេះ​នៅ​មិន​ទាន់​រាប់​ការ​ខូច​ខាត​ផ្ទះសម្បែង ​ទ្រព្យសម្បត្តិ ​និង​ការ​ខាត​បង់​ពេលវេលា​ក្នុង​ការ​ប្រកប​របរ​ទទួលទាន​ប្រចាំ​ថ្ងៃ​និង​ការ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ដោយសារ​ការចំណាយ​ទៅលើ​សង្គ្រាម​នេះ​ផង​ទេ។

ធ្ងន់ធ្ងរ​ជាង​នេះ ​ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ទៅលើ​ពលរដ្ឋ​កម្ពុជា​ជាពិសេស​ទៅលើ​ស្ត្រី ​និង​កុមារ​ដែល​បណ្តាល​មក​ពី​ផល​វិបាក​នៃ​សង្គ្រាម​ពិត​ជា​មាន​ទំហំ​ធំធេង​មិន​អាច​វាស់វែង​បាន។ ​ពិតណាស់​ថា ​ពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​គ្មាន​អ្នកណា​ម្នាក់​ភ្លេច​នៅ​ឡើយ​ទេ​នូវ​រូបភាព​នៃ​វិនាសកម្ម​សង្គ្រាម​ដែល​ខ្លួន​បាន​ហែល​ឆ្លង​កាត់​អស់​រយៈពេល​ជិត​៣​ទសវត្សរ៍។ ​បច្ចុប្បន្ន ​ថ្វីបើ​ប្រទេស​ជាតិ​ស្គាល់​សុខ​សន្តិភាព​ឆ្លង​ផុត​ពី​សង្គ្រាម​ស៊ីវិល​ក៏ពិត​មែន​ ប៉ុន្តែ ​ប្រទេស​កម្ពុជា​កំពុង​ពើប​ប្រទះ​នឹង​សង្គ្រាម​ថ្មី​មួយ​ទៀត​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ ​នោះ​គឺ​សង្គ្រាម​«ឈ្លានពាន» ​ទឹកដី​ពីសំណាក់​ប្រទេស​ជិត​ខាង។

ជាការពិត ​សង្គ្រាម​ដណ្តើម​ទឹកដី​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាមួយ​សៀម​ ដែល​មាន​ប្រវត្តិ​ដណ្តើម​ទឹកដី​កម្ពុជា​តាំងពី​យូរ​លង់​មុន​សម័យ​បារាំង​ចូល​ស្រុក​ទៅ​ទៀត។ ​ប៉ុន្តែ អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ​ គឺ​រឿងរ៉ាវ​ដែល​បាន​កប់​ជ្រៅ​ទៅ​ក្នុង​អតីតកាល​ទៅ​ហើយ​នោះ​នៅតែ ផ្ទុះ​ឡើង​ជាថ្មី​ក្នុង​យុគ​សម័យ​ដែល​ពិភពលោក​កំពុង​ធ្វើ​នយោបាយ​សាកល​ភាវូបនីយកម្ម​បើក​ចំហ​ជើង​មេឃ​ស្ទើរ​តែ​គ្មាន​ព្រំដែន​ទៅ​ហើយ​នោះ។ ​ក្រៅពី​បន្សល់​ទុក​នូវ​សោកនាដកម្ម​ផ្លូវចិត្ត​ សេដ្ឋកិច្ច ​និង​ជីវិត​មនុស្ស ​សង្គ្រាម​ព្រំដែន​ជាមួយ​ថៃ​នៅ​ពេល​នេះ​ក៏ជា​មេរៀន​ដ៏​សំខាន់​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា។ ​សង្គ្រាម​នេះ​បាន​បង្ហាញ​ប្រាប់​យើង​ថា៖

១-​ ការ​ពង្រឹង​វិស័យ​យោធា​ គឺជា​កិច្ចការ​ចម្បង​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ​ បើទោះ​បី​ជា​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថានភាព​សន្តិភាព​ក៏ដោយ ​មានន័យថា ​ប្រទេស​កម្ពុជា​ត្រូវការ​វិស័យ​ការពារ​ជាតិ​ខ្លាំង ​មិន​មែន​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម ​ប៉ុន្តែ​គឺ​ត្រៀម​ការពារ​ទឹកដី​របស់​ខ្លួន​ ពីព្រោះ​ថា ​ការ​ទន្ទឹង​រង់ចាំ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​មិនមែន​ងាយស្រួល​និង​ទាន់​ចិត្ត​ដូច​ដែល​យើង​ចង់​បាន​នោះ​ឡើយ។

២-​ អំណើះ​​តទៅ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើន​ការងារ​ការទូត​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំង​ក្លា​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ជំរុញ​សហគមន៍​អន្តរជាតិ​​ឲ្យ​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​ស្រប​ច្បាប់​របស់​កម្ពុជា​និង​ជួយ​ការពារ​ចេញ​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង។ ​នៅ​ក្នុង​ទិស​ដៅ​នេះ ​កម្ពុជា​មាន​មូលដ្ឋាន​រឹងមាំ​សំខាន់​យ៉ាង​ហោច​ណាស់​ក៏​៣​ដែរ​គឺ ​៖ ទី១ ​សន្ធិសញ្ញា​បារាំ​ង​សៀម​ឆ្នាំ១៩០៤​ និង​១៩០៧​ ទី២ ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ឆ្នាំ១៩៦២ ​និង​ទី៣ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១។ ​មូលដ្ឋាន​រឹងមាំ​ទាំង​នេះ​មាន​រួច​ជា​ស្រេច​ទៅ​ហើយ​ ប៉ុន្តែ​ វាទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​ការងារ​ការទូត​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​យក​ជ័យ​ជម្នះ​លើ​សមរភូមិ​ការទូត​ទៅ​លើ​ថៃ​ជាជាង​ការធ្វើ​សង្គ្រាម​បង្ហូរ​ឈាម។ ​ការស្នើ​សុំ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ឱ្យ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២​ឡើង​វិញ​ និង​ស្នើ​ឱ្យ​តុលាការ​នេះ​ចាត់​វិធានការ​បន្ទាន់​ ដើម្បី​បញ្ចប់​ការ​ផ្ទុះអាវុធ​ដូច​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ។

៣-​ យន្តការ​សម្រាប់​សុវត្ថិភាព​ជន​ស៊ីវិល​នៅ​ពេល​មាន​សង្គ្រាម​ជា​យថាហេតុ​ត្រូវ​តែ​ទទួល​បាន​ការ​គិតគូរ​ទុក​ជាមុន។ ​ជាការ​ពិត​ រដ្ឋាភិបាល ​និង​អាជ្ញាធរ​ដែនដី​ រួមទាំង​កាកបាទ​ក្រហម​ផង​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​បញ្ហា​ជន​ភៀស​សឹក​ដែល​ជារឿង​គួរ​ឱ្យ​លើក​ទឹកចិត្ត ប៉ុន្តែ ប្រសិន​បើ​មាន​ការ​ត្រៀម​លក្ខណៈ​ជាមុន​ ការដោះស្រាយ​បញ្ហា​នឹង​មាន​ប្រសិទ្ធភាព​ជាង​នេះ​ទាំង​សុវត្ថិភាព​ ទីជម្រក​ និង​អនាម័យ។

៤-​ សង្គ្រាម​ជាយដែន​ចុងក្រោយ​នេះ ​បង្ហាញ​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​ សៀម​ទោះបី​បាន​ប្តូរ​ឈ្មោះ​ជា​ថៃ​វិញ​តាំង​ពី​ឆ្នាំ១៩៣៩​ក៏ដោយ​ តែ​ ជនជាតិ​នេះ​មួយចំនួន​មិនបាន​ផ្លាស់ប្តូរ​មហិច្ឆតា​​ឈ្លានពាន​ទឹកដីកម្ពុជា​ឡើយ៕
 ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ