អានតួអត្ថបទ
កម្ពុជា

មេដឹកនាំ​សហជីព​កម្ពុជា​គ្រោង​បង្កើត​គណៈកម្មាធិការ​សហជីព​អាស៊ាន

ដោយ​មើល​ឃើញ​ថា សមាជិក​នៃ​សមាគម​អាស៊ាន​គ្រោង​នឹង​បង្កើត​សហគមន៍​រួម​នៅ​ឆ្នាំ​២០១៥​ និង​​ដោយសារ​បញ្ហា​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​មាន​បញ្ហា​ច្រើន​នៅ​ឡើយ មេដឹកនាំ​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ទាមទារ​អោយ​បង្កើត​គណៈកម្មាធិការ​សហជីព​អាស៊ាន។

លោក អាត់ ធន់ ប្រធានសហភាពការងារ​កម្ពុជា
លោក អាត់ ធន់ ប្រធានសហភាពការងារ​កម្ពុជា ©rfi
ផ្សាយពាណិជ្ជកម្ម

ដោយ​ឆ្លៀត​ឱកាស​ប្រទេស​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅឆ្នាំ​២០១២​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​​គ្រោង​នឹង​បង្កើត​អោយ​មាន​ស្ថាប័ន​សហជីព​អាស៊ាន​មួយ​នៅ​ពេល​ខាង​មុខ​នេះ។

 
ស្ថាប័ន​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា គណៈកម្មាធិការ​សហជីព​អាស៊ាន។ មេដឹកនាំ​សហជីព​សំខាន់ៗ​ពី​ប្រទេស​អាស៊ាន​ទាំង​១០​នឹង​ក្លាយ​ទៅ​ជាសមាជិក​នៃ​គណៈកម្មាធិការ​សហជីព​អាស៊ាន​នេះ។ នាពេល​កន្លង​មក មាន​សហជីព​អន្តរជាតិ​ជា​ច្រើន​បាន​និង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហជីព​នៅក្នុង​ប្រទេស​កម្ពុជា​និង​ជាមួយ​សហជីព​នៃ​ប្រទេស​នីមួយៗ​នៅ​ក្នុង​សមាគម​អាស៊ាន។ ប៉ុន្តែ​​សមាជិក​នៃ​ប្រទេស​អាស៊ាន​ខ្លួន​ឯង​នៅ​មិនទាន់​បាន​បង្កើត​សហជីព​រួម​របស់​អាស៊ាន​នៅ​ឡើយ​ទេ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​មាន​គំនិត​ផ្តួច​ផ្តើម​អោយ​បង្កើត​គណៈកម្មាធិការ​សហជីព​អាស៊ាន​នេះ​ឡើង។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ថា ការ​​បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ឡើង​ គឺ​មាន​គោល​បំណង​សំខាន់ៗ​បី​យ៉ាង។ ទីមួយ ៖​ តាមដាន​និង​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន។ ទីពីរ៖​តាមដាន​និង​ជំរុញ​ការ​ដោះស្រាយ​បង្កើន​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​ក្នុង​សមាគម​អាស៊ាន​ និង​ ទីបី​ ៖​ ជំរុញ​អោយ​មេដឹកនាំ​អាស៊ាន​ទទួល​យក​សំណើ​របស់​សហជីព​អាស៊ាន​ផង ​និយាយ​បែប​ផ្សេង​ មាន​ន័យ​ថា សំឡេង​របស់​សហជីព​អាស៊ាន​គួរ​ត្រួវបាន​មេដឹក​នាំ​អាស៊ាន​យក​ចិត្តទុក​ដាក់។

លោក អាត់ ធន់ បាន​អំពាវនាវ​​សូម​អោយ​មេដឹកនាំ​អាស៊ាន​ទាំងអស់​​អនុញ្ញាត​អោយ​សហជីព​អាស៊ាន​អាច​ជជែក​​ និង​លើក​ឡើង​បញ្ហា​ផ្សេងៗ​ទាក់ទង​ទៅនឹង​បញ្ហា​កម្មករ​ក្នុង​តំបន់​​អាស៊ាន​ទៅ​កាន់​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ាន​ផង។ នៅ​ថ្ងៃ​ទី​៣​និង​ទី៤​ខែ​មេសា​ខាងមុខ​នេះ មេដឹកនាំ​កំពូល​នៃ​សមាគម​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ជជែក​គ្នា​ពី​រឿង​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​និង​ពិភពលោក។

បើ​យោង​តាម​គម្រោង តំណាង​សហជីព​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​នឹង​ជួប​ប្រជុំគ្នា​​នៅ​ដំណាច់​ខែ​មេសា​ខាង​មុខ​នេះ​​​ដើម្បី​ជជែកគ្នា​អោយ​ស៊ី​ជម្រៅ​ពី​តួនាទី​របស់​គណៈកម្មាធិការ​សហជីព​អាស៊ាន​ដែល​គ្រោង​នឹង​បង្កើត​ឡើង។

ទាក់ទង​ទៅ​នឹង​ការ​ជ្រើសរើស​ប្រធាន​ ជា​គោលការណ៍ ស្ថាប័ន​ថ្មី​មួយ​នេះ​គ្រោង​នឹង​ជ្រើសរើស​ប្រធាន​ប្តូរ​វេន​ដូច​ជា​ការ​ជ្រើសរើស​ប្រធាន​អាស៊ាន​ប្តូរ​វេន​ដូច្នោះ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ