លោកស្រី អ៊ុង សានស៊ូជីជាប់ឆ្នោតតំណាងរាស្រ្តលើកដំបូងក្នុងជីវិតនយោបាយ
នៅថ្ងៃអាទិត្យ ទី១ មេសានេះ ភូមាបានរៀបចំបោះឆ្នោតសភាដើម្បីជ្រើសរើសអ្នកតំណាងរាស្រ្តថ្មីចំនួន ៤៥រូប។ អ្នកតំណាងរាស្រ្តថ្មីទំាង ៤៥រូបនឹងទៅអង្គុយកន្លែងរបស់អ្នកតំណាងរាស្រ្តចាស់ដែលបានចូលទៅបម្រើការងារនៅក្នុងរដ្ឋាភិបាល។ តាមព័ត៌មានដែលផ្តល់ដោយគណបក្សប្រឆំាង គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុង សានស៊ូជីបានជាប់ឆ្នោតតំណាងរាស្រ្តនៅក្នុងមណ្ឌល Kahwmu។ ការបោះឆ្នោតថ្ងៃនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា សំខាន់ខ្លំាងណាស់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:៥៥
បើពិនិត្យជារួមទៅ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីតែចំនួន ៤៥នាក់ នៅក្នុងចំណោមអ្នកតំណាងរាស្រ្តទំាង ៤៤០នាក់ដែលមាននៅក្នុងរដ្ឋសភាភូមាបច្ចុប្បន្ន ហាក់ដូចជាគ្មានអ្វីសំខាន់ទេ។ ប៉ុន្តែក្រោមភ្នែកច្រមុះប្រជាជនភូមាទូទៅ និងសហគមន៍អន្តរជាតិ គឺសំខាន់ខ្លំាងណាស់។ សំខាន់ ព្រោះមានលោកស្រី អ៊ុង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យចូលរួម ជាលើកទីមួយ។ គួរជម្រាបជូនថា ការបោះឆ្នោតសភាថ្ងៃនេះនឹងមិនធ្វើឲ្យមានការប្រែប្រួលទម្ងន់សំឡេងភាគច្រើននៅក្នុងរដ្ឋសភាទេ ពោលសំឡេងភាគច្រើនដាច់ខាតនៅតែបន្តស្ថិតក្នុងកណ្តាប់ដៃគណបក្សរបស់លោក ថេន សេន ដដែល។ តែសម្រាប់សហគមន៍អន្តរជាតិ អ្វីដែលសំខាន់នៅចំពោះមុខ គឺវត្តមានលោកស្រី អ៊ុង សានស៊ូជីនៅក្នុងរដ្ឋសភា ក្នុងនាមជាអ្នកតំណាងរាស្រ្តម្នាក់របស់គណបក្សប្រឆំាង។
ជោគជ័យរបស់លោកស្រី អ៊ុង សានស៊ូជី ក៏ជាជោគជ័យរបស់លោក ថេន សេន
តាមពិតទៅ គ្មានហេតុផលណាមួយដែលលោកស្រី អ៊ុង សានស៊ូជីមិនជាប់ឆ្នោតជាតំណាងរាស្រ្ត ហើយក៏គ្មានហេតុផលណាមួយ ដែលរដ្ឋាភិបាលត្រូវរារំាងមិនឲ្យលោកស្រី អ៊ុង សានស៊ូជីក្លាយជាអ្នកតំណាងរាស្រ្តដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាលគួរតែត្រេកត្រអាលចំពោះជោគជ័យរបស់លោកស្រី អ៊ុង សានស៊ូជី ព្រោះថា ជោគជ័យរបស់លោកស្រី អ៊ុង សានស៊ូជីនៅក្នុងការបោះឆ្នោតថ្ងៃនេះ ក៏ជាជោគជ័យរបស់រដ្ឋាភិបាលទីក្រុងណៃពីដ៏ខ្លួនឯង និងរបស់អាស៊ាន នៅចំពោះមុខសហគមន៍អន្តរជាតិ។ គួររម្លឹកជូនថា តំាងពីក្រោយការបោះឆ្នោតសភាក្នុងខែវិច្ឆិកា ឆ្នំា ២០១០ និងការរំលាយចោលរបបសឹកក្នុងខែមីនា ឆ្នំា ២០១១ ដោយដាក់ជំនួសរបបស៊ីវិលវិញមក លោកប្រធានាធិបតី ថេន សេនបានអនុវត្តនយោបាយកំណែទម្រង់ជាច្រើនបន្តបន្ទាប់ រហូតធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លំាង។ ដូច្នេះឃើញថា ការបោះឆ្នោតសភាមួយផ្នែកថ្ងៃនេះ ក៏ជាជំហានបន្ទាប់នៅក្នុងនយោបាយបើកចំហរបស់លោក ថេន សេនដែរ។ ម្យ៉ាងវិញទៀត ជោគវាសនារបស់ភូមាជាមួយសហគមន៍អន្តរជាតិនឹងស្តែងចេញតាមរយៈលទ្ធផលនៃការបោះឆ្នោតក្នុងថ្ងៃនេះ ពិសេស គឺការលើកចេញវិញនូវទ័ណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់លើភូមា។
លោកស្រី អ៊ុង សានស៊ូជីត្រូវពង្រឹងគណបក្សសម្រាប់ការបោះឆ្នោតសភានៅឆ្នំា ២០១៥
ជោគជ័យរបស់លោកស្រី អ៊ុង សានស៊ូជីថ្ងៃនេះ គឺជាការបោះមួយជំហានទៅមុខយ៉ាងវែងនៅក្នុងជីវិតតស៊ូនយោបាយរបស់លោកស្រី។ គឺមានតែតាមច្រករដ្ឋសភាទេ ដែលលោកស្រីអាចនឹងបន្តបុព្វហេតុរបស់ខ្លួនតទៅមុខទៀតបាន។ នៅចំពោះមុខ មានជម្រើសពីរដែលលោកស្រីត្រូវជ្រើសរើស ទីមួយ៖ បញ្ចូលខ្លួនទៅក្នុងរដ្ឋាភិបាលដោយយល់ព្រមទទួលយកតំណែងមួយនៅក្នុងក្រសួងណាមួយដែលស្នើឡើងដោយលោកប្រធានាធិបតី ថេន សេន និងទីពីរ៖ មិនចូលក្នុងរដ្ឋាភិបាល ដោយបន្តរក្សាតួនាទីតំណាងរាស្រ្ត។ តែទោះបីជាក្នុងជម្រើសមួយណាក៏ដោយ ក៏នៅមានរឿងអាទិភាពមួយដែលលោកស្រី អ៊ុង សានស៊ូជី មិនអាចបំភ្លេចបានទេ នោះគឺការពង្រឹងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យសម្រាប់ចូលរួមការបោះឆ្នោតសភានៅឆ្នំា ២០១៥ ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ