អានតួអត្ថបទ
កម្ពុជា

កម្ពុជា​សម្រេច​បញ្ជូន​ជនជាតិ​ស៊ុយអ៊ែត​ចេញពី​ប្រទេស​

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ស៊ុយអ៊ែត​ម្នាក់​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ចេញ​ពី​ប្រទេស​កម្ពុជា។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​បញ្ជូន​ចេញ​នេះ​នឹង​ធ្វើ​នៅ​ពេល​ណានោះ​នៅឡើយ​ទេ។ជនជាតិស៊ុយអ៊ែត​អាយុ​២៧​ឆ្នាំ​ជា​សហស្ថាបនិក​គេហទំព័រ​មួយ​ដែល​ត្រូវ​តុលាការ​ស៊ុយអ៊ែត​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ក្រោម​បទ​ចោទ​រំលោភ​កម្មសិទ្ធិ​បញ្ញា។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា
លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ប៉ូលីស​កម្ពុជា​បាន​ចាប់ឃាត់​ខ្លួន​ជនជាតិ​ស៊ុយអ៊ែត​ម្នាក់​ឈ្មោះ Gottfrid Svartholm Warg អាយុ​២៧​ឆ្នាំ តាម​សំណើ​របស់​រដ្ឋាភិបាល​ស៊ុយអ៊ែត។ ជនជាតិ​ស៊ុយអ៊ែត​ម្នាក់​នេះ​ដែល​ជា​សហស្ថាបនិក​​គេហទំព័រ​ដ៏​ល្បី​មួយ​ដែល​ត្រូ​វបាន​បង្កើត​ឡើង​ដើម្បី​អនុញ្ញាត​អោយ​សមាជិក​របស់​ខ្លួន​អាច​​ទាញ​យក​ទិន្នន័យវីដេអូ ចំរៀងដោយ​មិនខ្វល់​ពី​តំលៃ​កម្មសិទ្ធិបញ្ញា ត្រូវបាន​តុលាការ​ប្រទេស​ស៊ុយអ៊ែត​កាត់ទោស​អំពី​បទ​រំលោភ​កម្មសិទ្ធ​បញ្ញា​កាល​ពី​ឆ្នាំ​២០០៩។ ពិរុទ្ធជន​ជនជាតិ​ស៊ុយអ៊ែត​ម្នាក់​នេះ​ដែល​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​មិន​បាន​បង្ហាញ​ខ្លួន​ និង​អនុវត្ត​ទោស​នោះ​ឡើយ រហូតដល់​មាន​ការ​ចាប់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​តែ​ម្តង។

 
ឥឡូវនេះ អាជ្ញាធរ​កម្ពុជា​បាន​សម្រេច​បញ្ជូន​ជនជាតិ​ស៊ុយអ៊ែត​ចេញ​ពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​អាជ្ញាធរ​​កម្ពុជា​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ស៊ុយអ៊ែត។ នេះ​បើតាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តម​សេនីយឯក គៀត ចន្ទថារិទ្ធ ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង​ AFP​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ប៉ុន្តែ​ថា ការ​បញ្ជូន​​ចេញ​នោះ​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ណា គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ​ដដែល កម្ពុជា​ពុំ​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ប្រទេស​ស៊ុយអ៊ែត​ឡើយ​ ប៉ុន្តែ​កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ស៊ុយអ៊ែត​ឈ្មោះ Gottfrid Svartholm Warg នេះ ​ចេញ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ អ្នកនាំពាក្យ​ប៉ូលីស​កម្ពុជា​បន្ត​ថា នៅពេល​ដែល​ពិរុទ្ធជន​ស៊ុយអ៊ែត​បាន​ចេញ​ផុត​ពី​ប្រទេស​កម្ពុជា​ហើយ​នោះ គឺ​វា​អាស្រ័យលើ​អាជ្ញាធរ​ស៊ុយអ៊ែត​ទេ​ថា ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​នាំ​ពិរុទ្ធជន​រូប​នោះ​ទៅ​ប្រទេស​ស៊ុយអ៊ែត​វិញ។

ជនជាតិ​ស៊ុយអ៊ែត​រូប​នេះ​ជា​សហស្ថាបនិក​គេហទំព័រ​ឈ្មោះ The Pirate Bay បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ហើយ​មាន​សមាជិក​របស់​ខ្លួន​រហូត​ដល់​៣០លាន​នាក់។ គេហទំព័រ​នេះ​ជា​កន្លែង​ដែល​អនុញ្ញាត​អោយ​សមាជិក​របស់​ខ្លួន​អាច​ទាញយក​ឯកសារ​បទ​ចម្រៀង​កម្មវិធី​ល្បែង​ដោយ​មិន​គោរព​កម្មសិទ្ធ​បញ្ញា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ