អានតួអត្ថបទ
កម្ពុជា​

ក្រុម​អ្នកភូមិ​អះអាង​ថា រស់​នៅ​ស្រប​ច្បាប់​ក្នុង​តំបន់​បឹងកក់

​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​អះអាង​ថា ខ្លួន​មិន​បាន​រស់នៅ លើ​ដី​ខុស​ច្បាប់ ដូច​ការអះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ទេ។ អ្នកភូមិ​បាន​លើក​អំណះអំណាង​ជាច្រើន​ចំណុច ​រួមមាន​ទាំង​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​សាលាក្រុង ក៏​ធ្លាប់​ជូនដំណឹង​ដល់​ក្រុម​អ្នក​ភូមិ ឲ្យទៅ​ធ្វើ​ប្លង់​កម្មសិទ្ធិ កាលពី​ខែ​មីនា ឆ្នាំ​២០០៦ ផង​ដែរ។​

អ្នក​ភូមិ​បឹង​កក់​តវ៉ា​ ថា​​​រស់​នៅ​ដោយ​ស្រប​​ច្បាប់​ ក្នុង​តំបន់​បឹងកក់
អ្នក​ភូមិ​បឹង​កក់​តវ៉ា​ ថា​​​រស់​នៅ​ដោយ​ស្រប​​ច្បាប់​ ក្នុង​តំបន់​បឹងកក់ © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

02:04

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់ ចំពោះ​ការរស់នៅ​​តំបន់​បឹង​កក់ ក្រុម​អ្នក​ភូមិ​រាប់សិប​នាក់ នៅ​ព្រឹក​មិញ បាន​លើក​ឡើង​នូវ​លក្ខខណ្ឌ ៥ ចំណុច។ ទី​១-​ពួកគេ​កាន់កាប់​ដី​នោះ ដោយ​សន្តិវិធី។ ទី​២-​អ្នកភូមិ​កាន់កាប់​ដោយ​ឥត​អាក់ខាន។ ទី​៣-​កាន់កាប់​ដោយ​សុចរិត។ ចំណុច​ទី​៤-​មាន​ការ​ដឹង​ឮ​ជា​សាធារណៈ និង​ចំណុច​ទី​៥-​អ្នកភូមិ​បាន​កាន់កាប់ រយៈពេល ៥ ឆ្នាំ មុន​ច្បាប់​ភូមិបាល​ចេញ កាលពី​ឆ្នាំ​២០០១។
​អ្នកស្រី លី មុំ អ្នក​ភូមិ​ម្នាក់ ដែល​ចូលរួម​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​មិញ បាន​អះអាង​ថា​​ចំណុច​ទាំង ៥ នេះ ជា​ការបញ្ជាក់​ថា ការរស់នៅ​ក្នុង​តំបន់​បឹងកក់ មិនមែន​ជា​រឿង​ខុស​ច្បាប់​ឡើយ។

​តំណាង​អ្នក​ភូមិ អះអាងថា សាលាក្រុង​ភ្នំពេញ ធ្លាប់​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នៅ​បឹងកក់​ឱ្យធ្វើ​ប្លង់​ជា​ប្រព័ន្ធ កាលពី​ខែ​មីនា​ឆ្នាំ​២០០៦។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ បែរ​ជា​អាជ្ញាធរ​ក្រុង ចុះ​ហត្ថលេខា ជួល​ដី​បឹងកក់​ទំហំ ១៣៣ ហិចតារ ឲ្យ​ក្រុមហ៊ុន​ឯកជន​ស៊ូកាគូអ៊ីន ដោយ​​រំលោភ​សិទ្ធិ​​រស់​នៅ​​របស់​​អ្នកភូមិ​​ទៅ​វិញ។

​អ្នកស្រី លី មុំ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​បឹងកក់ នៅតែ​បន្ត​ទាមទារ​ដី ១៥ ហិកតា ដើម្បី​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ អ្នកភូមិ ក៏​កំពុង​រង់ចាំ​អាជ្ញាធរ​ក្រុង ​ឆ្លើយ​តប​ ក្រោយ​ពី​កិច្ចប្រជុំ កាលពី​ចុង​សប្តាហ៍​មុន។
​សេចក្តី​ប្រកាស​ផ្ទាល់មាត់​របស់​អ្នក​ភូមិ​បឹងកក់​នៅ​ព្រឹក​មិញ ជា​ការច្រានចោល​ពាក្យ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សាលាក្រុង​ភ្នំពេញ ដែល​ថា អ្នកភូមិ រស់នៅ​តំបន់​បឹងកក់ ដោយ​ខុសច្បាប់។
​រដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ប្រកាស​កាលពី​ថ្ងៃ​១០​មីនា​ថា គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី ហៅ​កាត់​ថា LMAP របស់​ធនាគារ​ពិភពលោក ពុំ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​តំបន់​បឹង​កក់​ទេ ហើយ​គោលការណ៍​ការពារ​សុវត្ថិភាព​សង្គម​របស់​គម្រោង​នេះ ក៏​មិន​ពាក់ព័ន្ធ​នឹង​តំបន់​បឹងកក់​ដែរ។​

​តំបន់​បឹង​កក់ ដែល​មាន​ប្រជាជន​ជាង ៤.០០០ គ្រួសារ មិន​ត្រូវ​បាន​ចុះ​បញ្ជី​ដីធ្លី​ក្នុង​គម្រោង ត្រូវបាន​ធនាគារ​ពិភពលោក ប្រកាសថា នាំឲ្យ​មាន​ការបណ្តេញចេញ និង​បង្ក​ការ​តវ៉ា នា​ពេល​សព្វថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ