អានតួអត្ថបទ
កម្ពុជា

បក្ស​​ទាំង​ពីរ​៖ កម្ដៅ​នៃ​​ជម្លោះ​​នយោបាយ​​របស់​​ថ្នាក់​ដឹកនាំ​​មិន​​ប៉ះពាល់​​ដល់​​ការ​ចរចា​​ស្តី​ពី​​គ.ជ.ប​​ទេ​

បើទោះបី​ជា​​ចុងក្រោយ​នេះ​ មេដឹកនាំ​​កំពូល​​គណបក្ស​​ប្រជាជ​ន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​​រិះគន់​​គ្នា​​ទៅ​វិញ​ទៅមក​​មិន​​សំ​ចៃ​​ក៏ដោយ​ ប៉ុន្តែ​​ក្រុម​​ចរចា​​នៃ​​បក្ស​​ទាំងពីរ​​ស្តី​ពី​​ការ​រៀបចំ​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​​នោះ​ នៅតែ​​បន្ត​ដំណើរ​ការ​ពិភាក្សា​រ​បស់​​ខ្លួន​​ជា​​បន្ត​ទៀត​។ ​មន្ត្រី​​នៃ​​បក្ស​​ទាំងពីរ​​នៅតែ​មាន​​សុទិដ្ឋិនិយម​​ចំពោះ​​ការ​បង្កើត​​គ.ជ.ប​​នៅ​​ដើម​ខែ​​កុម្ភៈ​​ដដែល​។​

ក្រុមការងារ​គណបក្ស​​ទាំងពីរ​នៅ​តែ​បន្តជជែក​គ្នា​អំពី​បញ្ហា​កែទម្រង់​ច្បាប់​បោះឆ្នោត​ ទោះបី​បញ្ហា​នយោបាយ​ឡើង​កម្ដៅ​ជា​ថ្មីក៏ដោយ​
ក្រុមការងារ​គណបក្ស​​ទាំងពីរ​នៅ​តែ​បន្តជជែក​គ្នា​អំពី​បញ្ហា​កែទម្រង់​ច្បាប់​បោះឆ្នោត​ ទោះបី​បញ្ហា​នយោបាយ​ឡើង​កម្ដៅ​ជា​ថ្មីក៏ដោយ​ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

មិនមាន​ឡើយ​ការផ្អាក​ចរចា​ស្តីពី​ការរៀបចំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ បើទោះបីជា​ប្រមុខ​ដឹកនាំ​បក្ស​ធំ​ទាំងពីរ បាន​វាយប្រហារ​ពាក្យសម្តី​ខ្លាំងៗទៅវិញទៅមក​ក៏ដោយ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២២ មករា។

លោកអេង ឆៃអ៊ាង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាសភាព​នៃ​ក្រុម​ចរចា​ស្តីពី​គ.ជ.ប បាន​គូសបញ្ជាក់ថា ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​នៅតែ​បន្ត​កិច្ចប្រជុំ​របស់ខ្លួន​ជា​បន្តទៀត ដោយ​មិនបាន​ផ្អាក​ឡើយ​ខណៈដែល​ប្រធាន​បក្ស​ទាំងពីរ គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកសម រង្ស៊ី រួមទាំង​លោកកឹម សុខា បាន​ប្រើប្រាស់​វេទិកាសាធារណៈ​វាយប្រហារ​ដាក់គ្នា​នោះ។ ពោលគឺ​លោកនាយក​រដ្ឋមន្ត្រី​ប្រតិកម្មខ្លាំងៗតប​ទៅ​បក្សប្រឆាំង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ ក្រុមការងារ​បាន​ប្រជុំ​នៅ​ថ្ងៃ​ដដែល​ពេល​ល្ងាច។ បើតាម​សមាជិក​ជាន់ខ្ពស់​រូបនេះ ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​បានសម្រេច​ច្បាប់​រៀបចំ​ស្តីពី​ការបោះឆ្នោត​ថ្មី​នោះ ដល់​ជំពូក​ទី៨ហើយ​ក្នុងចំណោម​ជំពូក​ទាំង១២ ។

លោកស៊ិ​ក ប៊ុន​ហុក សមាសភាព​ចរចា​ពី​បក្ស​កាន់អំណាច បាន​បន្ថែមថា​ក្រុមការងារ​នៃ​បក្ស​ទាំងពីរ​នៅ​បន្ត​ការពិភាក្សា​ស្តីពី​គ.ជ.ប នៅ​ថ្ងៃ​សុក្រ​ទី២៣ មករា​នេះ ជា​បន្ត​ដោយ​គ្មាន​ការអាក់ខាន​អ្វី​នោះទេ។ ហើយ​កន្លងមក​ក៏​គ្មាន​ការផ្អាក​ការប្រជុំ​ដោយ​បញ្ហានយោបាយ​ដែរ។ សម្រាប់​លោកស៊ិ​ក ប៊ុន​ហុក លោក​មាន​សុទិដ្ឋិនិយម​ថា បក្ស​ទាំងពីរ​នឹង​អាចបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​តាម​ការគ្រោងទុក​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ។

បើទោះបីជា​បក្ស​ទាំងពីរ​អះអាងថា កិច្ចចរចា​នៅ​ដំណើរការ​បានល្អ​មែន​ ប៉ុន្តែ​មាន​ចំណុច​យ៉ាង​ណោ​ចណាស់​ចំនួន៧ចំណុច​ដែល​នៅ​ខ្វែងគំនិត​គ្នា​រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​គណបក្ស។ នោះ គឺ​ចំនួន​អា​សនៈ​ក្នុង​សភា របៀប​នៃ​ការចុះឈ្មោះ​បោះឆ្នោត ភ្នាក់ងារ​បោះឆ្នោត និង​ការប្រើប្រាស់​ឯកសារ​ជាដើម។

សូម​កត់សម្គាល់ថា ក្នុងអំឡុងពេល​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោកសម រង្ស៊ី​រួមទាំង​លោកកឹម សុខា បាន​ប្រើប្រាស់​វេទិកា​សាធារណៈ​រិះគន់​គ្នា​ទៅវិញ​ទៅ​មក​។ ដោយ​បក្សប្រឆាំង​បាន​រិះគន់​ពី​ការដឹកនាំ​របស់​បក្ស​កាន់អំណាច ប៉ុន្តែ​បក្ស​កាន់អំណាច​បាន​គម្រាម​បក្សប្រឆាំង​ស្តីពី​ការពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ​ជាដើម។ យ៉ាងណាក៏ដោយ លោកអេង ឆៃអ៊ាង ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការរិះគន់​រវាង​មេបក្ស​ទាំងពីរ​ថា ជា​រឿង​ធម្មតា​របស់​អ្នកនយោបាយ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ