អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.៖ ​លោកសមរង្ស៊ី​នឹងមិន​អាច​ឈរឈ្មោះ​បោះឆ្នោត​នៅឆ្នាំ២០១៣​បានទេ​

លោក អ៊ឹម សួស្តី ​ប្រធាន គ​.​ជ​.​ប​. បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត ជា​ចំហ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​សំដៅលើ​លោក​សម​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ​និង​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ ​ដាក់​ពន្ធនាគារ ថា​លោក​នឹង​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣​ឡើយ​។ ​លោក សម រង្ស៊ី ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ បន្ទាប់ពី​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល ​ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន ​នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង​កាលពី​ចុងឆ្នាំ​២០០៩។

លោកសមរង្ស៊ី​​នឹងមិន​​អាច​ឈរ​ឈ្មោះ​​បោះឆ្នោត​​នៅឆ្នាំ​២០១៣​​បានទេ​​
លោកសមរង្ស៊ី​​នឹងមិន​​អាច​ឈរ​ឈ្មោះ​​បោះឆ្នោត​​នៅឆ្នាំ​២០១៣​​បានទេ​​ RFI
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គ​.​ជ​.​ប​. លោក អ៊ឹម សួស្តី ​បាន​លើកឡើង​ថា ​តាមច្បាប់ ​បុគ្គល​ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ ដោយ​អំណាច​សាលក្រម​តុលាការ​ ចូល​ជា​ស្ថាពរ​រួចហើយនោះ​ ពុំ​មាន​សិទ្ធិ​បោះឆ្នោត និង​មិន​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោតឡើយ​។ ករណីនេះ គេ​សំដៅ​ដល់​លោក​សម​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង នៅ​កម្ពុជា ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅប្រទេស គេចចេញ​ពី​ការផ្តន្ទាទោស​កំបាំងមុខ ​ក្នុងការ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ​កាលពី​ចុងឆ្នាំ​២០០៩​។​ ​ក្នុង​សន្និសីទ​កាសែត ​នៅ​ព្រឹកមិញ​ លោក អ៊ឹម សួស្ដី ​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត ដោយ​ពន្យល់​ពី​ច្បាប់​ទូទៅ មិន​ចេញ​ឈ្មោះ​លោក​សម​រង្ស៊ី​ឡើយ​។

 
ចំពោះ​ការ​បន្ត​ឃោសនា និង​ធ្វើ​នយោបាយ​ពី​ក្រៅប្រទេស​របស់​លោក​សម​រង្ស៊ី ត្រូវបាន​លោក អ៊ឹម សួស្តី លើកឡើងថា គ​.​ជ​.​ប នឹង​ពិនិត្យ​លើ​ច្បាប់​ឡើងវិញ ពីព្រោះថា នៅក្នុង​ច្បាប់​គ្រប់គ្រង​គណបក្សនយោបាយ និង​ច្បាប់​បោះឆ្នោត មិន​បាន​លើកឡើង​។ ករណី​លោក​សម​រង្ស៊ី ជា​ករណី​មួយ ដែល​ទើបនឹង​កើតមាន​។

សូមបញ្ជាក់​ថា លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​។​ តុលាការ ​បាន​ផ្ដន្ទាទោស​កំបាំងមុខ​លោក​ដាក់​ពន្ធនាគារ​សរុប​ជាង ១០ ឆ្នាំ ​លើ​សំណុំរឿង​ជាច្រើន​ពាក់ព័ន្ធ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ក្នុង​សន្និសីទ​កាសែត​ នៅ​ព្រឹក​មិញ គ​.​ជ​.​ប​. ក៏​បាន​ប្រកាស​ពី​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ដែល​នឹង​ត្រូវ​ធ្វើឡើង​ រយៈពេល ៤២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១២​តុលា​។ ​បញ្ជី​បោះឆ្នោត​ថ្មី​នេះ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ ​ឬ​ការ​បោះឆ្នោត​រដ្ឋសភា​ នា​ថ្ងៃ​ទី២៨​កក្កដា​ឆ្នាំ​២០១៣។
គ​.​ជ​.​ប​. ក៏​បាន​ប្រកាស​ពី​ចំនួន​អាសនៈ​រដ្ឋសភា​ អាណត្តិ​ទី​៥ ដែល​ត្រូវ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ១២៣ រូប ​ដូច​អាណត្តិ​ទី​៣ និង​ទី​៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ