អានតួអត្ថបទ
កម្ពុជា-ឡាវ

កម្ពុជា​ផ្តើម​ចុះផ្លូវ​ហែ​ក្បួន ប្រឆាំង​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​​សាយ៉ាបូរី នៅ​​ឡាវ

ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៩​មិថុនា​នេះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ស្រុក ដែល​ស្ថិត​តាម​ដង​ទន្លេ​មេគង្គ ប្រមាណ ៣០០​នាក់ បានដើរ​ហែ​ក្បួន លើក​បដា និង​ស្រែក​មេក្រូ នៅ​ទី​រួម​ខេត្ត​កំពង់ចាម។ ការដើរ​ហែ​ក្បួន និង​ជួបជុំ នៅ​ជិត​ស្ពាន​គីហ្ស៊ូណា ឆ្លងកាត់​ទន្លេមេគង្គ នា​ព្រឹក​មិញ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ប្រទេស​ឡាវ ឲ្យ​លុបចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី ដ៏​ចម្រូងចម្រាស។

ពិធី​ជួប​ជុំ​នៅ​គល់​ស្ពាន​គីហ្ស៊ូណា​ក្រុង​កំពង់ចាម ដើម្បី​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ
ពិធី​ជួប​ជុំ​នៅ​គល់​ស្ពាន​គីហ្ស៊ូណា​ក្រុង​កំពង់ចាម ដើម្បី​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

ក្បួន​ដង្ហែ​តាម​ដង​ផ្លូវ​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​កម្ពុជា ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ​រដ្ឋាភិបាល បាន​ចេញពី​វត្ត អង្គរបាជ័យ ដែល​មាន​ចម្ងាយ​ជាង ២​គីឡូម៉ែត្រ ទៅកាន់​កន្លែង​ជួបជុំ នៅ​មាត់​ទន្លេ​មេគង្គ ក្រោម​ស្ពាន​គីហ្សូណា ក្នុង​ទី​រួម​ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ស្រុក ទី​២៩ ខែមិថុនា ឆ្នាំ​២០១២។

ក្បួន​ដង្ហែ​ថ្មើរ​ជើង ជា​លើក​ដំបូង​នោះ មាន​លើក​បដា និង​ស្រែក​មេក្រូ ដើម្បី​ឲ្យ​សុំ​ប្រទេស​ឡាវ លុបចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី ដ៏​ចម្រូងចម្រាស។​ ​ប្រជាពលរដ្ឋ ដែល​ចូលរួម​ក្នុង​ពិធី​ជួបជុំ និង​ដើរ​ហែ​ក្បួន​នោះ មកពី​ស្រុក​នានា ជាប់​មាត់​ទន្លេ​មេគង្គ។ រីឯ​ព្រះសង្ឃ មក​ពី​សាលា​ពុទ្ធិក​សម្តេច​សង្ឃ ជួន ណាត និង​សាលា​ពុទ្ធិក​សម្តេច ហ៊ុន សែន ក្នុង​ខេត្ត​កំពង់ចាម។

បន្ទាប់​ពី​ដើរ​ហែ​ក្បួន ពិធី​ជួបជុំ​មួយ​ត្រូវបាន​ធ្វើឡើង។ អភិបាល​ក្រុង​កំពង់ចាម និង​អាជ្ញាធរ​អ្នកជំនាញ បាន​ឡើង​ថ្លែងការណ៍ ដើម្បី​ផ្ញើ​សារ​ជា​មួយ​នឹង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​បាន​ដង្ហែ​ក្បួន នៅ​ថ្ងៃនេះ គឺ​សុំ​ឲ្យ​ប្រទេស​ឡាវ លុបចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី ដែល​គេ​ជឿថា នឹង​នាំឲ្យ​អន្តរាយ​ដល់​ធនធាន​ធម្មជាតិ ក្នុង​ដង​ទន្លេមេគង្គ ផ្នែក​ខាងក្រោម។​

កាលពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១១ កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ នៅ​ខេត្ត​សៀមរាប ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ធនធាន​ទឹក របស់​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម បានសម្រេច​ផ្អាក​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី នៅ​ប្រទេស​ឡាវ។ គណៈកម្មការ​ទន្លេមេគង្គ ក៏​បាន​តម្រូវ​មាន​ការសិក្សា​បន្ថែម​ទៀត ទៅលើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដ៏​ចម្រូងចម្រាស នៅក្នុង​ប្រទេស​ឡាវ។​

ប៉ុន្តែ​ពេល​នេះ ឡាវ​បាន​សម្រេចចិត្ត​បន្ត​គម្រោង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី ដែល​មាន​កម្លាំង ១.២៨៥ មេហ្គាវ៉ាត់ សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ប្រទេស​ថៃ ដោយ​ត្រូវ​ចំណាយ​ថវិកា ៣.៥០០ លាន​ដុល្លារ។

ក៏ប៉ុន្តែ​អ្នកជំនាញ បាន​លើកឡើង​ថា ការកសាង​ទំនប់​វារី​អគ្គិសនី សាយ៉ាបូរី អាច​ប៉ះពាល់​ដល់​ប្រជាជន ដែល​រស់នៅ​តាម​តំបន់​ទឹក​ទន្លេមេគង្គ ៦០ លាន​នាក់ ព្រម​ទាំង​ធនធាន​ក្នុង​ដង​ទន្លេ​មេគង្គ ប៉ែក​ខាងក្រោម​ជាច្រើន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ