អានតួអត្ថបទ
កម្ពុជា​-ថៃ

កម្ពុជា ប្រគល់​កំណត់​ទូត តវ៉ា​ទៅ​ថៃ រឿង​​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ នៅ​ជាយ​ដែន

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រសួងការបរទេស​កម្ពុជា បានប្រគល់​កំណត់​ទូត ទៅកាន់​រដ្ឋាភិបាល​ថៃ តាមរយៈ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា ដើម្បី​តវ៉ា ចំពោះ​ករណី​ទាហាន​ថៃ បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៣ នាក់ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ។ ទូត​ថៃ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ បង្កើត​គណៈកម្មការ​រួម​មួយ ហើយ​ជួប​ប្រជុំ​ដោះស្រាយ​លើ​ករណី​បាញ់ប្រហារ​នេះ។ តាម​ក្រសួង​ការបរទេស ក្នុង​ដើមឆ្នាំ​២០១២ មាន​ពលរដ្ឋ​ខ្មែរ ៧ នាក់ ត្រូវបាន​ទាហាន​ថៃ បាញ់​សម្លាប់ ខណៈ​ដែល​ឆ្នាំ​២០១១ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ខ្មែរ ១២ នាក់ ត្រូវបាន​ថៃ បាញ់សម្លាប់ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ចូល​ទឹកដី​ថៃ ដើម្បី​លួច​កាប់​ឈើ។​

ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា (រូបឆ្វេង) លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស (ស្តាំ)
ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា (រូបឆ្វេង) លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស (ស្តាំ)
ផ្សាយពាណិជ្ជកម្ម

​កំណត់​ទូត​តវ៉ា​ផ្លូវការ​មួយ​សន្លឹក​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ធ្វើឡើង​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា។ លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស បានប្រគល់​កំណត់​ទូត ជូន​ផ្ទាល់ដៃ​ទៅ​លោក សម​ពុង សាងហ្គាងប៊ុន ( Sampong Sanguangbun ) ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ទីស្តីការ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ។

​កំណត់​ទូត​តវ៉ា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ យក​ចិត្ត​ទុកដាក់​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស ដែល​កើតមាន​លើ​ពលរដ្ឋ​កម្ពុជា។ នោះ​គឺ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១២ ទាហាន​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​លើ​ក្រុម​អ្នកភូមិ​កម្ពុជា ដែល​បាន​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ នៅក្នុង ខេត្ត​សូរិន្ទ ជាប់​ព្រំដែន​កម្ពុជា ក្នុង​ខេត្ត​ឧត្តរមានជ័យ។ យុវជន​កម្ពុជា ៣ នាក់ ចាប់ពី​អាយុ ១៩ ឆ្នាំ ដល់ ៣០ ឆ្នាំ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម ឆ្លងដែន ចូល​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ។​

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា អំពើ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើឡើង​ដោយ​ទាហាន​ថៃ នៅ​តំបន់​ព្រំដែន​នោះ ថា​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​កន្លងមក។

រដ្ឋាភិបាល​កម្ពុជា បាន​ទទូច​ស្នើឲ្យ​អាជ្ញាធរ​ថៃ បញ្ឈប់​នូវ​អំពើ​បាញ់ប្រហារ ហើយ​គួរតែ​ចាប់​នាំខ្លួន​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ខុសច្បាប់ ទៅកាន់​តុលាការ ដើម្បី​កាត់ទោស។​
​បន្ទាប់​ជួប និង​ប្រគល់​​កំណត់​ទូត​តវ៉ា ដល់​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​ថ្លែង​ថា កម្ពុជា​ចង់​បញ្ជាក់​ពី​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​ទង្វើ​របស់​ទាហាន​ថៃ ដែល​បាន​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​រឿងនេះ កើតឡើង​ជា​ញឹកញាប់ និង​សឹងតែ​ដដែលៗ។ ករណីនេះ ថៃ​ឆ្លើយថា មក​ពី​ប្រជាពលរដ្ឋ​ខ្មែរ ចូល​កាប់​ឈើ​ខុសច្បាប់​លើ​ដី​ថៃ ហើយ​មាន​កាំភ្លើង​បាញ់​ថៃ​មុន។ ក៏​ប៉ុន្តែ​លោក ឡុង វិសាលោ បាន​ចាត់ទុក​ចម្លើយ​នេះ ជា​ការឆ្លើយ​ដោះ​សារ​របស់​ថៃ។ ឯកអគ្គរាជទូត​ថៃ បាន​លើក​ដំណោះស្រាយ​មួយ ចង់​ឲ្យ​អាជ្ញាធ​រជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ ជួប​គ្នា​ដោះស្រាយ និង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​កុំឲ្យ​កើត​មាន​ករណី​ឆ្លងដែន ចូល​ទឹកដី​ថៃ ដែល​នាំ​ដល់​ការបាញ់​ប្រហារ ដូច​ពេល​កន្លងមក។​

មន្ត្រី​ក្រសួងការបរទេស បាន​ច្រានចោល​នូវ​របាយការណ៍​របស់​កាសែត ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១ នាក់ ត្រូវបាន​ទាហាន​ថៃ​បាញ់​សម្លាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១២។ ក៏​ប៉ុន្តែ​តាម​មន្ត្រី​ក្រសួង​ការបរទេស នៅ​ដើមឆ្នាំ​២០១២ មាន​ពលរដ្ឋ​ខ្មែរ ៧ នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់ នៅ​តំបន់​ព្រំដែន។ ចំណែក​នៅ​ឆ្នាំ​២០១១ មាន​ចំនួន ១២ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ