អានតួអត្ថបទ
កម្ពុជា

លោកឈាង វុន​៖ សភា​នៅតែ​ដំណើរ​ការ​ ដោយ​មិន​រង់ចាំ​បេក្ខជន​អនុប្រធាន​ទី១​ថ្មី​នោះ​ឡើយ​

លោកកឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​កាល​ពី​ល្ងាច​មិញ​ថា​ គណបក្ស​សង្គ្រោះជាតិ​ មិន​ស្នើ​បេក្ខជន​អនុប្រធាន​ទី១​ថ្មី​ នៃ​រដ្ឋ​សភា​នោះ​ទេ​។ ​ការ​ប្រកាស​នេះ ​ជាការ​ឆ្លើយ​តប​នឹង​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ដែល​បាន​ស្នើ​ឲ្យ​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បញ្ជូន​បេក្ខជន​ជា​អនុ​ប្រធាន​ទី១ ​នៃ​រដ្ឋសភា ​ក្រោយ​ពី​ទ​​ម្លាក់​លោក​កឹម សុខា​ចេញ​ពី​តំណែង​។ យ៉ាង​ណា​ក៏ដោយ ​លោក​ឈាន វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ ​បាន​បញ្ជាក់​ថា ​បើទោះបី​គណបក្ស​សង្រ្គោះជាតិ​មិន​ដាក់​បេក្ខជន​ថ្មី​ ក៏​សភា​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ដោយ​មិន​រង់ចាំ​នោះ​ឡើយ​។

​លោក​ឈាន វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ
​លោក​ឈាន វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ថ្លែង​តាម​ខ្សែទូរស័ព្ទ​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅព្រឹក​ថ្ងៃ​សៅរ៍ ​ទី​៣១​ ខែ​តុលា ​លោក​ឈាង វុន ​អ្នក​នាំ​​ពាក្យ​រដ្ឋសភា​ជាតិ ​បាន​គូស​បញ្ជាក់​ថា ​រដ្ឋសភា​មិន​រង់ចាំ​ការ​បញ្ជូន​បេក្ខជន​អនុប្រធានទី១​នៃ​រដ្ឋសភា​ពី​សំណាក់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​នោះ​ទេ។​ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ​បើ​ទោះបី​គណបក្ស​ប្រឆាំង​ដាក់​ឫ​មិនដាក់​បេក្ខជន​ថ្មី​ក្តី​ ក៏​មិន​ប៉ះពាល់​ដល់​រដ្ឋសភា​ឡើយ ​ពោល ​គឺ​រដ្ឋសភា​នៅ​តែ​ដំណើរការ​កិច្ច​ប្រជុំ​របស់​ខ្លួន​ជាធម្មតា​ ព្រោះ​មាន​កូរ៉ុម​គ្រប់គ្រាន់​។

​​​ការ​​បញ្ចាក់​របស់​លោក​ឈាន វុន ​នៅ​ពេលនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់​​ពី​លោក​កឹម សុខា ​អនុប្រធា​ន​គណបក្ស​សង្រ្គោះជាតិកា​ល​ពី​ល្ងាច​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា ​គណបក្ស​ប្រឆាំង​នឹង​មិន​ស្នើ​បេក្ខជន​​អនុប្រធាន​ទី១​ថ្មី​នៃ​រដ្ឋសភា​នោះ​ឡើយ​។ ​លោក​កឹម សុខា ​ហ៊ាន​ប្រកាស​ដូចនេះ ​បន្ទា​ប់​ពី​លោក​បាន​ពិភាក្សា​ និង ​ឯកភាព​គ្នា​ជាមួយ​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​។ កា​រ​ប្រកាស​របស់​លោក​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ដែរ​ គឺ​ជា​ការឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ទៅ​កាន់​លោកសម រង្ស៊ី ​ដើម្បី​ស្នើ​បញ្ជូន​បេក្ខជន​ជា​អនុ​ប្រធានទី១​ថ្មី​នៃ​រដ្ឋសភា ​នីតិកាល​ទី៥​។

​ទោះជាយ៉ាងណាក៏ដោយ ​លោក​ឈាង វុន​ បាន​សង្កត់ធ្ង​ន់ថា​ តំណែង​ជា​អនុប្រធាន​ទី១​នេះ ​នៅ​តែ​រក្សា​សម្រាប់​កូតា​មកពី​គណបក្ស​សង្រ្គោះជាតិ​ ដែល​ជា​ការ​គោរព​ទៅ​តាម​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច ​និង ​ប្រឆាំង​កាល​ពី​ថ្ងៃទី​២២ ​កក្កដា​ ឆ្នាំ​២០១៤​។

 

គួរ​បញ្ជាក់​ថា ​ការ​ឆ្លងឆ្លើយ​គ្នា​ទា​ក់ទង​នឹង​បេក្ខជន​តំណែង​អនុប្រធានទី១ ​នៃ​រដ្ឋសភា​នេះ ​បាន​កើតឡើង​ ក្រោយ​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ បាន​បោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ​ចេញ​ពី​តំណែង​។ ​បើ​តាម​លោកកឹម សុខា ​មូលហេតុ​ដែល​គណបក្សសង្រ្គោះជាតិ​មិន​ដាក់​បេក្ខជន​ថ្មី​នេះ ​ព្រោះថា​ ការ​ទម្លាក់​រូប​លោកគឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​។ ​ក៏​ប៉ុន្តែ​ការ​លើកឡើង​នេះ ​ត្រូវ​បាន​រដ្ឋសភា​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រានចោល ​ដោយ​អះអាង​ថា ​គឺ​បាន​ធ្វើឡើង​ស្រប​តាម​បទបញ្ជា​ផ្ទៃក្នុង​នៃរ​ដ្ឋសភា ​និង​ រដ្ឋធម្មនុញ្ញ​ផងដែរ​។​
 

ចំណែ​ក​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​នយោបាយ​វិញ ​លោកសុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បកស្រាយ​ថា មិ​ន​បាន​រំលោភ​នោះទេ​។ ​មិនរំលោភក៏ព្រោះថា​ បន្ទា​ប់ពី​ទម្លាក់​លោកកឹម សុខា ​តំណែង​អនុប្រធានទី១​នៃរ​ដ្ឋសភា​គឺ​ទុក​ឲ្យ​កូតា​មកពី​គណបក្ស​សង្រ្គោះជាតិ​ដដែល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​រំលោភ​យក​តំណែង​នេះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ