អានតួអត្ថបទ
កម្ពជា

សង្គម​​ស៊ីវិល​​រិះគន់ថា ​រដ្ឋាភិបាល​​កំពុង​​បំផ្លាញ​​លុយ​​រាស្ត្រ​​ទៅ​លើ​​ឧ​ត្ត​ម​​ក្រុម​ប្រឹក្សា​​ផ្តល់​យោបល់​​ថ្មី​

អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយ ​និង​ការបោះឆ្នោត​នៅ​កម្ពុជា បាន​រិះគន់ខ្លាំងៗទៅលើ​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែលមាន​ការចូលរួម​ពី​បក្ស​កាន់អំណាច និង​គណបក្ស​អត់​ជាប់ឆ្នោត១៥ទៀត។ ពួកគេ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​បំផ្លាញ​ថវិកាជាតិ​ដែល​បានមកពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ទៅលើ​មន្ត្រី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ថ្មី​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​តប​វិញ​ថា បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​ប្រសើរឡើង។

មេ​បក្ស​ទាំង​១៥ ​ដែល​ជា​សមាជិក​ឧត្តម​ក្រុុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​
មេ​បក្ស​ទាំង​១៥ ​ដែល​ជា​សមាជិក​ឧត្តម​ក្រុុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក​កន សាវា​ង្ស មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល​បាន​បញ្ចេញ​ទស្សនៈរ​របស់លោក​នៅលើ​ហ្វេ​ស​ប៊ុ​កថា ឧ​ត្ត​ម​ក្រុមប្រឹក្សា ជា​អ្នក​ប្រកបដោយ​គុណធម៌ មានចំណេះ​វិជ្ជា​យល់ដឹង ហើយ​ជា​អ្នក​ប្រឹក្សា​ដោយ​ឧ​ត្ត​ម​គតិ និង​ជា​ប្រយោជន៍​ដល់​អ្នកណាម្នាក់​រួមទាំង​សង្គមជាតិ។ ហេតុ​ដូចនេះហើយ លោក​កន សាវា​ង្ស​លើកឡើងថា បុគ្គល​អវិជ្ជា​មិនគួរ​ប្រើប្រាស់​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាតិ​ទេ ព្រោះ​វា​គ្មាន​គុណ​តម្លៃ​សម្រាប់​ជាតិ ហើយ​វា​បំផ្លាញ​ថវិកាជាតិ​ដែលជា​ញើស​ឈាម​រាស្ត្រ​ដែល​ខំ​បង់ពន្ធ​រាល់ថ្ងៃ រាល់​ខែ​ថែមទៀត។ លោក​កន សាវា​ង្ស បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា ថវិកា​របស់លោក​មួយខែៗបង់​ចូល​រដ្ឋ​មិន​តិ​ច​ទេ។ ដូច្នេះហើយ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​មនុស្ស​ជា​គុណប្រយោជន៍។

ចំណែក​លោក​ព្រាប កុល ដែលជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​វិញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា លោក​បានបង្ហាញ​អារម្មណ៍​ស្តាយ​លុយ​ដែល​លោក​បាន​បង់ពន្ធ​ជូន​រដ្ឋ ជាពិសេស​សម្រាប់​ចំណាយ​ទៅលើ​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នេះ។ ជាមួយគ្នានេះ លោក​ព្រាប កុល ក៏បាន​អះអាង​ដែរ​ថា​ប្រសិនបើ​លោក​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ថា​ចំណែក​លុយ​បង់ពន្ធ​របស់លោក​គួរប្រើ​ក្នុង​ខ្ទង់ចំណាយ​អ្វី​នោះ គឺ​លោក​ចង់​ផ្តល់​លុយ​នេះ​ទៅជា​ប្រាក់ខែ​ដល់​គ្រូបង្រៀន​ឬ​គ្រូពេទ្យ​ជំនួស​វិញ។

ឆ្លើយតប​នឹង​ការរិះគន់​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា មាន​មូលហេតុ​សំខាន់​ពីរ​ដែល​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បង្កើត​នូវ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ។ ទីមួយ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ដែល​ត្រូវ​ប្រមែប្រមូល​ធាតុ​ចូល​ឲ្យ​បាន​ច្រើន និង​ប្រមូលផ្តុំ​បញ្ញាញាណ​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​រួមបញ្ចូល​គ្នា​កសាង​និង​អភិ​វ​ឌ្ឈ​ន៏​ប្រទេស។ ចំណែក​ទី​ពីរ វា​គឺជា​នយោបាយ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​រឹងមាំ ដែល​រាជរដ្ឋាភិបាល​បាន​បើក​ចិត្ត​ទូលាយ​ឲ្យ​បណ្តា​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​មានឱកាស​ចូលរួម​មតិយោបល់​ក្នុង​កម្មវិធី​នយោបាយ ការធ្វើ​ច្បាប់​នានា​បម្រើ​សង្គម និង ជួយ​តាមឃ្លាំមើល​រាល់​សកម្មភាព​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ធានាបាន​លទ្ធផល​ល្អ​ផងដែរ។

សូមបញ្ជាក់ថា សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ដែល​បង្កើតឡើង​ថ្មី​នេះ មាន​ចំនួន៣០នាក់។ ក្នុងនោះ​ប្រធាន​គណបក្សនយោបាយ​ចំនួន១៥នាក់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ខណៈ​អនុប្រធាន​គណបក្ស ឬ​អគ្គលេខាធិការ​បក្ស១៥នាក់​ផ្សេងទៀត មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ បើទោះជា​ទទួលបាន​ងារ​ស្មើនឹង​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ពួកគេ​ទទួលបាន​ប្រាក់បៀវត្សរ៍​ចំន​នួន​ប៉ុន្មាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ