អានតួអត្ថបទ
កម្ពុជា

ក្រុ​ម​យុវជន​​អតី​ត​CNRP​ នឹង​ធ្វើ​​បាតុកម្ម​​ទាមទា​​រ​ឱ្យ​​ជប៉ុន​​ជួយ​​ដឹង​ឮ​​ពី​​មាតុភូមិនិវត្តន៍​​លោក​​សម រង្ស៊ី​​នៅ​​ថ្ងៃ​ស្អែក​

នៅ​ថ្ងៃ​ចន្ទ ទី១២ ខែ សីហា​ស្អែក​នេះ សកម្មជន និង អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ជប៉ុន នឹង​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​តូ​ក្យូ។ បាតុកម្ម​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ដឹងឮ និង សម្របសម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី មក​កម្ពុជា។

លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​
លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ជាថ្មី​នៅក្នុង​ប្រទេស​ជប៉ុន​នេះ​នឹង​ដឹកនាំ និង រៀបចំ​ធ្វើឡើង​ដោយ​គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ហើយ​បាតុកម្ម​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​របស់លោក​ស្រី​មូរ សុខ​ហួរ ដែលជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​គូសបញ្ជាក់​ឱ្យដឹងថា បាតុកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយសង្គ្រោះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ព្រមទាំង​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងនោះ​ជួយ​ដឹងឮ​អំពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី មកកាន់​ប្រទេស​កម្ពុជា​វិញ។

បន្ថែម​លើ​នេះ ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ក៏​នឹង​យក​ការធ្វើ​បាតុកម្ម​នេះ ដើម្បី​ប្រកាស​ជា​សាកល​ថា ពួកគេ​ប្រឆាំង​ដាច់ខាត​រាល់​អំពើហិង្សា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន មកលើ​ប្រតិភូ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ពលរដ្ឋ​ខ្មែរ​ដែល​នឹងធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​លោក​សម រង្ស៊ី និង មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ប៉ុន្តែ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា បាតុកម្ម​នេះ​នឹង​គ្មាន​បានការ​អ្វី​នោះទេ ព្រោះ​ប្រទេស​ហត្ថលេខី​ទាំងនោះ​គ្មាន​ហេតុផល​អ្វី​មក​ឈឺឆ្អាល​នឹង​រឿង​លោក​សម រង្ស៊ី​ឡើយ។លោក​បន្ថែមថា បើទោះបី​ក្រុមយុវជន​ខ្មែរ​នៅ​ជប៉ុន​ធ្វើបាតុកម្ម​រាប់លាន​ដង​ទៀត​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​ដោយ​សប្បាយរីករាយ​ក្រោម​ម្លប់​សន្តិភាព​និង​ការ​អភិ​វ​ឌ្ឈ​ន៏​ប្រទេស។ ចំពោះ​បញ្ហា​ប្រជាធិបតេយ្យ​វិញ អ្នកនាំពាក្យ​បក្ស​កានអំណាច គូសបញ្ជាក់ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​រីកចម្រើន​ជាធម្មតា មិនត្រូវ​ការស្តារ​នោះទេ ។

ប៉ុន្តែ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន​បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នៅ​ជប៉ុន​នេះ នឹង​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ដើម្បីឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធ្វើការ​គាបសង្កត់​កាន់តែខ្លាំង​ឡើង​មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការជំរុញឱ្យ​ស្ដារ​លទ្ធិ​ប្រជា​ធិ​ប​តេត​យ្យ​ឡើងវិញ។ ជាមួយគ្នានេះ គណៈកម្មការ​ចលនា​សង្គ្រោះ​ជាតិ​នៅ​ជប៉ុន ក៏​នៅ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ជប៉ុន និង ប្រទេស​ផ្សេងទៀត​ក្នុង​រួម​ក្នុង​បាតុកម្ម​នេះ​ផងដែរ បើទោះបី​អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​អះអាងថា ជា​បាតុកម្ម​អត់​បាន​ប្រយោជន៍​អ្វី​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ