អានតួអត្ថបទ
កម្ពុជា-នយោបាយ

កូន​ប្រុស​សកម្មជន​អតីត​បក្ស​ប្រឆាំង​ម្នាក់​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម ​សង្ស័យ​រង​ទារុណ​កម្ម​

កូន​ប្រុស​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ​បាន​ស្លាប់​បាត់​បង់​ជីវិត ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​សង្ស័យ​ថា ​បាន​រងទារុណកម្ម​។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ច្រាន​ចោល ​ខណៈ​លោក ​សម​ រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​ប្រឆាំង ​បាន​ចាត់​ទុក​ការ​ស្លាប់​នេះ​ថា ​ជា​ឃា​តកម្ម​នយោបាយ​។  

ពន្ធនាគារ​នៅ​កម្ពុជា
ពន្ធនាគារ​នៅ​កម្ពុជា Licadho
ផ្សាយពាណិជ្ជកម្ម

លោក​ សម​ រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចាត់​ទុក​ការ​ស្លាប់​របស់​លោក ​ទិត្យ រ៉ន ​អាយុ ​៣៧​ឆ្នាំ ​រស់​នៅ​ក្នុង​ឃុំ​ទួល​ព្រះ​ឃ្លាំង ​ស្រុក​ស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​ ថា​ជា​ឃាតកម្ម​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា​។ ​ប៉ុន្តែ​លោក ​ខៀវ​ សុភ័គ​ អ្ន​ក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ច្រាន​ចោល​និង​អះអាង​ថា ​គឺ​ជា​ការ​បំប៉ោង​ព័ត៌មាន​ ស្រ​ប​ពេល​ដែល​អ្នក​រាយការណ៍​ពិ​សេស​អង្គការ​សហប្រជាជាតិ​លោក​ស្រី ​រ៉ូណា​ស្មីត​ កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​។

គួរ​ជំរាប​ជូន​ថា ​លោក ​ទិត្យ រ៉ន​ អាយុ​៣៧​ឆ្នាំ ​បាន​ស្លាប់​បាត់បង់​ជីវិត ​កាល​ពី​ថ្ងៃទី ​១៨​ មេសា ​បន្ទាប់​ពី​សមត្ថកិច្ច​ខេត្តកំពង់ចាម​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃទី ​១៥​ ខែ​មេសា ​ជុំវិញ​សំណុំ​រឿង​បង្ក​អំពើ​ហិង្សា​ក្នុង​ពេល​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម ​ឬ​ពន្ធនាគារ​មាត់​ឃ្មង់​។ ​លោក​ អ៊ាម​ ទិត្យ​ អាយុ​៦២​ឆ្នាំ​ ដែល​ជា​ឳពុក​ជន​រង​គ្រោះ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម ​បាន​ដាក់​ការ​សង្ស័យ​ថា ​កូន​ប្រុស​របស់​គាត់​ទំនង​ជា​បាន​ស្លាប់​ ដោយ​សារ​ការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ពន្ធនាគារ​ត្រឹម​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ​ជុំវិញ​ការ​សង្ស័យ​នេះ ​លោក​ ឯម​ កុសល ​ស្នង​ការ​នគរបាល​ខេត្តកំពង់ចាម​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​ករណី​នេះទេ​។​​ ប៉ុន្តែ​លោក ​គួច ​ចំរើន​ អភិបាល​ខេត្តកំពង់ចាម​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នានាថា​ អាជ្ញាធរ​បាន​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ​រហូត​ដល់​ស្លាប់​។ ​ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ​ សុភ័គ ​បាន​បញ្ជាក់​ពី​មូលហេតុ​ក្រោយ​ធ្វើ​កោសល្យវិច័យ​ថា ​ជន​សង្ស័យ​រូប​នេះ ​បាន​ស្លាប់​ដោយ​សារ​ដួល​បោក​ក្បាល​នៅ​ក្នុង​បន្ទប់​ទឹក ​ស្រប​ពេល​ដែល​ជន​សង្ស័យ​រូប​នេះ ​គឺ​ជាជ​ន​ញៀន​ស្រា ​ដែល​មិន​អាច​ទប់​ជំហរ​ខ្លួន​ឯង​បាន​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចាត់​ទុក​ការ​ស្លាប់ ​កូន​ប្រុស​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​របស់​លោក​ថា ​គឺ​ជា​ឃាតកម្ម​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា​។ ​លោក​ សម​ រង្ស៊ី ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្តកំពង់ចាម​ត្រង់ៗ​ថា ​លោក​ ទិត្យ រ៉ន ​បាន​ស្លាប់​ដោយ​ត្រូវ​នគរបាល​ធ្វើ​ឃាត ​នៅ ​ថ្ងៃ ១៨ ​មេសា ​ឆ្នាំ ​២០១៩ ​នៅ​ក្នុង​ពន្ធនាគារ​មាត់​ឃ្មួង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ