អានតួអត្ថបទ
កម្ពុជា

​កម្ពុជា​ស្នើ​UNICEF​ជួយ​កុមារ​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​​

 ​លោក​ហោ ណាំហុង​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​​កម្ពុជា​​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​​នេះ ​បាន​​ជួប​ពិភាក្សា​​​ជា​មួយ​​តំណាង​​អង្គការ​​UNICEF ប្រចាំ​នៅ​កម្ពុជា លោកស្រី​Rana Flower នៅ​ទីស្តីការក្រសួង។ ក្នុង​​កិច្ចពិភាក្សា​នោះដែរ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ស្នើឱ្យ​អង្គការ​យូ​នី​ហ្សេ​វ​ជួយ​ដល់​កុមារ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​នៅ​​ភូមិ​រកា។​ 

លោកហោ ណាំហុង ជួបតំណាងអង្គការUNICEF ប្រចាំនៅកម្ពុជា លោកស្រី Rana Flower នៅទីស្តីការក្រសួង។
លោកហោ ណាំហុង ជួបតំណាងអង្គការUNICEF ប្រចាំនៅកម្ពុជា លោកស្រី Rana Flower នៅទីស្តីការក្រសួង។ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក​ហោ​ណាំហុង រដ្ឋមន្ត្រីក្រសួង​ការ​បរ​ទស​កម្ពុជា បានស្នើ​ឱ្យ​តំណាង​អង្គការ​UNICEF លោក​ស្រី Rana Flower ជួយ​ដល់​កុមារ​ដែល​កំពុង​ផ្ទុកមេរោគ​អេដស៍​នៅ​ក្នុង​​ភូមិ​​រកា​​ខេត្ត​បាត់​ដំបង​។ ​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​កុយ គួ​ង​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​​ដែល​​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ជំនួប។ ​ការស្នើ​ឡើង​នេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​កាលពី​ព្រឹក​​ថ្ងៃ​សុក្រ​ទី២០ មីនា​នេះ ខណៈដែល​កុមារ​កម្ពុជា​ក្នុងភូមិ​រកា ប្រមាណ​៦០នាក់​​បាន​​ធ្លាក់​ខ្លួន​​ឆ្លង​​មេរោគ​​អេដស៍។​ មេរោគ​​អេដស៍​ដែល​បាន​ចម្លង​ដល់​ប្រជាពលរដ្ឋ​ភូមិ​រកា​ប្រមាណ២៤០នាក់ ដោយសារតែ​ការប្រើប្រាស់​ម្ជុល​សា​រ៉ាង​រួមគ្នា​របស់លោក​គ្រូពេទ្យ​ភូមិ​យ៉ែម ជ្រិ​ន។

 

ក្រៅពី​សំណើរ​គាំពារ​ដល់​ប្រជាពលរដ្ឋ​ភូមិ​រកា​នោះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​អង្គ​ការ​​​យូ​នី​ហ្សេ​វ ពិនិត្យមើល​លើ​កុមារ​អណាថា​នៅតាម​​ដងផ្លូវ​ដែល​កំពុង​ធ្វើ​សកម្មភាព​លក់​ផ្កា និង​​​សុំ​ទាន​​តាម​ដងផ្លូវ និង​បញ្ហា​សុខភាព​មាតា ទារក រួមទាំង​ការបោះបង់​ការសិក្សា​រប​ស់​កុមា​រី​។ ​កុមារី​ដែល​លោក​ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់ថា បាន​បោះបង់​ការសិក្សា​ច្រើន ដោយ​សារ​តែ​​បញ្ហា​កម្រិតជីវភាព និង​កិច្ចការងារ​ផ្ទះ។​
លោក​ស្រី​Rana Flower បាន​សន្យា​និង​ពិនិត្យ​រាល់​សំណើរ​របស់​ភាគី​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​របស់​កុមារ​នៅ​កម្ពុជា​នេះ។

សូម​រំលឹកថា ​កុមារ​នៅ​ភូមិរ​ការប្រមាណ៦០នាក់ បាន​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​ប្រជា​ពល​រដ្ឋ​​ប្រមាណ​២៤០​នាក់​​ដែលមាន​ទាំងចាស់​ប្រុស​ស្រី តាំងពី​កុមារ ៧ខែ​រហូតដល់​មនុស្ស​ចា​ស់​៧០​ឆ្នាំ។​ ប្រធាន​មជ្ឈមណ្ឌល​សុខភាព​ភូមិ​រកា លោក លី​ប៊េ​ង​ស៊ បាន​លើកឡើងថា​សំណើរ​របស់​​រដ្ឋមន្ត្រីការបរទេស​ចំពោះ​អ្នកភូមិ​រកា​នេះ គឺមាន​សារសំខាន់​ត្បិត​អី​កុមារ​ប្រមាណ៦០នាក់​ដែល​កំពុង​ផ្ទុកមេរោគ​អេដស៍​បាន​ជួបប្រទះ​បញ្ហា​សុខភាព និង​ជីវភាព។ ហើយ​វា​ជាការ​លើក​ទឹក​ចិត្ត​ដល់​កុមារ​ឱ្យ​បន្ត​ការសិក្សា​របស់​ពួកគេ។ កុមារ​ដែល​ធ្លាប់​បោះបង់ចោល​ការសិក្សា​ព្រោះ​តែ​​មានការ​រើសអើង​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ។ រហូតមកដល់​ពេលនេះ ក្រសួងសុខាភិបាល បាន​ផ្តល់​​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​បានត្រឹមតែ១៧០នាក់​តែប៉ុណ្ណោះ ក្នុងចំណោម​មនុស្ស​ដែល​ផ្ទុកមេរោគ​អេដស៍​ជាង២០០នាក់។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ក្នុងភូមិ​រការ៦នាក់​ហើយ​បាន​ស្លាប់ ចំណែកឯ​មនុស្ស៦នាក់​ផ្សេងទៀត​កំពុងមាន​សភាព​ជំងឺ​ដុនដាប។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល​ឃុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ