អានតួអត្ថបទ
កម្ពុជា​-ថៃ

ស្ថានភាព​យោធា​នៅ​ព្រំដែន​ព្រះវិហារ តានតឹង​សា​ជា​ថ្មី​នៅ​ថ្ងៃនេះ

កងទ័ព​កម្ពុជា​បាន​បញ្ជូន​កម្លាំង និង​គ្រឿង​សព្វាវុធ​ទៅ​តំបន់​ព្រំដែន ពិសេស​ព្រំដែន​ប្រាសាទ​វិហារ​នៅ​ថ្ងៃ​នេះ ដើម្បី​ទប់ទល់​ជាមួយ​ទាហាន​ថៃ ក្នុង​ករណី​ផ្ទុះ​អាវុធ។ ភាព​តានតឹង​ផ្នែក​យោធា​នៅ​តាម​ព្រំដែន ជាពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​នេះ កើត​មាន​ឡើង​នៅ​ពេល​ដែល​ថៃ​ទាមទារ​អោយ​កម្ពុជា​ដក​ទង់​ជាតិ​របស់​ខ្លួន​ចេញ​ពី​វត្ត​កែវ​សិក្ខាគិរីស្វារៈ តែ​កម្ពុជា​មិន​បាន​យល់ព្រម។ រីឯ​យោធា​ថៃ​វិញ ចង់​យក​ទង់​ជាតិ​ថៃ​របស់​គេ​មក​ដោត​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ​ដែរ តែ​កម្ពុជា​មិន​អនុញ្ញាត​នោះ​ឡើយ។

ទាហាន​ខ្មែរ​កំពុង​ការពារ​នៅ​វត្ត​កែវ​សិក្ខាគិរីស្វារៈ
ទាហាន​ខ្មែរ​កំពុង​ការពារ​នៅ​វត្ត​កែវ​សិក្ខាគិរីស្វារៈ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:16

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

កម្លាំង​យោធា និង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​កម្ពុជា​បញ្ជូន​បន្ថែម​ទៀត​ទៅ​ព្រំដែន​កម្ពុជា ថៃ ជាពិសេស​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ដែល​ធ្លាប់មាន​ការ​ផ្ទុះ​អាវុធ​ជាច្រើន​លើក​មក​ហើយ។ ស្ថានភាព​យោធា​នៅ​តាម​តំបន់​ព្រំដែន​មាន​សភាព​តានតឹង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ខៀវ កាញារីទ្ធ ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​២៨​មករា​នេះ។ លោក​ ខៀវ កាញារីទ្ធ ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ដោយ​លើក​យក​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ថា កម្ពុជា​មិន​អាច​យក​ចំណុច​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ជា​ការ​លួង​ចិត្ត​ក្រុម​ថៃ​អាវ​លឿង​នោះ​ឡើយ។ យោងតាម​ការ​អះអាង​របស់​លោក​ ខៀវ កាញារីទ្ធ​ ដដែល យោធា​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន បើ​ទោះ​ជា ការ​ផ្ទុះ​អាវុធ​អាច​កើត​មាន​ឡើង​នៅ​ច្រើន​កន្លែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ ប្រវែង​ជាង​៨០០​គ.ម.​នេះ​ក៏​ដោយ។

         ស្ថានភាព​ក្តៅ​គគុក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក​ អាភីស៊ីត វេចាជីវ៉ា​ បាន​ប្រកាស​ទាមទារ​អោយ​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ដែល​កម្ពុជា​បញ្ជាក់​ថា​ជា​របស់​ខ្លួន​ស្រប​តាម​ច្បាប់​នោះ។ ប្រភព​យោធា​ពី​ព្រំដែន​ជួរ​មុខ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​​អោយ​ដឹង​ថា កងទ័ព​ថៃ​ត្រូវ​បាន​បង្កើន ហើយ​ពួកគេ​ចង់​យក​ទង់ជាតិ​ថៃ​របស់​គេ ចូល​មក​ដោត​នៅក្នុង​វត្ត​កែវ​សិក្ខាគិរីស្វារៈ។ ប៉ុន្តែ​កងទ័ព​កម្ពុជា​មិន​អនុញ្ញាត​ឡើយ។

         នៅ​ថ្ងៃ​សុក្រ​ទី​២៨​មករា​នេះ ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដែល​បាន​ស្រែក​ទាមទារ​អោយ​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញ​ពី​វត្ត​កែវ​សិក្ខាគិរីស្វារៈ​នោះ។ ក្រសួង​ការបរទេស​កម្ពុជា​បាន​លើក​យក​ហេតុផល​ផ្លូវ​ច្បាប់​នានា​ដើម្បី​អះអាង​សា​ជា​ថ្មី​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​ ពិតជា​បាន​ស្ថិត​នៅក្នុង​ទឹកដី​កម្ពុជា។ សេចក្តី​ប្រកាស​របស់​ក្រសួងការ​បរទេស​ខ្មែរ​បាន​ចាត់ទុក​ការ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ក្នុង​បរិបទ​ដែល​កងទ័ព​ថៃ​ធ្វើ​សមយុទ្ធ​យោធា​ផង​នោះ ថា​គឺ​ជា​ការ​ញុះញង់​ជំរុញ​អោយ​មាន​ការឈា្លនពាន​កម្ពុជា។

         ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា សេចក្តី​ថ្លែង​ការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ។ ហើយ​កម្ពុជា​សូម​ទាត់​ចោល​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ទាមទារ​ដ៏​ប្រមាថ​នេះ។ ប្រទេស​កម្ពុជា​សូម​រក្សា​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ការពារ​នូវ​បូរណភាព និង​អធិបតេយ្យភាព​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ