អានតួអត្ថបទ
កម្ពុជា

តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ថៃ​ទាំង៧នាក់​ពី​បទឆ្លងដែន​ខុស​ច្បាប់

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជនជាតិថៃ​ទាំង៧នាក់ នៅ​ថ្ងៃព្រហស្បតិ៍នេះ។ ទន្ទឹមគ្នានេះ ប្រមុខ​ការទូតថៃ​លោកកាស៊ីត ភិរម្យ​បាន​មកដល់ប្រទេស​កម្ពុជា កាល​ពីរសៀល​ថ្ងៃព្រហស្បតិ៍ ហើយ​បាន​ជួប​លោកហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដើម្បី​ស្តាប់​អំពី​ដំណើរ​ដើមទង​នៃ​ការចាប់ខ្លួន​ជនជាតិថៃ​ទាំង៧នាក់​ដែល​ក្នុងនោះ​មាន​សមាជិក​រដ្ឋសភា​២រូប​ផង។

ជនជាតិ​ថៃ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ពី​បទ​ឆ្លងដែន​ខុសច្បាប់ចូល​មក​​ក្នុង​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី ២៩​ធ្នូ ២០១០
ជនជាតិ​ថៃ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ពី​បទ​ឆ្លងដែន​ខុសច្បាប់ចូល​មក​​ក្នុង​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី ២៩​ធ្នូ ២០១០ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

05:02

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ជនជាតិ​ថៃ​ទាំង៧នាក់​ត្រូវ​បាន​បញ្ជូន​មក​ដល់​តុលាការ​រាជធានី​តាំង​ពី​ព្រឹក ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់។ រហូត​ដល់​ម៉ោង​ជិត​៥ល្ងាច​ទើប​បាន​ព្រះរាជអាជ្ញា​​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​ថៃ​ទាំង​៧​នាក់ ក្នុង​បទចោទ​ចំនួន​២​គឺ ទី១ ការ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា និង​បទចោទ​ទី២​នោះ​គឺ ការលួចចូល​ក្នុង​ទីលាន​យោធា​ដោយ​ខុសច្បាប់​ក្នុង​បំណង​ទុច្ចរិត។ ក្រោយ​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ហើយ​នោះ ជនជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរ​ឃុំឃាំង​បណ្តោះ​អាសន្ន​ព្រៃ ស។

 
លោក​កាស៊ីត ភិរម្យ ដែល​ជា​ប្រមុខ​ការទូត​ថៃ​បាន​មក​ដល់​កម្ពុជា ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ។ នៅប្រទេសកម្ពុជា លោក​កាស៊ីត មក​ជួបតែ​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក​ហោ ណាំហុង​តែ​ម្នាក់​ប៉ុណ្ណោះ កាលពី​ម៉ោង៤​រសៀលថ្ងៃនេះ។ ក្រោយ​ពី​ជំនួប​ជិត​មួយ​ម៉ោង នៅក្នុង​ក្រសួង​ការបរទេស លោក​កាស៊ីត​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​មក​ស្តាប់​រឿង​ហេតុការណ៍​ពិត​ពីកម្ពុជា ជុំវិញ​ការចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ ហើយ​លោក​សង្ឃឹមថា បញ្ហា​នឹង​ត្រូវ​ដោះស្រាយ​បាន​ឆាប់រហ័ស។

បើតាម​ការ​អះអាង​របស់​លោក​ហោ ណាំហុង ដែល​ជា​ប្រមុខ​ការទូត​កម្ពុជា​នោះ គឺ​ថា​ភាគី​ទាំងពីរ​មិន​បាន​និយាយ​អំពី​ការស្នើ​ដោះលែង​អ្វី​នោះទេ។ ជាងនេះទៅទៀត​គឺថា លោកហោ ណាំហុង​បាន​ប្រាប់​ទៅលោក​កាស៊ីត​ថែមទៀត​ថា សំណុំរឿង​បាន​ធ្លាក់​ដល់​ដៃ​តុលាការ ហើយ ខាង​រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូលក្នុង​កិច្ចការ​តុលាការ​នោះទេ។

នៅក្នុង​សន្និសីទ​កាសែត ក្រោយ​ជំនួប​នៃ​ប្រមុខ​ការទូត​ទាំងពីរ លោកហោ ណាំហុង ដែល​ឈរ​នៅ​ចំពោះមុខ​លោក​កាស៊ីត​ផងនោះ បានថ្លែង​ថា តាមពិតនេះ​មិនមែន​ជា​លើក​ដំបូងទេ​ដែល​ជនជាតិ​ថៃ​បាន​ចូល​មក​លើ​ទឹកដីក​ម្ពុជា។ គឺ​លើក​ទី៣​ហើយ។ ប៉ុន្តែ​កាល​ពី​លើកទី១ ក្នុងខែកក្កដា និង​លើក​ទី​២​ក្នុងខែ​កញ្ញា​នោះ ពូកគេ​បាន​ចូល​មក​លើដី​ខ្មែរ​តែ​បន្តិច ដូច្នេះ​អាជ្ញាធរ​ខ្មែរ​ក៏​បាន​ចាប់ខ្លួន​ពួកគេ ហើយ​បញ្ជូន​ពួកគេ​ចេញ​ទៅវិញ។

ប៉ុន្តែ លើក​ទី​៣​នេះ ពួកគេ​បាន​ចូលជ្រៅ​មកដល់​ភូមិខ្មែរ គឺ​ភូមិ​ជោគជ័យ ដែល​មាន​ចំងាយ​ជាង១គម ពីបង្គោល​ព្រំដែន​លេខ​៤៦។ លោក​ហោ ណាំហុង​បន្ត​ថា ដូច្នេះ ជនជាតិ​ថៃ​ទាំង​៧នាក់​នោះ មិន​មែន​ដើរ​វង្វេង​ផ្លូវ​ទេ គឺ​មាន​ចេតនា​ចូលមក​ក្នុងទឹកដី​កម្ពុជា​តែម្តង។ ហើយ​បើយោងតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ដដែល លោក​កាស៊ីត​ក្រោយ​ពី​បាន​ស្តាប់​ការរៀបរាប់​របស់​លោក​ហោ ណាំហុង លោក​កាស៊ីត​ក៏​បាន​និយាយ​ថា លោកមិន​បាន​ដឹង​ថា ជនជាតិថៃ​ទាំងនោះ​បាន​ចូល​ជ្រៅ​មក​ក្នុងទឹកដី​កម្ពុជា​អ៊ីចឹង​ដែរ។

តាំង​ពី​ថ្ងៃ​ទី ២៩​ធ្នូ ក្រោយ​ការ​ចាប់ខ្លួន​ជនជាតិ​ថៃ​ទាំង​នោះ លោក​នាយក​រដ្ឋមន្ត្រីខ្មែរ​ហ៊ុន សែន​បាន​ថ្លែង​សារ​ប្រាប់​រដ្ឋាភិបាល​ទីក្រុង​បាងកក​រួចហើយ ថា កម្ពុជាសង្ឃឹម​ថា​បញ្ហា​នេះនឹង​មិន​ធ្វើ​អោយ​ទំនាក់ទំនង​កម្ពុជា​ប្រែក្លាយ​ជាតានតឹង​សា​ជា​ថ្មី​នោះទេ។ ព្រោះថា​នេះ គឺ​ជា​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​សុទ្ធសាធ។

ហើយ​នៅ​ថ្ងៃ​នេះ​ទៀត បើ​តាម​ប្រសាសន៍​របស់​លោកហោ ណាំហុង ប្រមុខ​ការទូត​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា មិនអោយ​បញ្ហានេះ​រាលដាល ឬ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​នៅលើ​វិស័យ​ផ្សេងៗ​ទៀត​នោះឡើយ។

ទោះយ៉ាងណា​ក៏​ដោយ វានៅតែពិបាកនឹងវាយតម្លៃ ឬសន្មត​ជាមុន​អំពី​ការវិវឌ្ឍន៍នៃ​ស្ថានការណ៍។ ពីព្រោះថា បញ្ហាទំនាក់ទំនង ពាក់ព័ន្ធ​នឹង​មនុស្ស​ពីរ​នាក់។ ដូច្នេះ បើទោះណាជា​កម្ពុជា សំដែង​ថា​មិនចង់​អោយ​មាន​ភាពតានតឹង​លើ​ទំនាក់ទំនង​ការទូតនៃ​ប្រទេស​ទាំងពីរ​ក៏ដោយ ហើយ​ផ្ទុយទៅវិញ​ថៃគឺ​ជា​អ្នកចាប់ផ្តើម​មុន​នោះ ដូច្នេះ​រឿង​ដដែល​ច្បាស់ជា​នឹងកើតមានឡើងវិញ។ ហើយ​កម្ពុជា​នឹង​ដើរ​តាម​ក្រោយ​ប្រទេស​ថៃ​សា​ជាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ