អានតួអត្ថបទ
កម្ពុជា​

លោក រ៉ុង ឈុន ៖ សាលា​រៀន​រដ្ឋ​មិន​ត្រូវ​បិទ​ទ្វារ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ឡើយ

សមាគម​គ្រូបង្រៀន​ឯករាជ្យ​​កម្ពុជា​ជំរុញ​អោយ​ក្រសួង​អប់រំ​ចាត់​វិធានការ​ ទប់ស្កាត់​ការ​បិទ​សាលា​រៀន​រដ្ឋ​ នៅក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ កម្ពុជា​កត់​សម្គាល់​ឃើញ​ថា សាលា​រដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​បិទទ្វារ​នៅ​ ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន។ ជា​ការ​ឆ្លើយ​តប ក្រសួង​អប់រំ​សន្យា​​កែ​លម្អ​ស្ថានភាព​សម្រាប់​ឆ្នាំ​ក្រោយៗ។ ​

គ្រឹះស្ថាន​សិក្សាបិទទ្វារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន
គ្រឹះស្ថាន​សិក្សាបិទទ្វារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម
02:39

សេចក្តី​រាយការណ៍​របស់ គី សុខលីម ពីទីក្រុង​ភ្នំពេញ

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​អំពាវនាវ​នៅ​ថ្ងៃ​អាទិត្យ​នេះ​សូម​អោយ​ក្រសួង​អប់រំ​ចាត់​វិធានការ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​សាលា​រដ្ឋ​បិទ​ទ្វារ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​សម្រាប់​ឆ្នាំ​ខាង​មុខៗ​ទៀត។ ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា សាលា​រដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​បិទទ្វារ​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ម្តងៗ។

សូម​រឭក​ថា កាលពី​៥​ឆ្នាំ​មុន មាន​តែ​សាលា​រដ្ឋ​នៅ​តាម​ទី​ប្រជុំ​ជន​ទេ​ ដែល​បិទទ្វារ​ដោយ​ឯកឯង​នោះ​ ប៉ុន្តែ​សម្រាប់​ពេល​នេះ សាលា​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក៏​បាន​បិទទ្វារ​ដែរ។ បើ​យោង​តាម​ច្បាប់​របស់​កម្ពុជា ចូល​ឆ្នាំ​ចិន​មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​កូន​សិស្ស​ និង​បុគ្គលិក​​រដ្ឋ​នោះ​ទេ។

ចូលឆ្នាំ​ចិន​មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​មែន​ ប៉ុន្តែ​សម្ពាធ​សង្គម​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​បង្ខំ​ចិត្ត​ឲ្យ​មនុស្ស​គ្រប់រូប​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​មិន​ទៅ​សាលា​រៀន​ ឬ​មិន​ទៅ​ធ្វើ​ការ។ ទង្វើ​នេះ​កំពុង​ក្លាយ​ទៅជា​ទម្លាប់​ប្រចាំ​ឆ្នាំ​ទៅ​ហើយ ហើយ​នៅ​ថ្ងៃ​អនាគត​ទម្លាប់​នេះ​នឹង​អាច​ក្លាយ​ទៅ​ជា​ប្រពៃណី​តែ​ម្តង​ ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ណា​មួយ​ទេ​នោះ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​នឹង​លើក​បញ្ហា​បិទ​សាលា​រដ្ឋ​នៅ​ពេល​ចូលឆ្នាំ​ចិន​នេះ​ជាមួយ​ក្រសួង​អប់រំ​នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក ឈុន បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​មាន​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ផ្លូវការ​ច្រើន​រួច​ទៅ​ហើយ​ ដូច្នេះ​ប្រសិនបើ​គេ​ឈប់​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ដែល​មិនមែន​ជា​បុណ្យ​ផ្លូវការ​ទៀត​នោះ​ពេលនោះ ការ​សិក្សា​របស់​កូន​សិក្សា​នឹង​ប៉ះពាល់​ជាក់​ជា​ពុំខាន។ លទ្ធផល​អាក្រក់​នៃ​ការ​ឈប់​សម្រាក​មិន​ផ្លូវការ​ច្រើន​ គឺ​ជះ​ឥទ្ធិពល​ដល់​កម្មវិធី​សិក្សា​ជាពិសេស​សម្រាប់​សិស្ស​ថ្នាក់​ប្រឡង​តែ​ម្តង។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​របស់​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា លោក ជ័យ ចាប រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រសួង​អប់រំ​មិន​បាន​ចេញ​ច្បាប់​ឲ្យ​គ្រឹះស្ថាន​អប់រំ​ឈប់​នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​ទេ​ ប៉ុន្តែ​កូនកាត់​ចិន​ឈប់​សម្រាក​ដោយ​ខ្លួនឯង ​ហើយ​នេះ​ជា​ការ​លំបាក​ក្នុង​ការ​ហាមឃាត់​ពួកគេ ​ពីព្រោះ​វា​ទាក់ទង​ទៅ​នឹង​ជំនឿ​ប្រពៃណី​របស់​ពួកគេ។

ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាងនេះ​ក្តី លោក ជ័យ ចាប សន្យា​ថា ក្រសួង​នឹង​ធ្វើ​សេចក្តី​ណែនាំ​ទៅកាន់​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កូន​សិស្ស​ចូលរៀន​អោយ​បាន​ច្រើន​នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​ចៀសវាង​កុំ​អោយ​ស្ថានភាព​បិទ​សាលា​កើត​មាន​ឡើង​ដូច​ឆ្នាំ​នេះ​ទៀត។

សូម​បញ្ជាក់​ថា មិនមែន​មាន​តែ​សាលា​រដ្ឋ​ទេ​ដែល​បិទទ្វារ​នោះ តាមពិត​សាលា​រៀន​ឯកជន ហាង​ធំៗ ផ្សារ​មួយ​ចំនួន​ក៏​បិទ​ទ្វារ​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​តាម​ក្រសួង​មន្ទីរ​វិញ គេ​ឃើញ​មាន​មន្ត្រី​រាជការ​តិចតួច​បំផុត​បាន​ទៅ​ធ្វើការ​នៅក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​នា​ពេល​កន្លងមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ