អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ការទូត​ថាមពល​និង​ថាមពល​ការទូត​​​របស់​ចិន​ទៅ​លើ​អាមេរិក​ឡាទីន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់​​សូម​​បន្ត​​និយាយ​​ពី​​ភូមិសាស្រ្ត​​នយោបាយ​​នៃ​​ប្រទេស​​ចិន​​ត​ទៅ​​ទៀត​ ដោយ​​សូម​​លើក​​ឡើង​​ពី​​ទំនាក់​ទំនង​​រវាង​​ប្រទេស​​ចិន​​និង​​អាមេរិក​ឡាទីន។​ ទស្សនកិច្ច​​កាន់​​តែ​​ញឹកញាប់​​របស់​​ថ្នាក់​ដឹកនាំ​​ចិន​​នៅ​ក្នុង​ទ្វីប​នេះ​​នា​​រយៈ​​ ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ​​បាន​​និង​​កំពុង​​បន្ត​​ហុច​​ប្រយោជន៍​​ សេដ្ឋកិច្ច​​និង​​នយោបាយ​​មិន​​តិច​​ទេ​​ដល់​​ប្រទេស​​មហា​យក្ស​អាស៊ី។​

លោក ហ៊ូជិនតៅនិង​លោកកាស្ត្រូ
លោក ហ៊ូជិនតៅនិង​លោកកាស្ត្រូ RFI/JFT
ផ្សាយពាណិជ្ជកម្ម

 

រហូត​មក​ដល់​ឆ្នាំ២០០៣ ​ប្រទេស​ចិន ​មិន​​សូវបានយក​ចិត្ត​ទុក​ដាក់​ឡើយ​ទៅ​លើ​ អាមេរិក​ឡាទីនទោះ​បី​ជា​ចិន​មាន​ទំនាក់ទំនង​ទូត​ជាមួយ​បណ្តា​ប្រទេស​ភាគ​ច្រើន​នៃ​ទ្វីប​នេះ តាំង​ពី​ទសវត្សរ៍​ទី​៧០ និង​ទី​៨០​មក​ក្តី។ នេះ​គឺ​មក​ពី​ថ្នាក់ដឹកនាំ​ចិន មិន​ចង់​មាន​ទំនាស់​ជាមួយ​សហរដ្ឋអាមេរិក ដ្បិត​តាំង​ពី​សតវត្សរ៍​ទី​១៩​មក ពោល​គឺ​តាំង​ពី​សម័យ​លោក​ប្រធានាធិបតី​អាមេរិកាំង​James Monroeមក សហរដ្ឋអាមេរិក​ចាត់​ទុក​អាមេរិក​ឡាទីន​ថា ជា​ដែន​អំណាច​ផ្តាច់​មុខ​របស់​ខ្លួន​។

នៅ​ឆ្នាំ​២០០៣ សង្គ្រាម​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​បារម្ភ​ខ្លាច​ខ្វះ​ប្រេង​កាត ​ពីព្រោះ​សង្គ្រាម​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ភូមិភាគ​មួយ​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត។ អ៊ីចឹង​ហើយ​បាន​ជា​ពី​ឆ្នាំ​២០០៣​រហូត​មក​ទល់​សព្វ​ថ្ងៃ ​ថ្នាក់​ដឹក​នាំ​ចិន​អនុវត្ត​អ្វី​ដែល​គេ​ហៅ​ថា ​ការ ទូត​ថាម​ពល​ បាន​ន័យ​ថា​ចិន​ដើរ​ស្វែង​រក​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ ក្នុង​នោះ​រួមមាន​ជា​អាទិ៍​បណ្តា​ប្រទេស​​ផលិត​ប្រេងកាត​នៃ​ទ្វីប​អាមេរិកឡាទីន​ដូច​យ៉ាង​Brésil ​Argentine ​Vénézuela ​និង​Bolivie​។

តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ឥទ្ធិពល​របស់​ប្រទេស​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាមេរិកឡាទីន​បាន​រីក​ធំ​និង​កើន​ឡើង​ខ្លាំង។ ​ចិន​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​២​នៅ​ក្នុង​ពិភពលោក​ដែល​ទិញ​ប្រេង​កាត​ច្រើន​ជាង​គេ​ពី​ទ្វីប​អាមេរិកឡាទីន ដោយ​ដេញ​ប្រកិត​ពី​ក្រោយ​សហរដ្ឋ​អាមេរិក។ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី​២​របស់​អាមេរិក​ឡាទីន។ នៅ​ឆ្នាំ​២០០៨ ចិន​បាន​ដាក់​ទុន​២​ម៉ឺន​៥​ពាន់​លាន​ដុល្លារ ដើម្បី​រកស៊ី​នៅ​ក្នុង​ទ្វីប​នេះ ពោល​គឺ​៥០%​នៃ​ទឹក​ប្រាក់​វិនិយោគ​បរទេស​​​ទាំង​ស្រុង​របស់​ចិន នៅ​ក្នុង​ឆ្នាំ​នោះ។ ទន្ទឹម​នេះ ផលិតផល​ដែល​ចិន​នាំ​ចេញ​ទៅ​កាន់​ទ្វីប​អាមេរិក​ឡាទីន ​គិត​ជា​ប្រាក់ ​បាន​កើន​ទៅ​ដល់​ជិត​១​សែន​២​ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៨​។

និយាយ​រួម អាមេរិក​ឡាទីន​បាន​ក្លាយ​ជា​ដៃ​គូ​សេដ្ឋកិច្ច​មួយ​ចាំ​បាច់​ជា​ទី​បំផុត​សម្រាប់​ប្រទេស​ចិន។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​កាន់​តែ​ញឹកញាប់​នៅ​ក្នុង​ទ្វីប​នេះ។ ជាក់ស្តែង តាំង​ពី​ឆ្នាំ​២០០៤​មក​លោក​ប្រធានាធិបតី​ហ៊ូ ជីនតៅ​បាន​ទៅ​ជាន់​ដី​អាមេរិកឡាទីន​បី​លើក​រួច​មក​ហើយ បាន​ឆ្លង​កាត់​ប្រទេស​Argentine Chili Brésil Cuba Costa-Rica Pérou Chili និង Vénézuela។

 
ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន​មាន​គោល​ដៅ​នយោបាយ​មួយ​ច្បាស់ នោះ​គឺ​កាត់​បន្ថយ​ចំនួន​បណ្តា​ប្រទេស​នៅ​ក្នុង​លោក​ដែល​នៅ​បន្ត​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​។​ ចូរ​កុំ​ភ្លេច​ថា​ក្នុង​ចំណោម​ប្រទេស​ទាំង​២៣នៅ​ក្នុង​ពិភព​លោក ដែល​នៅ​បន្ត​មាន​ទំនាក់​ទំនង​ទូត​ជាមួយ​តៃវ៉ាន់ ជិត​ពាក់​កណ្តាល​សុទ្ធសឹង​ជា​ប្រទេស​អាមេរិក​ឡាទីន។

នៅ​ឆ្នាំ​២០០៧ ថ្នាក់ដឹកនាំ​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​Costa Rica ​ឲ្យ​ផ្តាច់​ទំនាក់​ទំនង​ទូត​ជា​មួយ​តៃវ៉ាន់។ ចិន​ដែល​សម្បូណ៌​លុយ​និង​មាន​ឥទ្ធិពល​នយោបាយ​ជាង​តៃវ៉ាន់​សន្យា​ថា នឹង​បង្កើន​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ណា​ដែល​យល់​ព្រម​បោះបង់​ចោល​តៃវ៉ាន់ ហើយ​ងាក​មក​ទទួល​ស្គាល់​គោលការណ៍​ប្រទេស​ចិន​តែ​មួយ។

នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​សព្វ​ថ្ងៃ​ ប្រទេស​អាមេរិកឡាទីន​ដទៃ ​ដូច​ជា​Honduras ​Nicaragua ​Panama ​Paraguay ​Salvador​។ល។និង។ល។ ​អាច​នឹង​បែក​ចិត្ត​ពី​តៃវ៉ាន់ មក​ទទួល​ស្គាល់​ចិន​កុម្មុយនិស្ត​ដូច​Costa Rica​ដែរ នៅ​ទី​បំផុត។

ទំនាក់ទំនង​ល្អ​និង​ដែល​ត្រូវ​បាន​ពង្រឹង​យ៉ាង​លឿន​រហ័ស​រវាង​ចិន​និង​អាមេរិក​ឡាទីន មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ ចិន​និង​បណ្តា​ប្រទេស​ធំៗ​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ដូច​យ៉ាង​Brésil Mexique Venezuela Bolivie និង​Chili មាន​គំនិត​និង​គោលដៅ​ដូច​គ្នា។ ពួក​គេ​ចង់​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អន្តរជាតិ​បច្ចុប្បន្ន​ដែល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ខ្លាំង​ជ្រុល​របស់​អាមេរិក​និង​អឺរ៉ុប។ ពួក​គេ​ប្រឆាំង​នឹង​អនុត្តរភាព​របស់​សហរដ្ឋអាមេរិក។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​មិន​សប្បាយ​ចិត្ត​នឹង​វត្តមាន​របស់​ចិន​នៅ​អាមេរិក​ឡាទីន។ ​លើស​ពីនេះ​ ទៅ​ទៀត​ ចិន​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​របប​កុម្មុយនិស្ត​Cuba​ដែល​ជា​សត្រូវ​សួ​ពូជ​របស់​អាមេរិក​។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​អាមេរិក​ឡាទីន​មួយ​ចំនួន​ចាប់​ផ្តើម​រអ៊ូរទាំ ដ្បិត​ជា​ទូទៅ​ចិន​ទិញ​យក​តែ​វត្ថុធាតុដើម​ពី​ដៃគូ​របស់​ខ្លួន រួច​ហើយ​លក់​មក​វិញ​សុទ្ធ​តែ​ផលិតផល​ចម្រាញ់។ មិន​តែ​ប៉ុណ្ណោះ ឆន្ទៈ​នយោបាយ​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​បញ្ចុះ​តម្លៃ​ប្រាក់​យ័ន​ធ្វើ​ឲ្យ​ផលិត​ផល​ចិន​មាន​តម្លៃ​ថោក ជាហេតុ​បណ្តាល​ឲ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​អាមេរិក​ឡាទីន​ថយ​ចុះ រី​ឯ​ផលិតផល​ចិន​វិញ​ចេះ​តែ​បន្ត​ហូរ​គគុក​គគាក់​ចូល​មក​ក្នុង​ប្រទេស​ទាំង​នេះ។

ម្ល៉ោះ​ហើយ ត​ទៅ​ថ្ងៃ​មុខ សំណួរ​ដែល​នឹង​ចោទ​ឡើង​គឺ តើ​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ​ជាពិសេស​ប្រទេស​តូចតាច​និង​ក្រីក្រ អាច​ទប់ទល់​បាន​ដែរ​ឬ​ទេ​នឹង​ឥទ្ធិពល​ខ្លាំង​លឿន​រហ័ស​ពេក​បែប​នេះ​របស់​ចិន​មក​លើ​តំបន់​របស់​ពួក​គេ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ