អានតួអត្ថបទ
កម្ពុជា-អាមេរិក

លោកស្រី​ហ៊ីលឡារី​គ្លីនតុន​អំពាវនាវ​ឲ្យដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​

នៅ​ក្នុង​ជំនួប​ស្តី​ពី​សហប្រតិបត្តិការ​ទ្វេភាគី លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ហ៊ីលឡារី គ្លីនតុន​មិន​បាន​ភ្លេច​លើក​បញ្ហា​ក្តៅ​គគុក​២​នៅ​ក្នុង​កម្ពុជា​ឡើយ។ នោះ​គឺ​ការ​ឃុំ​ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់​១៣​នាក់ និង​បញ្ហា​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី។ ប្រមុខ​ការទូត​អាមេរិក​ចង់​ឃើញ​អ្នក​ទាំងនេះ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ហ៊ីលឡារី គ្លីនតុន
លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ហ៊ីលឡារី គ្លីនតុន REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ប្រធានបទ​ជា​ច្រើន​ដែល​ប្រមុខ​ការទូត​ទាំងពីរ​បាន​លើក​យក​មក​ពិភាក្សា​គ្នា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហោ ណាំហុង​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​នោះ ក៏​មាន​ដែល​បញ្ហា​ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​សំណុំរឿង​មេ​គណបក្ស​ប្រឆាំង គឺ​លោក​សម រង្ស៊ី។ លោកស្រី​ហ៊ីលឡារី គ្លីនតុន​ចង់​ឃើញ​ការ​ដោះលែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ហើយ​ថា ប្រធាន​គណបក្ស​ប្រឆាំង​គូរ​តែមាន​វត្តមាន​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

 
យោងតាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី​គ្លីនតុន​បាន​ប្រាប់​លោក​ហោ ណាំហុង​ថា ​ការ​ដោះលែង​ស្ត្រី​អ្នក​ភូមិ​បឹងកក់ គឺ​ជា​សញ្ញា​មួយ​នៃ​ការ​គាំទ្រ​សិទ្ធិ​បញ្ចេញ​មតិ។ លោកស្រី​គ្លីនតុន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​ទោស​ពន្ធនាគារ​លើ​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៣​នាក់ ហើយ​បាន​ជំរុញ​អោយ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​អោយ​អ្នកភូមិ​មាន​សិទ្ធិ​ដំណើរការ​នីតិវិធី​តាម​ផ្លូវច្បាប់។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អ្នក​ភូមិ​បឹងកក់ មាន​ទាំង​កុមារ​ជាកូន​របស់​ស្ត្រីទាំង​១៣​នាក់​ដែល​តុលាការ​កាត់ទោស​ផង​នោះ បាន​ដង្ហែយក​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ទៅ​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង។

ព្រោះ​តែ​ការ​តវ៉ា និង​សំណើ​អន្តរាគមន៍​ជាច្រើន​លើកច្រើនដង​រហូត​ដល់​ព្រះ​មហាក្សត្រ​ផង​នោះ ចុងក្រោយ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ថា លោក​នឹង​សរសេរ​លិខិត​ទៅ​តុលាការ​ដើម្បី​អោយ​តុលាការ​ពិនិត្យ​សំណុំរឿង​នេះ​ឡើងវិញ។ ដំណើរការ​កាត់ក្តី​ស្ត្រី​ទាំង​១៣​នាក់ និង​ការ​ចាប់ឃុំ​ខ្លួន​បុរសស្ត្រី​២​នាក់​ទៀត​នោះ បាន​ទទួលការ​រិះគន់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។

ក្រៅ​ពី​សំណុំរឿង​ស្ត្រី​អ្នកភូមិ​បឹងកក់ លោកស្រី​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ផងដែរ​ជាមួយ​លោក​ហោ ណាំហុង​អំពី​បញ្ហា​លោកសម រង្ស៊ី។ យោងតាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោកស្រីគ្លីនតុន​ក៏​បាន​ប្រាប់​ទៅ​លោក​ឧបនាយក​រដ្ឋមន្ត្រី​​ហោ ណាំហុង​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌ ​និង​តម្លាភាព​ឆ្នាំ២០១៣ ដែល​ត្រូវ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ចម្រុះ។ ប៉ុន្តែ កាល​ពី​សប្តាហ៍​មុន លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជា​សាធារណៈ​បិទផ្លូវ​មិន​អោយ​មាន​មាន​ការ​ចរចា​ដែល​អនុញ្ញាត​អោយ​លោក​សម រង្ស៊ី​អាច​ត្រឡប់​ចូល​ក្នុង​កម្ពុជា​ដោយ​មិន​មាន​ការ​ជាប់​ទោស​នោះ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ