អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺ​គ្រុនឈាម

មន្ត្រី​សុខាភិបាល បាន​អំពាវនាវ​នៅ​ថ្ងៃ​នេះ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រីករាល​ដាល​​នៃ​ជំងឺ​គ្រុនឈាម​ ខណៈ​រដូវ​វស្សា​បាន​ចាប់​ផ្តើម​ឡើង​ហើយ។ ជំងឺ​គ្រុន​ឈាម​ដែល​រយៈ​ពេល​ជិត​៥​ខែ​មក​នេះ​ បាន​សម្លាប់​កុមារ​ចំនួន ៨ នាក់ ក្នុង​ចំណោម​កុមារ​អ្នក​ជំងឺ ៨៤៥ នាក់។

ប្រភេទ​មូស​​ខ្លា​ (Aedes aegypti) ​ដែល​អាចបង្ក​ជំងឺ​គ្រុន​ឈាម និង​គ្រុន​លឿង
ប្រភេទ​មូស​​ខ្លា​ (Aedes aegypti) ​ដែល​អាចបង្ក​ជំងឺ​គ្រុន​ឈាម និង​គ្រុន​លឿង (Photo : US Department of Agriculture/ domaine public)
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​កម្មវីធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ បាន​អំពាវនាវ​នៅ​ថ្ងៃ​នេះ​ទៅ​​តាម​បណ្តា​ខេត្ត​ក្នុង​ទូទាំង​ប្រទេស ឲ្យ​​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​នឹង​ជំងឺ​គ្រុនឈាម។​ លោក ង៉ាន់ ចន្ទថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ទៅ​​​គ្រប់​មន្ទីរ​សុខាភិបាល​ទាំង ​២៤ ​ខេត្ត​- រាជធានី​ ដើម្បី​ឲ្យ​ពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ក្នុង​ការត្រួតពិនិត្យ​មើល​ស្ថានភាព​ផ្ទុះ​ជំងឺ​គ្រុនឈាម ​ ខណៈ​ដែល​ជំងឺ​នេះ​ទើប​បាន​សម្លាប់​កុមារ​ចំនួន​ ៨ នាក់​​រួចមក​ហើយ​នោះ។​

បើតាម​លោក ង៉ាន់ ​ច័ន្ទថា រយៈ​ពេលជិត ​៥ ​ខែ​នៃ​ដើម​ឆ្នាំ​ ២០១១ ​នេះ​ មាន​កុមារ​ចំនួន ​៨៤៥ ​នាក់​ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ក្នុង​​នោះ​មា​ន​កុមារ​ចំនួន​ ៨ នាក់​​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាម។​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ ​អត្រា​គ្រុន​ឈាម​ឆ្នាំ​នេះ​មាន​ការកើន​ឡើង​ជាង​ឆ្នាំ​២០១០​ ដែល​មាន​ត្រឹម​តែ​ ៧៣១​ករណី និង​ស្លាប់​ត្រឹម​តែ​ ៤ ​នាក់​ក្នុង​រយៈ​ពេល​ដូចគ្នា។

លោក ​ង៉ាន់​ ចន្ទ័ថា​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំឲ្យ​ករណី​ស្លាប់​មាន​ការកើន​ឡើង​ជាង​ឆ្នាំ​មុន​ក៏​ព្រោះ​តែ​ស្ថានភាព​ជំងឺ​គ្រុនឈាម​មាន​ការប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ និង​ផ្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ពី​ ៣​-​៥ ​ឆ្នាំ​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មវិធី​ជាតិ​មិនទាន់​អាច​ធ្វើ​ការគ្រប់គ្រង​បាន។ ម្យ៉ាង​ទៀត​ភាគ​ច្រើន​អាណា​ព្យាបាល​កុមារ​តែង​តែ​និយម​ប្រើប្រាស់​ឱសថ​ដែល​មាន​តម្លៃ​​ថោក ជា​ជាង​យក​កូន​​មក​មន្ទីរ​ពេទ្យ​ និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ពេល​កុមារ​សម្រាក ​និង​ខ្លះ​ខ្វះ​អនាម័យ។​ លោក​បាន​ថ្លែង​ថា មក​ដល់​ចុង​ខែ​ឧសភា​នេះ ខេត្ត​ដែល​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ខ្លាំង​ជាង​គេ មាន​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ​សៀមរាប​ កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ ព្រៃវែង​ បន្ទាយ​មានជ័យ ​និង​ជា​តំបន់​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ប្រធាន​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​ បាន​អំពាវនាវ​ដល់​អាណាព្យាបាល​កុមារ​ថា ​បើសិន​ជា​មាន​ករណី​សង្ស័យ​ថា​មាន​ជំងឺ​គ្រុនឈាម​ត្រូវ​យក​កុមារ​នោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​ចៀសវាង​ការ​រក​សេវា​ព្យាបាល​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ