អានតួអត្ថបទ
កម្ពុជា

គ្រឹះស្ថាន​​សិក្សា​​នឹង​​បិទ​ទ្វារ​​៦​ថ្ងៃ​​នៅ​​ពេល​កម្ពុជា​​រៀបចំ​​ជំនួប​កំពូល​អាស៊ាន​​

ខណៈ​​​​​ដែល​​​​កម្ពុជា​​ធ្វើ​​ជា​​​ម្ចាស់​​​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​លើក​​ទី​​២១ ​និង​​កិច្ច​ប្រជុំ​​ពាក់ព័ន្ធ​​ជា​ច្រើន​​ផ្សេង​​ទៀត​ដែល​​នឹង​​ធ្វើ​​ឡើង​​ចាប់ពី​​ថ្ងៃ​​ទី​​១៥ ​ដល់​​ថ្ងៃ​​ទី​​២០​​​វិច្ឆិកា​ឆ្នាំ​​២០១២​ ខាង​មុខ​​នេះ​​ គ្រឹះ​​ស្ថាន​​​សិក្សា​​​ចំនួន​​​១៩ ​នឹង​​ផ្អាក​​​ការ​​​សិក្សា​​រយៈ​​ពេល​​៦​ថ្ងៃ។​ ​រី​ឯ​​សាលា​​រាជ​ធានី​​ភ្នំពេញ​ឯនោះ​​វិញ​​​ក៍​​បាន​​ប្រកាស​​ដល់​​ម្ចាស់​​អាជីវកម្ម​​មួយ​​ចំនួន​​​ផ្អាក​អាជីវកម្ម​​ជា​​បណ្តោះ​អាសន្ន​។ ​អាជ្ញាធរ​​នឹង​​​ប្រ​មូល​​ក្មេងៗ​​លក់​​តាម​ដង​​​ផ្លូវ​​និង​​អ្នក​​សុំ​ទាន​​​យក​​ទៅ​​ដាក់​​នៅ​​មជ្ឈ​មណ្ឌល​​សង្គម​​កិច្ច​​ព្រៃ​ស្ពឺ​​ផង​​ដែរ។​​

ទីកន្លែង​ប្រជុំ​​​ជំនួបអាស៊ាន​នៅភ្នំពេញ
ទីកន្លែង​ប្រជុំ​​​ជំនួបអាស៊ាន​នៅភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដើម្បី​លើក​កិត្យានុ​ភាព​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ក៍​ដូច​ជា​រាជ​ធានី​ភ្នំពេញ​ក្នុង​ឆាក​អន្តរ​ជាតិ​នៅ​ក្នុងកិច្ច​ប្រជុំ​​កំពូល​អាស៊ាន លើក​ទី​២១ នៅ​រាជ​ធានីភ្នំពេញ​ ក្រសួង​អប់​រំ​បាន​បញ្ជា​រ​ឲ្យ​​គ្រឹះ​ស្ថាន​​​សិក្សា​​ចំនួន​​១៩ ផ្អាក​​ការ​​សិក្សា​រយៈ​ពេល​៦ថ្ងៃ។​រី​ឯ​សាលា​រាជ​ធានី​ភ្នំពេញ​ក៍​បាន​ប្រកាស​​ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​​ផ្អាកអាជីវកម្ម​ជា​បណ្តោះ​អាសន្ន​ ហើយ​ក៍​​​ប្រ​មូល​ក្នេងៗ​លក់​តាម​ដង​​​ផ្លូវ​និង​អ្នក​សុំ​ទាន​​យក​ទៅ​ដាក់​នៅ​មជ្ឈ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ផង​ដែរ។

នៅក្នុង​​លិខិត​​​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​​បានផ្សាយ​​​នៅ​​ថ្ងៃ​សុក្រ​​នេះ បាន​​ឲ្យ​​ដឹង​​ថា គ្រឹះ​ស្ថាន​ឧត្តម​​សិក្សា​​មួយ​ចំ​នួនដែល​នឹង​ត្រូវ​បិទ​ទ្វារ​ចាប់​ពី​ថ្ងៃ​ទី​១៦ដល់​ថ្ងៃទី​២១​វិច្ឆិកា​ខាង​មុខ​​​នោះ​ ​មាន​​ដូចជា​​​សាកល​​វិទ្យា​​ល័យ​​ភូមិន្ទ​ភ្នំពេញ ​​សាកលវិទ្យា​ល័យ​ វិទ្យា​សាស្ត្រ​ ​​សុខាភិបាល ​សាកល​វិទ្យា​ល័យ​ជាតិ​​គ្រប់​គ្រង វិទ្យា​​ស្ថាន​​ជាតិ​​​អប់រំ និង​​សាកល​វិទ្យា​​​ល័យ​​ស៊ីតិច​។

រីឯ​​សាលារៀន​មួយ​ចំនួន​នៅ​​តាម​​បណ្តោយ​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ីនិង​វិថី​សំខាន់​ៗ​ក្នុង​រាជ​ធានី​​ភ្នំពេញក៍​ត្រូវ​បិទ​ទ្វា​ផង​ដែរ​​។ ការ​បិទ​ទ្វារសាលារៀន​​ជា​បណ្តោះអាសន្ន​នោះ​ ដើម្បី​​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍។

ដោយឡែក សា​លា​​រាជ​​ធានី​​ភ្នំ​ពេញ​ក៍​បាន​​ចេញ​​សេច​ក្តី​ជូន​​​ដំណឹងនៅ​​ថ្ងៃ​ទី ​​៨​​​​វិច្ឆិកាឆ្នាំ​២០១២​ ដល់​​ស្ថាប័ន​​​រដ្ឋ​និង​ឯក​ជន​​ដែល​​​​ប្រកប​​​អាជីវ​​កម្ម​ ដឹក​​ជញ្ជូន​​​ទំនិញ​ ប្រេង​​ឥន្ធនៈ​ ឧស្ម័ន​​ចំ​ហេះ​​ គ្រប់​​​ប្រភេទតាម​​យាន​​យន្ត​​ធុន​​​ធ្ងន់​​​ទាំង​​​អស់​អាច​​ធ្វើ​​ចរាចរ​ណ៍​​ក្នុ​ង​​​រាជ​ធានី​​​ភ្នំ​ពេញ​​បាន​​​​​តែ​​ក្នុង​​​ចន្លោះ​​​ម៉ោង​ ២៤:០០នាទី​​យប់​ ដល់​​ម៉ោង​​​ ០៥:០០​នាទី​​​ព្រឹក។ ចំពោះ​ប្រ​ជា​ពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​លក់​ដើមផ្កា​​ ដើម​ឈើ​គ្រប់​ប្រភេទ​ និង​លក់​រថយន្ត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​​​និង​មហា​វិថី​ព្រះ​នរោត្តម​ក៍​ត្រូវ​ផ្អាក​អាជីវកម្ម​ផង​ដែរ។​ វិធាន​ការ​អនុវត្តន៍​នេះ​ចាប់​​​ពី​ថ្ងៃ​ទី​​​១៣​​ដល់​​ថ្ងៃ​​​ទី​​២៣ ​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១២ ​ដើម្បី​​​សម្រួល​​​​ដល់​​​​​សណ្តាប់​​​​ធ្នាប់​សុវត្ថិ​ភាព​​ក៏​​ដូច​​ជា​​​បញ្ចៀ​ស​​​​​ការ​​កក​​​ស្ទះ​​​ចរាចរណ៍​និង​​ឧប្បទ្ទវ​ហេតុ​​ផ្សេងៗក្នុង​​អំឡុង​​​ពេល​​កិច្ច​​ប្រជុំកំពូល​​អាស៊ាន។​​

នៅ​ក្នុង​លិខិត​ដដែល​នោះក៍​​បាន​បញ្ជាក់​ទៀត​ថា​ សាលារាជ​ធានី​ភ្នំពេញ​នឹង​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​របាំង​​ចែក​ទ្រូង​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ត្រង់​ចំណុច​ផ្លូវ​ឆ្លង​កាត់​ចំនួន​០៦ កន្លែង​ដូច​ជា​ ច្រក​ផ្លូវ​លេខ​២១៥​ ច្រក​ផ្លូវ​ចូល​វត្ត​ទឹក​ថ្លា​ មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈតេលាទឹក​ថ្លា ច្រក​ផ្លូវ​ខាង​លិច​រោងចក្រ​ទឹក​ថ្លា​ ​ច្រក​ចូល​ផ្សារ​កាណាឌីយ៉ា​បា្ល​ហ្សា​ មុខ​ធនា​គា​រ​អេស៊ី​លីដា​ ​ភោជនីយដ្ឋាន​ពោធិចិនតុង​​ មុខ​ធានា​គារ​កាណាឌី​យ៉ា​ និង​ផ្លូវ​ចូល​វត្ត​អង្គតាម៉ិញ។​​​ ក្នុង​នោះ​សាលា​រាជ​ធានី​ភ្នំពេញ​ក៍ប្រ​មូល​​ក្មេងៗ​លក់ តាម​ផ្លូវ និង​អ្នក​សុំ​ទាន យក​ទៅ​ដាក់​មជ្ឈ​មណ្ឌលសង្គមកិច្ច​ព្រៃស្ពឺ ដោយសហការ​​ជាមួយ​ក្រសួង​កិច្ចការ​នារីនិង​ក្រសួង​សង្គម​កិច្ច​។

កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត នឹង​ធ្វើ​ឡើង​ចាប់​ពី​​ថ្ងៃ​​ទី​១៥ ដល់​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ ​ ខណៈ​​​ដែល​​កម្ពុជា​ធ្វើ​ជា​​ម្ចាស់​​ផ្ទះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ