អានតួអត្ថបទ
កម្ពុជា​

មេធាវី​ការពារ​ជន​សង្ស័យ ៥​រូប លើ​សំណុំ​រឿង ០០៣ និង ០០៤ ត្រូវ​បាន​តែងតាំង

នៅថ្ងៃនេះ អង្គភាព​គាំពារ​ការការពារ​ក្តី របស់​តុលាការ​ខ្មែរក្រហម បាន​ប្រកាស​ពី​ការតែងតាំង​លោក​មេធាវី គង់ សំអុន ដើម្បី​ការពារ​ផលប្រយោជន៍​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ៥ រូប នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។ ក៏​ប៉ុន្តែ​លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរក្រហម បាន​បញ្ជាក់​ថា ការតែងតាំង​មេធាវី​ការពារ​អតីត​មេដឹកនាំ​ខ្មែរក្រហម ៥ រូប​បន្ថែម​ទៀត​នេះ ជា​ការ​ដើរ​លឿន​ហួស​ស្ថានភាព​ជាក់ស្តែង។ នោះ​គឺ​សំណុំ​រឿង ០០៣ និង ០០៤ មិន​មាន​ដំណើរការ​អ្វី​ទេ រហូត​មក​ដល់​ពេល​នេះ។

លោក​មេធាវី គង់ សំអុន
លោក​មេធាវី គង់ សំអុន © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម
02:56

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

ដោយ​ប្រកាន់​ខ្ជាប់​តាម​បទដ្ឋាន​អន្តរជាតិ អង្គភាព​គាំពារ​ការការពារ​ក្តី​របស់​តុលាការ​ខ្មែរក្រហម បាន​ប្រកាស​តែងតាំង​មេធាវី​ជាតិ​មួយ​រូប គឺ​លោក​មេធាវី គង់ សំអុន ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ជន​សង្ស័យ ជា​មេដឹកនាំ​ខ្មែរក្រហម នៅ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​គាំពារ​ការការពារ​ក្តី នៅ​ថ្ងៃ​៣០​វិច្ឆិកា​នេះ ជនសង្ស័យ​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម ៥ រូប ដែល​បច្ចុប្បន្ន ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ដោយ​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ មិន​ត្រូវ​គេ​បញ្ជាក់​អត្តសញ្ញាណ​ទេ។​

ក៏ប៉ុន្តែ​សេចក្តីប្រកាស បាន​កត់​សម្គាល់​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​៥​រូប ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ប្រឈម​នឹង​ការប៉ះពាល់​យ៉ាង​ច្រើន ពី​ការ​ស៊ើប​អង្កេត​ដោយ​គ្មាន​ពេល​កំណត់​របស់​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត របស់​តុលាការ​ខ្មែរក្រហម។ ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត បាន​ប្រមូល​ភស្តុតាង​ដាក់​បន្ទុក​សក្តានុពល ដោយ​មាន​ការ​ចូលរួម​ពី​សហ​ព្រះ​រាជ​អាជ្ញា ប៉ុន្តែ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​មេធាវី​ការពារ​ក្តី​ឡើយ។​

សេចក្តី​ប្រកាស​ដដែល បាន​បន្ថែម​ថា ការតែងតាំង​មេធាវី ដើម្បី​ការពារ​ផលប្រយោជន៍​ទូទៅ​របស់​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំពោះមុខ​តុលាការ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន។ ដោយ​ធ្លាប់​ការពារ​រឿង​ក្តី​សំខាន់ៗ ព្រមទាំង​ធ្លាប់​ជា​មេធាវី​ការពារ​លោកស្រី មូរ សុខ​ហួរ ​ផង​នោះ លោក​មេធាវី គង់ សំអុន នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​ផ្តល់​យោបល់​ពី​អ្នក ដែល​គិត​ថា ខ្លួន​អាច​ប៉ះពាល់​ដោយ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ដែល​កំពុង​តែ​បន្ត​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម។

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរក្រហម បាន​គូស​បញ្ជាក់​ថា មក​ដល់​ពេល​នេះ សំណុំ​រឿង ០០៣ និង ០០៤ មិន​មាន​ដំណើរការ​អ្វី​ទេ ដោយសារ​តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ លោក យូ ប៊ុនឡេង មិន​ទាន់​ចាត់​វិធានការ​អ្វី​ឡើយ។
តាម​លោក រាជ សម្បត្តិ អង្គភាព​គាំពារ​ការ​ការពារ​ក្តី មាន​ស្វ័យភាព​របស់​ខ្លួន លើ​ការ​តែងតាំង​មេធាវី​ការពារ​ជនសង្ស័យ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ដែល​ជា​រឿង​ដើរ​លឿន​ហួស​ពី​តថភាព​ជាក់ស្តែង។ ពោល​គឺ​នៅ​តុលាការ​ខ្មែរក្រហម មក​ដល់​ពេល​នេះ មាន​តែ​សំណុំ​រឿង ០០១ និង​០០២ ដែល​មាន​តែ​មេ​ខ្មែរក្រហម ៥ រូប ប៉ុណ្ណោះ កំពុង​ទទួល​ការ​ជំនុំ​ជម្រះ​ក្តី។

​កាលពី​ឆ្នាំមុន លោក​សហ​ចៅក្រម​ស៊ើប​អង្កេត​បារាំង Marce Lemond និង​លោក​សហ​ចៅក្រម យូ ប៊ុនឡេង បាន​ខ្វែង គំនិត​គ្នា ចំពោះ​ការ​ចោទ​ប្រកាន់​បន្ថែម​លើ​មេដឹកនាំ​ខ្មែរក្រហម ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។ ចៅក្រម​បារាំង បាន​សម្រេចចិត្ត ដំណើរ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​ថ្មី​ទាំង​ពីរ​នោះ​តែ​ម្នាក់​ឯង។

យ៉ាងណាក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅកាន់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កាលពី​ខែ​មុន​ថា តុលាការ​ខ្មែរក្រហម នឹង​ត្រូវ​បិទ​ទ្វារ ប្រសិន​បើ​បើក​ឲ្យមាន​ដំណើរ​ការ​លើ​សំណុំ​រឿង ០០៣ និង ០០៤៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ