អានតួអត្ថបទ
បារាំង

ប៉ូលិស​​បារាំង​​កំពុង​​តាម​​ប្រ​មាញ់​​ជន​សង្ស័យ​​ពីរ​នាក់​​បងប្អូន​

រហូត​មក​ដល់​​ម៉ោង​​នេះ ​ជនដៃដល់​​ដែល​​បាន​​បើក​​ការ​វាយ​ប្រហារ​​ទៅ​លើ​​ទស្សនា​វ​ដ្តី ​Charlie ​Hebdo​នៅ​​មិនទាន់​​ត្រូវ​បាន​​វែក​មុខ​​នៅ​ឡើយ​​ទេ​។ ​ប៉ុន្តែ ​ប៉ូ​សិស​​បាន​កំណត់​​អត្តសញ្ញាណ​​ជន​សង្ស័យ​​ពីរ​នាក់​​ដែល​ជា​​បង​ប្អូន​​បង្កើត​​នឹង​​គ្នា​​ហើយ​​កំពុង​​តាម​​ប្រ​មាញ់​​យ៉ាង​​ញាប់​ដៃ​​ញាប់ជើង​ ខណៈ​ដែល​​ជន​សង្ស័យ​​ម្នាក់​ទៀត​​ដែល​មាន​​វ័យ​ ១៨​ឆ្នាំ​​ដែល​​បាន​ប្រគល់​​ខ្លួន​​ឲ្យ​​ប៉ូលិស​​កំពុង​​ត្រូវ​គេ​​ចោទ​សួរ​។​

ជន​សង្ស័យឈ្មោះ សេរីហ្វ គួស៊ី (រូបឆ្វេង) អាយុ ៣២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេដ គួស៊ី អាយុ ៣៤ ឆ្នាំ ដែលប៉ូលីសបារាំងកំពុងតាមចាប់ខ្លួន
ជន​សង្ស័យឈ្មោះ សេរីហ្វ គួស៊ី (រូបឆ្វេង) អាយុ ៣២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេដ គួស៊ី អាយុ ៣៤ ឆ្នាំ ដែលប៉ូលីសបារាំងកំពុងតាមចាប់ខ្លួន securité.interieur.gouv.fr
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​យ៉ាង​សាហាវ​ទៅលើ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី Charlie Hebdo ប៉ូលិស​បារាំង​កំពុង​តាម​ប្រ​មាញ់​យ៉ាងសកម្ម​ជនសង្ស័យ​ពីរ​នាក់​បងប្អូន​ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ត្រូវគេ​ស្គាល់​ថា​ជា​ក្រុម​ឥស្លាម​ជ្រុលនិយម​ជី​ហាត។ ប៉ូលិស​បាន​ផ្សព្វផ្សាយ​រូបថត​ជនសង្ស័យ​ទាំងពីរ​គឺ​ម្នាក់​ឈ្មោះ សេរី​ហ្វ គួ​ស៊ី (Chérif Kouachi) អាយុ ៣២ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សេដ គួ​ស៊ី (Said Kouachi) អាយុ ៣៤ ឆ្នាំ។ សេរី​ហ្វ ធ្លាប់​ត្រូវបាន​តុលាការ​បារាំង​កាត់ទោស​ម្តង​ហើយ​កាលពី​ឆ្នាំ ២០០៨ ពីបទ​ថា​បាន​ចូលរួម​ជាមួយ​បណ្តាញ​មួយ​ដែល​បាន​បញ្ជូន​ក្រុម​សកម្មប្រយុទ្ធ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់។

ជនសង្ស័យ​ពីរ​នាក់​បងប្អូន​នេះ​កើត​នៅ​ទីក្រុង​ប៉ារីស​និង​ត្រូវបាន​ប៉ូលិស​ប្រកាសថា ជា​មនុស្ស​ដ៏​គ្រោះថ្នាក់។ អាជ្ញាធរ​ប៉ូលិស​ក្រុងប៉ារីស​បានប្រកាស​លេខ​ទូរស័ព្ទ​ដើម្បី​ឲ្យ​បណ្តាជន​ដែល​បានឃើញ​អ្នក​ទាំងពីរ​រាយការណ៍​ទៅកាន់​ប៉ូលិស។ ប្អូនថ្លៃ​របស់​ជនសង្ស័យ​ម្នាក់​ឈ្មោះ មួ​រ៉ា​ដ ហា​មី​ដ (Mourad Hamyd) អាយុ ១៨ ឆ្នាំ ដែល​គេ​សង្ស័យថា​បាន​ជួយ​ជនសង្ស័យ​ទាំងពីរ​ក្នុង​អំពើ​ភេរវកម្ម​នេះ​បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​កាលពី​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បន្ទាប់ពី​បានឃើញ​ឈ្មោះ​របស់ខ្លួន​ត្រូវគេ​បង្ហោះ​តាម​បណ្តាញ​សង្គម។ បច្ចុប្បន្ន យុវជន​វ័យក្មេង​រូបនេះ​ត្រូវបាន​សួរចម្លើយ​ដោយ​ប៉ូលិស។

សូមបញ្ជាក់ថា បន្ទាប់ពី​បាន​ចូលទៅ​បាញ់សម្លាប់​អ្នកកាសែត​យ៉ាង​រង្គាល​ដល់​ក្នុង​ទីស្នាក់ការ​ហើយ​នោះ ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​បិទមុខ​ជិត​ក៏បាន​បាញ់សម្លាប់​ភ្នាក់ងារ​ប៉ូលិស​ពីរ​នាក់​ដែល​នៅក្បែរ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី​នោះ​ផងដែរ​មុននឹង​រត់ឡើង​រថយន្ត​ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​ចត​ចាំ​ជាស្រេច​នៅ​ពីមុខ​ទីស្នាក់ការ​ទស្សនា​វ​ដ្តី​នោះ។ ក្រោយពី​បើករថយន្តរ​ត់បា​នប​ន្តិ​ចមក ជនសង្ស័យ​ក៏បាន​រត់ចោល​រថយន្ត​ហើយក៏​បាន គេចខ្លួន​បាត់ស្រមោល។ រហូតដល់​ពេលនេះ មនុស្ស៧នាក់​ហើយ​ដែល​ជិតស្និទ្ធ​នឹង​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ។

ការ​រឹតបន្តឹង​សន្តិសុខ​ត្រូវបាន​ធ្វើឡើង​ក្នុងប្រទេស​បារាំង​ជាពិសេស​ក្នុង​ទីក្រុង​ប៉ារីស។ គឺជា​ការ​រឹតបន្តឹង​សន្តិសុខ​ក្នុង​កម្រិត​ដែល​ភេរវកម្ម​កំពុង​កើតឡើង។ ប៉ូលិស ប៉េអឹម រួមទាំង​ទាហាន​ផង​ត្រូវបាន​ដាក់ពង្រាយ ខណៈដែល​ច្រកចេញចូល​សាលារៀន​នានា​ត្រូវបាន​បិទ។ ប្រទេស​បារាំង​ក៏បាន​ប្រកាស​កាន់ទុក្ខរ​យៈ​ពេល​បី​ថ្ងៃ​ដោយ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង ខណៈដែល​ការស៊ើបអង្កេត​ត្រូវបាន​បើក​ធ្វើ​យ៉ាងសកម្ម​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ