កិច្ចប្រជុំ G20បើកទ្វារជាមួយនឹងប្រាក់បំណុលវណ្ឌករបស់អឺរ៉ុប
រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ក្រុមប្រទេសG 20 ដែលមានសេដ្ឋកិច្ចលូតលាស់ និងប្រធានធនាគារកណ្តាលរបស់ប្រទេស នៅអឺរ៉ុបនឹងជួបប្រជុំគ្នា នៅល្ងាចថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី ១៤ និង១៥ ខែតុលា នៅក្នុងទីក្រុងប៉ារីស។ ប្រធានបទសំខាន់ដែលគេនឹងលើកយកទៅពិភាក្សា គឺវិបត្តិប្រាក់បំណុល នៅតំបន់ចាយប្រាក់អឺរ៉ូ។ វិបត្តិបំណុលដែលគេបារម្ភថា នឹងអាចគំរាមកំហែងដល់ប្រព័ន្ធធនាគារពិភពលោកទាំងមូល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៧
វិបត្តិប្រាក់បំណុលអឺរ៉ុបកាន់តែធ្លាក់ធ្ងន់ធ្ងរ ទៅមុខ មិនថយក្រោយ។ ទីភ្នាក់ងារវាយតម្លៃហានិភ័យឥណទានStandard And Poor ទើបតែទម្លាក់ចំណាត់ថ្នាក់ប្រទេសអេស្ប៉ាញ នៅព្រឹកថ្ងៃសុក្រនេះ។ គេទម្លាក់ចំណាត់ថា្នក់ ដោយគេមើលឃើញថា ប្រទេសអេស្ប៉ាញមានកំណើនសេដ្ឋកិច្ចតិចតួច ប៉ុន្តែ វិស័យឯកជនរបស់ប្រទេសនេះ មានប្រាក់បំណុល កាន់តែច្រើន ហើយ គេមើលមិនឃើញពីលទ្ធភាពបស់អេស្ប៉ាញដើម្បីសងប្រាក់បំណុលនោះទេ។ អ៊ីតាលីវិញដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីបី នៅតំបន់ចាយលុយអឺរ៉ូ បន្ទាប់ពីអាល្លឺម៉ង់ និងបារាំង ក៏ត្រូវទីភ្នាក់ងារវាយតម្លៃហានិភ័យឥណទាន ទម្លាក់ចំណាត់ ដោយមូលហេតុស្រដៀងគ្នា។
វិបត្តិប្រាក់បំណុលពេលនេះ កំពុងចាប់ផ្តើមរីករាលដាលពីប្រទេសក្រិក ចូលទៅដល់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ។ វិបត្តិប្រាក់បំណុលធ្វើអ្នកវិនិយោគបាត់ទំនុកចិត្ត និងបានធ្វើឲ្យតម្លៃទីផ្សារមូលប័ត្រធ្លាក់ចុះ។ បំណុលច្រើនហួសពីសមត្ថភាពសងនឹងធ្វើឲ្យធនាគារនៅក្នុងពិភពលោក ដែលជាម្ចាស់បំណុលរបស់ប្រទេសនៅអឺរ៉ុបធ្លាក់ទៅក្នុងគ្រោះថ្នាក់។
ប៉ុន្តែ នៅក្នុងកិច្ចប្រជុំ ចាប់ផ្តើម នៅល្ងាចថ្ងៃសុក្រ រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ប្រទេសនៅអឺរ៉ុបនឹងខំនិយាយ បញ្ចុះបញ្ចូល ធានា ឲ្យប្រទេសដៃគូ ដែលជាសមាជិករបស់ក្រុមប្រទេសG20មានទំនុកចិត្តឡើងវិញ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការប្រជុំG 20បានត្រឹម និយាយពីវិធានការដែលគេនឹងយកទៅនិយាយនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រុមប្រទេស G20 ដែលនឹងធ្វើឡើង នៅដើមខែវិច្ចិកា។
សេចក្តីសម្រេចសំខាន់ៗ នឹងត្រូវគេប្រកាសឲ្យដឹង នៅក្រោយកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសG20 ប៉ុន្តែ គេមិនអាចសង្ឃឹមថា កិច្ចប្រជុំត្រឹមថា្នក់រដ្ឋមន្រ្តីសេដ្ឋកិច្ច នៅថ្ងៃនេះនឹងផ្តល់ លទ្ធផលអ្វី ដែលធំដុំកំភួននោះទេ។
បច្ចុប្បន្ននេះ អឺរ៉ុបសង្ឃឹមថា នឹងរៀបចំស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ឲ្យមានរបៀបរៀបរយ ឡើងវិញ ឲ្យបានមុនកិច្ចប្រជុំមេដឹកនាំកំពូលរបស់ក្រុមប្រទេសG 20 នៅខែវិច្ចិកាខាងមុខ។ ពោលគឺធ្វើយ៉ាងម៉េចឲ្យប្រទេសដៃគូរបស់ខ្លួន ដែលមានតាំងពីអាមេរិក ជប៉ុន និងក្រុមប្រទេសBRICS មានចិនរុស្ស៊ី ឥណ្ឌា ប្រទេសប្រេស៊ីល ចូលរួមជាមួយខ្លួនវិញ ដើម្បីទប់កុំឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ទៅក្នុងវិបត្តិជាថ្មី។
វិបត្តិប្រាក់បំណុលអឺរ៉ុបត្រូវតែដោះស្រាយជាបន្ទាន់ ប៉ុន្តែ ជាមួយគ្នានេះ បើតាមជំហរបារាំង ពីពេលនេះ រហូតដល់ថ្ងៃប្រជុំនៅខែវិច្ចិកា ប្រទេសនីមួយៗត្រូវរៀបចំដំណោះស្រាយរបស់ខ្លួន រៀងៗខ្លួន ដើម្បីកាត់បន្ថយ ដំណើរថយក្រោយសេដ្ឋកិច្ចពិភពលោក។ សម្រាប់ប្រធានាធិបតីបារាំង ប្រទេសដែលមានឧុនភាពថវិកាច្រើន ត្រូវតែពិនិត្យឡើងវិញ លើប្រាក់បំណុល និងលើការចំណាយរបស់ខ្លួន។ ចំណែកប្រទេសណាដែល មានលំនឹងសេដ្ឋកិច្ចរួចហើយ ត្រូវធ្វើផែនការជម្រុញសេដ្ឋកិច្ចរបស់ខ្លួន។
កាលពីថ្ងៃព្រហស្បតិ៍ គឺនៅមួយថ្ងៃមុនកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់ក្រុមប្រទេសG 20 ប្រធានាធិបតីបារាំងបានថ្លែងថា បារាំងចង់ឲ្យប្រាក់យ័នចិន ត្រូវដាក់ចូលទៅក្នុងចំណោមរូបិយវត្ថុអន្តរជាតិសំខាន់ៗ ដូចជាដុល្លារ និងអឺរ៉ូដែរ។ ធ្វើដូច្នេះ តម្លៃលុយយ័ននឹងត្រូវ មានចាប់មានតម្លៃ។ រហូតមក ចិនត្រូវគេចោទថា បានចុះបន្ទាបតម្លៃលុយយ័នរបស់ខ្លួនដើម្បីជម្រុញការនាំចេញរបស់ខ្លួន។ សម្រាប់អាមេរិក នយោបាយរបស់ចិនបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ផលិតផលនាំចេញរបស់អាមេរិក។ កាលពីម្សិលម្ង៉ៃ សភាអាមេរិកបានបោះឆ្នោតដំឡើងពន្ធដល់ទំនិញនាំចូលពីប្រទេសណាដែលមានតម្លៃលុយទាប។ នយោបាយអាមេរិកបានធ្វើឲ្យចិនក្រេវក្រោធនិងព្រមានថា នឹងអាចមានសង្រ្គាមពាណិជ្ជកម្មជាថ្មី បើអាមេរិក នៅបន្តធ្វើដូច្នេះ។
ដូច្នេះ ក្រៅពីវិបត្តិប្រាក់បំណុលអឺរ៉ុប គេសង្ឃឹមដែរថា ជម្លោះសេដ្ឋកិច្ចអាមេរិក ចិនក៏នឹងត្រូវគេដោះស្រាយឲ្យចេញរួច នៅក្នុងកិច្ចប្រជុំកំពូលG20ខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ