អានតួអត្ថបទ
កម្ពុជា

ករណី​លើកលែងទោស​លោក សម រង្ស៊ី​អាច​និយាយ​គ្នា​បាន នៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ

រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ករណី​សុំ​លើកលែងទោស​របស់​លោក សម រង្ស៊ី​មិនទាន់​និយាយ​គ្នា​បាន​ទេ ព្រោះ​ពេល​នេះ គឺ​ជា​ពេល​ដែល​កំពុង​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​ទិវង្គត​ព្រះបាទ​មហាវីរក្សត្រ​សម្តេចឪ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ពុធ​ស្អែក​នេះ​ទៅ នឹង​អាច​ពិភាក្សា​គ្នា​បាន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី RFI/Sovanara
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន​បាន​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​កាល​ពី​ព្រឹក​មិញ​នេះ​ថា កាលៈទេសៈ​នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​ទាំង​មូល​កំពុង​តែ​កាន់ទុក្ខ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេចឪ។ ករណី​របស់​លោក សម រង្ស៊ី​មិន​អាច​ទាន់​និយាយ​គ្នា​បាន​ទេ។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ មាន​ន័យ​ថា ក្រោយ​ពី​ការ​កាន់​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​អង្គ​អតីត​ព្រះមហាក្សត្រ ទើប​រឿង​នេះ​អាច​ពិភាក្សា​គ្នា​បាន។

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ី​ផាន​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​ព្រះមហាក្សត្រ​នរោត្តម សីហមុនី និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃទី ១៨ តុលា​កន្លង​ទៅ ដើម្បី​សុំ​ធ្វើ​អន្តរាគមន៍​ឲ្យ​លោក​បាន​ចូល​ស្រុក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះបាទ​នរោត្តម សីហនុ។ លោក​ផៃ ស៊ីផាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លិខិត​របស់​លោក សម រង្ស៊ី​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ ដោយ​នៅ​ខ្វះ​លក្ខណៈ​ជា​ផ្លូវការ។

ដោយឡែក លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​ត្រូវ​បាន​កែតម្រូវ និង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ហើយ ប៉ុន្តែ​លោក​មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ណា​មួយ​ទាក់ទិន​នឹង​លិខិត​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ទុក​ពេល​ឲ្យ​គ្រប់​ភាគី​ពិចារណា​ជា​មុន​សិន។

ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និង​ក្រុមអ្នកវិភាគ​នយោបាយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​លើកលែងទោស​អ្នកទោសនយោបាយ​នៅ​អំឡុង​នៃ​ការ​កាន់​មរណទុក្ខ​របស់​សម្តេច​ឪ ដើម្បី​ជា​ការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ស្រប​ទៅ​នឹង​អ្វី​ដែល​សម្តេចឪ​តែងតែ​មាន​ព្រះបន្ទូល​កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​បាន​មាន​បន្ទូល​ថា បើ​សិន​ជា​រដ្ឋាភិបាល​ឈ្លាត​ឱកាស​នេះ​លើកលែងទោស​ដល់​អ្នកទោស​នយោបាយ​ដើម្បី​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ គឺ​ជា​ការ​ដែល​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ច្រើន​ជាង​ខាត។

យល់ស្រប​នឹង​មតិ​នេះដែរ លោកស្រី ជា វណ្ណាត អ្នកវិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ព្រះមហាវីរក្សត្រ។ ហើយ​ការ​លើកលែងទោស​នេះ ច្រើន​តែ​ត្រូវ​ធ្វើ​នៅ​ពេល​មាន​ពីធី​បុណ្យជាតិ​ធំៗ ដូច​ជា​បុណ្យ​ចម្រើន​ព្រះជន្ម និង​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ដើម។

គួរ​រម្លឹក​ថា កាល​ពី​សប្តាហ៍​មុន​នេះ លោក សម រង្ស៊ី​បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយ​ពី​គ្នា ទៅ​ព្រះមហាក្សត្រ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​នាយកដ្ឋាន​រដ្ឋបាល នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ត្រឡប់​វិញ ដោយ​សំអាង​ថា គ្នាន​អាស័យដ្ឋាន​របស់​លោក សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ