ពួកម៉ុង(Hmong) ជនជាតិភាគតិចដែលវៀតណាម និងឡាវធ្វើទុក្ខបុកម្នេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២១
ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងអំពីភូមិសាស្រ្តនយោបាយនៃអាស៊ីអាគ្នេយ៍តទៅទៀត ដោយសូមនិយាយបកស្រាយពីបញ្ហាជនជាតិភាគតិចម៉ុង(Hmong)នៅប្រទេសឡាវនិងប្រទេសវៀតណាមវិញម្តង។ រហូតមកទល់សព្វថ្ងៃ រដ្ឋាភិបាលកុម្មុយនិស្តនៅវៀងចន្ទន៍ ក៏ដូចរដ្ឋាភិបាលកុម្មុយនិស្តនៅហាណូយដែរបន្តចាត់ទុកពួកម៉ុងថា ជាពួកក្បត់ជាតិ ពីព្រោះពួកជនជាតិភាគតិចមួយនេះបានចូលដៃជាមួយកងទ័ពអាមេរិកាំងកាលសម័យសង្គ្រាមនៅឥណ្ឌូចិនពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៥។
ពួកម៉ុង ជាជនជាតិភាគតិចនិងជាទ័ពព្រៃចាស់ជាងគេបង្អស់មួយ នៅអាស៊ីអាគ្នេយ៍។ ជនជាតិភាគតិចនេះមានគ្នាប្រមាណប្រាំបីសែននាក់ ប្រាំសែននាក់នៅវៀតណាម និងបីសែននាក់នៅឡាវ។ រហូតមកទល់សព្វថ្ងៃ របបកុម្មុយនិស្តឡាវ ក៏ដូចរបបកុម្មុយនិស្តវៀតណាមដែរ តាមធ្វើទុក្ខបុកម្នេញពួកម៉ុង ពីព្រោះតែមូលហេតុពីរយ៉ាង។ ម្យ៉ាង ពួកម៉ុងបានចូលដៃជាមួយកងទ័ពអាណានិគមបារាំងក្នុងទសវត្សរ៍ទី៥០នៅឥណ្ឌូចិន និងក្រោយមកទៀត បានចូលដៃជាមួយកងទ័ពអាមេរិកាំងនៅក្នុងសម័យសង្គ្រាមវៀតណាមពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៥។ ម្យ៉ាងទៀត ពួកម៉ុងមួយភាគធំជាអ្នកកាន់សាសនាប្រូតេស្តង់(Protestant) ជាហេតុបង្កឱ្យមានភាពតានតឹងជាមួយប្រជាជនឡាវនិងជាមួយប្រជាជនវៀតណាមដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។
ក្រោយពេលដែលប្រទេសឡាវ និងប្រទេសវៀតណាមបានក្លាយជារបបកុម្មុយនិស្តនៅឆ្នាំ១៩៧៥ ពួកម៉ុងត្រូវរបបកុម្មុយនិស្តនៅវៀងចន្ទន៍និងនៅហាណូយចាត់ទុកថា ជាពួកក្បត់ជាតិ។ គឺនៅក្នុងបរិបទនេះហើយដែលពួកម៉ុងប្រមាណបីសែននាក់បានភៀសខ្លួនទៅប្រទេសថៃ ក្នុងនោះមួយភាគធំបានចេញទៅសហរដ្ឋអាមេរិក។ អ្នកដែលមិនបានចេញទៅប្រទេសទីបី សរុបទាំងអស់ជិតមួយម៉ឺននាក់ បន្តរស់យ៉ាងវេទនានៅប្រទេសថៃ នៅតាមជំរំមួយចំនួន ដូចយ៉ាងនៅជំរំHuai Nam Khao ជាដើម។ ប៉ុន្តែ តាំងពីឆ្នាំ២០០៩មក អាជ្ញាធរថៃដែលមានទំនាក់ទំនងកាន់តែល្អជាមួយទីក្រុងវៀងចន្ទន៍ បានផ្តើមបញ្ជូនជនភៀសខ្លួនម៉ុងទៅកាន់ប្រទេសឡាវវិញ។ រីឯអ្នកដែលមិនបានភៀសខ្លួនចេញទៅថៃវិញ ត្រូវបានរុញច្រានទៅក្នុងព្រៃ ម្តុំតំបន់ខ្ពង់រាប ចន្លោះព្រំដែនថៃ ឡាវ និងវៀតណាម។
តាំងពីឆ្នាំ២០០២មក បទយកការណ៍សម្រាប់ទូរទស្សន៍និងសម្រាប់កាសែតរបស់អ្នកសារពត៌មានបស្ចិមលោកមួយចំនួនបានបង្ហាញនូវទុក្ខវេទនា និងជីវិតរសាត់ដូចចកនៅលើទឹករបស់ពួកម៉ុង ក្នុងព្រៃភ្នំនៃប្រទេសឡាវ។
នៅក្នុងព្រៃភ្នំ ពួកម៉ុងគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើសកម្មភាពទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តវៀងចន្ទន៍ដែលបន្តចាត់ទុកពួកគេថា ជាពួកក្បត់ជាតិ។ នៅឆ្នាំ២០០៣ ទ័ពព្រៃម៉ុងបានបង្កភេរវកម្មទៅលើរថយន្តក្រុងជាច្រើនគ្រឿង និងក្រោយមកទៀត នៅខែមេសា និងនៅខែឧសភាឆ្នាំ២០០៤ ពួកម៉ុងបានទាំងបង្កភេរវកម្មបំផ្ទុះគ្រាប់បែកបន្តបន្ទាប់គ្នាទៀតផង នៅចំកណ្តាលរដ្ឋធានីនៃប្រទេសឡាវតែម្តង។
នៅវៀតណាមឯណោះវិញ ពួកជនជាតិភាគតិចម៉ុង ក៏ឋិតនៅក្រោមការគាបសង្កត់របស់រដ្ឋាភិបាលដូចគ្នាដែរ។ ខុសពីពួកម៉ុងនៅឡាវ ពួកម៉ុងនៅវៀតណាមមិនធ្វើសកម្មភាពទ័ពព្រៃទេ ក៏ប៉ុន្តែដូចជនជាតិភាគតិចដទៃដែលរស់នៅក្នុងប្រទេសវៀតណាមដែរ ពួកម៉ុងត្រូវទីក្រុងហាណូយធ្វើទុក្ខបុកម្នេញ។ តាំងពីរដ្ឋាភិបាលបានសម្រេចធ្វើសេរីកម្មសេដ្ឋកិច្ចមក ជនជាតិវៀត(Viêt) និងពួកគីន(Kinh)ដែលតំណាង៩០%នៃចំនួនប្រជាជនទាំងស្រុងនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃ បាននាំគ្នាទៅតាំងលំនៅដ្ឋាននៅតាមតំបន់ខ្ពង់រាប នៅលើទឹកដីរបស់ជនជាតិភាគតិច ដោយមានការជំរុញឲ្យធ្វើបែបនេះពីសំណាក់អាជ្ញាធរ។
នៅក្នុងបរិបទបែបនេះ តាំងពីឆ្នាំ២០០១មក ពួកម៉ុងក៏ដូចពួកជនជាតិភាគតិចផ្សេងទៀតដែរ តែងតែធ្វើបាតុកម្មសម្តែងកំហឹងក្រេវក្រោធរបស់ពួកគេ បាតុកម្មដែលតែងតែត្រូវបានអាជ្ញាធរវាយបង្រ្កាប។ ដើម្បីគេចផុតពីការវាយបង្ក្រាបរបស់រដ្ឋាភិបាល ពួកម៉ុងជាច្រើនរយនាក់បានទាំងភៀសខ្លួនចូលមកក្នុងប្រទេសកម្ពុជាទៀតផង។ កាលពីប៉ុន្មានឆ្នាំមុន បញ្ហាពួកម៉ុងដែលបានចេញពីវៀតណាមចូលមកក្នុងទឹកដីខ្មែរ បានទាំងក្លាយជាបញ្ហាអន្តរជាតិទៀតផង នៅពេលដែលមានអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាលអាមេរិកាំងដែលកាលនោះបានយល់ព្រមយកជនជាតិម៉ុងទាំងនេះទៅសហរដ្ឋអាមេរិក។
តាំងពីឆ្នាំ២០០៤មក រដ្ឋាភិបាលទីក្រុងហាណូយ បានបន្ធូរដៃឈប់វាយបង្ក្រាបខ្លាំងក្លាទៅលើពួកម៉ុងនិងជនជាតិភាគតិចដទៃផ្សេងទៀតហើយ ពីព្រោះប្រទេសវៀតណាមដែលត្រូវការអ្នកទេសចរនិងត្រូវការវិនិយោគទុនបរទេស ត្រូវរក្សាស្ថិរភាពនៅតាមខេត្តខ័ណ្ឌនានា។ ទីក្រុងហាណូយថែមទាំងបានដកចេញពីតំណែងកម្មាភិបាលខេត្តខ័ណ្ឌមួយចំនួនដែលបានចូលរួមវាយបង្ក្រាបបាតុកម្មរបស់ពួកជនជាតិភាគតិចទៀតផង។ លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាមក៏បានផ្តើមអនុវត្តនយោបាយលើកតម្កើងវប្បធម៌នៃពួកជនជាតិភាគតិច ដោយបានអនុញ្ញាតឲ្យបង្រៀនភាសាជនជាតិភាគតិចនៅតាមតំបន់ដាច់ស្រយាលទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ