អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ពួក​​ម៉ុង​(Hmong) ជន​​ជាតិ​​ភាគ​​តិច ​ដែល​​វៀតណាម ​និង​​ឡាវ​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត ដោយ​សូម​និយាយ​បកស្រាយ​ពី​បញ្ហា​ជនជាតិភាគតិចម៉ុង(Hmong)​នៅ​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​វិញ​ម្តង។ រហូត​មក​ទល់​សព្វ​ថ្ងៃ រដ្ឋាភិបាល​កុម្មុយនិស្ត​នៅ​វៀងចន្ទន៍​ក៏​ដូច​រដ្ឋាភិបាល​កុម្មុយនិស្ត​នៅ​ហាណូយ​ដែរ​បន្ត​ចាត់​ទុក​ពួក​ម៉ុង​ថា ជា​ពួក​ក្បត់​ជាតិ ពីព្រោះ​ពួក​ជនជាតិ​ភាគ​តិច​មួយ​នេះ​បាន​ចូល​ដៃ​ជាមួយ​កងទ័ព​អាមេរិកាំង​កាល​សម័យ​សង្គ្រាម​នៅ​ឥណ្ឌូចិន​ពី​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧៥។

ពួកHmong នៅប្រទេសឡាវ
ពួកHmong នៅប្រទេសឡាវ @RFI
ផ្សាយពាណិជ្ជកម្ម

ពួកម៉ុង ជា​ជនជាតិភាគតិចនិងជាទ័ព​ព្រៃ​ចាស់​ជាង​គេ​បង្អស់​មួយ​ នៅ​អា​ស៊ី​អាគ្នេយ៍​។ ជនជាតិ​ភាគ​តិច​នេះ​មាន​គ្នា​ប្រមាណ​ប្រាំបី​សែន​នាក់​ ប្រាំ​សែន​នាក់​នៅ​វៀតណាម ​និង​បី​សែន​នាក់​នៅ​ឡាវ​។ រហូត​មក​ទល់​សព្វ​ថ្ងៃ​ របប​កុម្មុយនិស្ត​ឡាវ​ ក៏​ដូច​របប​កុម្មុយនិស្ត​វៀតណាម​ដែរ​ តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួកម៉ុង ពី​ព្រោះ​តែ​មូលហេតុ​ពីរ​យ៉ាង​។ ម៉្យាង ពួក​ម៉ុង​បាន​ចូល​ដៃ​ជាមួយ​កងទ័ព​អាណានិគម​បារាំង​ក្នុង​ទសវត្សរ៍​ទី​៥០​នៅ​ឥណ្ឌូចិន និង​ក្រោយ​មក​ទៀត បាន​ចូល​ដៃ​ជាមួយ​កងទ័ព​អាមេរិកាំង​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ពី​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៥។ ម្យ៉ាង​ទៀត ពួក​ម៉ុង​មួយ​ភាគ​ធំ​ជា​អ្នក​កាន់​សាសនា​ប្រូតេស្តង់​(Protestant) ជា​ហេតុ​បង្កឱ្យ​មាន​ភាព​តានតឹង​ជាមួយ​ប្រជាជន​ឡាវ​និង​ជាមួយ​ប្រជាជន​វៀតណាម​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​។

 
ក្រោយ​ពេល​ដែល​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​បាន​ក្លាយ​ជា​របប​កុម្មុយនិស្ត​នៅ​ឆ្នាំ​១៩៧៥ ពួក​ម៉ុង​ត្រូវ​របប​កុម្មុយនិស្ត​នៅ​វៀងចន្ទន៍​និង​នៅ​ហាណូយ​ចាត់​ទុក​ថា​ជា​ពួក​ក្បត់​ជាតិ។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​ដែល​ពួក​ម៉ុង​ប្រមាណ​បី​សែន​នាក់​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ ក្នុង​នោះ​មួយ​ភាគ​ធំ​បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​។ អ្នក​ដែល​មិន​បាន​ចេញ​ទៅ​ប្រទេស​ទី​បី​ សរុប​ទាំង​អស់​ជិត​មួយ​ម៉ឺន​នាក់​ បន្ត​រស់​យ៉ាង​វេទនា​នៅ​ប្រទេស​ថៃ​ នៅ​តាម​ជំរំ​មួយ​ចំនួន ដូច​យ៉ាង​នៅ​ជំរំ​Huai Nam Khao ជា​ដើម​។ ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​២០០៩​មក អាជ្ញាធរ​ថៃ​ដែល​មាន​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាមួយ​ទីក្រុង​វៀងចន្ទន៍ បាន​ផ្តើម​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុង​ទៅ​កាន់​ប្រទេស​ឡាវ​វិញ។ រី​ឯ​អ្នក​ដែល​មិន​បាន​ភៀស​ខ្លួន​ចេញ​ទៅ​ថៃ​វិញ​ ត្រូវ​បាន​រុញ​ច្រាន​ទៅ​ក្នុង​ព្រៃ​ ម្តុំ​តំបន់​ខ្ពង់រាប​ ចន្លោះ​ព្រំ​ដែនថៃ​ ឡាវ ​និង​វៀតណាម។

តាំង​ពី​ឆ្នាំ​២០០២​មក​ បទ​យក​ការណ៍​សម្រាប់​ទូរទស្សន៍​និង​សម្រាប់​កាសែត​របស់​អ្នក​សារពត៌មាន​បស្ចិម​លោក​មួយ​ចំនួន​បាន​បង្ហាញ​នូវ​ទុក្ខ​វេទនា​ និង​ជីវិត​រសាត់​ដូច​ចក​នៅ​លើ​ទឹក​របស់​ពួកម៉ុង​ ក្នុង​ព្រៃភ្នំ​នៃ​ប្រទេស​ឡាវ​។

នៅ​ក្នុង​ព្រៃ​ភ្នំ ពួក​ម៉ុង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​សកម្មភាព​ទ័ពព្រៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀងចន្ទន៍​ដែល​បន្ត​ចាត់​ទុក​ពួក​គេ​ថា ​ជា​ពួក​ក្បត់​ជាតិ​។ នៅ​ឆ្នាំ​២០០៣​ ទ័ពព្រៃ​ម៉ុងបាន​បង្ក​ភេរវកម្មទៅលើ​រថយន្ត​ក្រុង​ជា​ច្រើន​គ្រឿង​ និង​ក្រោយ​មក​ទៀត​ នៅ​ខែ​មេសា​និង​នៅ​ខែ​ឧសភាឆ្នាំ​២០០៤​ ពួក​គេ​បាន​ទាំង​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​បន្ត​បន្ទាប់​គ្នា​ទៀត​ផង នៅ​ចំ​កណ្តាល​រដ្ឋធានី​នៃ​ប្រទេស​ឡាវ​តែ​ម្តង។

នៅ​វៀតណាម​ឯ​ណោះ​វិញ​ ពួក​ជនជាតិ​ភាគ​តិច​ម៉ុង ក៏​ឋិត​នៅ​ក្រោម​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​ដូច​គ្នា​ដែរ។ ខុស​ពី​ពួកម៉ុង​នៅ​ឡាវ​ ពួក​ម៉ុង​នៅវៀតណាម​មិន​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ​ទេ​ ក៏​ប៉ុន្តែ​ដូច​ជន​ជាតិ​ភាគ​តិច​ដទៃ​ដែល​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែរ​ ពួកម៉ុង​ត្រូវ​ទីក្រុង​ហាណូយធ្វើ​ទុក្ខ​បុកម្នេញ។ តាំង​ពី​រដ្ឋា​ភិបាល​បាន​សម្រេច​ធ្វើ​សេរីកម្ម​សេដ្ឋកិច្ច​មក ជន​ជាតិវៀត(​Viêt) និងពួកគីន(​Kinh)ដែល​តំណាង​៩០%​នៃ​ចំនួន​ប្រជាជន​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ​ បាន​នាំ​គ្នា​ទៅ​តាំង​លំនៅ​ដ្ឋាន​នៅ​តាម​តំបន់​ខ្ពង់រាប ​ នៅ​លើ​ទឹកដី​របស់​ជន​ជាតិ​ភាគ​តិច​ ដោយ​មាន​ការ​ជម្រុញ​ឲ្យ​ធ្វើ​បែប​នេះ​ពី​សំណាក់​អាជ្ញាធរ។

នៅ​ក្នុង​បរិបទ​បែប​នេះ​ តាំង​ពី​ឆ្នាំ​២០០១​មក​ ពួក​ម៉ុងក៏​ដូច​ពួក​ជនជាតិ​ភាគ​តិច​ផ្សេង​ទៀត​ដែរ​ តែងតែ​ធ្វើ​បាតុកម្ម​សម្តែង​កំហឹង​ក្រេវក្រោធ​របស់​ពួក​គេ​ បាតុកម្ម​ដែល​តែងតែ​ត្រូវ​បាន​អាជ្ញាធរ​វាយ​បង្រ្កាប​។ ដើម្បី​គេច​ផុត​ពី​ការ​វាយ​បង្ក្រាប​របស់​រដ្ឋាភិបាល​ ពួក​ម៉ុង​ជា​ច្រើន​រយ​នាក់​បាន​ទាំង​ភៀស​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ បញ្ហា​ពួកម៉ុង​ដែល​បាន​ចេញ​ពី​វៀតណាម​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែ​រ បាន​ទាំង​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ទៀត​ផង​ នៅ​ពេល​ដែល​មាន​អន្តរាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិកាំង​ដែល​កាល​នោះ​បាន​យល់​ព្រម​យក​ជនជាតិ​ម៉ុង​ទាំង​នេះ​ទៅ​សហរដ្ឋ​អាមេរិក។
 

តាំង​ពី​ឆ្នាំ​២០០៤​មក​ រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​បន្ធូរ​ដៃ​ឈប់​វាយ​បង្ក្រាប​ខ្លាំងក្លា​ទៅ​លើ​ពួក​ម៉ុង​និង​ជនជាតិ​ភាគ​តិច​ដទៃ​ផ្សេង​ទៀត​ហើយ​ ពីព្រោះ​ប្រទេសវៀតណាមដែល​ត្រូវ​ការ​អ្នក​ទេសចរនិងត្រូវ​ការ​វិនិយោគទុន​បរទេស​ ត្រូវ​រក្សា​ស្ថិរភាព​នៅ​តាម​ខេត្តខ័ណ្ឌ​នានា។ ទី​ក្រុង​ហាណូយថែម​ទាំង​បាន​ដក​ចេញ​ពី​តំណែង​កម្មាភិបាល​ខេត្តខ័ណ្ឌ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​វាយ​បង្ក្រាប​បាតុកម្ម​របស់​ពួក​ជនជាតិ​ភាគតិច​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាលវៀតណាម​ក៏​បាន​ផ្តើម​អនុវត្ត​នយោបាយ​លើក​តម្កើង​វប្បធម៌​នៃ​ពួក​ជនជាតិ​ភាគ​តិច​ ដោយ​បាន​អនុញ្ញាត​ឲ្យ​បង្រៀន​ភាសា​ជនជាតិ​ភាគ​តិច​នៅ​តាម​តំបន់​ដាច់​ស្រយ៉ាល​ទៀតផង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ